នាងម៉ាថារស់នៅភូមិបេថានីជាមួយនាងម៉ារី និងលោកឡាសា។ ព្រះយេស៊ូស្រឡាញ់រាប់អានអ្នកទាំងបីនោះ។ ពេលព្រះអង្គយាងទៅផ្ទះ នាងម៉ាថាយកចិត្តទុកដាក់ទទួលព្រះយេស៊ូ ដោយយល់ថា ព្រះអង្គជាព្រះគ្រីស្ត។ តែព្រះយេស៊ូបង្រៀនឱ្យនាងដឹងថា សាវ័ករបស់ព្រះអង្គមិនត្រឹមតែបម្រើអ្នកដ៏ទៃដោយចិត្តស្រឡាញ់ប៉ុណ្ណោះទេ គឺត្រូវស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងនឹកសញ្ជឹងគិតដូចនាងម៉ារីជាប្អូន ដើម្បីឱ្យស្គាល់ព្រះហឫទ័យមេត្តាករុណាដ៏ទូលំទូលាយរបស់ព្រះអង្គ។ ប្រសិនបើសាវ័កធ្លាប់អធិដ្ឋាន ទាំងនឹកសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការដែលខ្លួនប្រព្រឹត្តនោះរឹតតែប្រសើរឡើង។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១៣,១-១១
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ចូរទៅទិញក្រណាត់ដ៏ល្អយកមកក្រវាត់ចង្កេះ តែកុំបោកទឹកឡើយ»។ ខ្ញុំក៏ទៅទិញក្រណាត់យកមកក្រវាត់ចង្កេះតាមបញ្ជារបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំសាជាថ្មីថា៖«ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅស្ទឹងអឺប្រាត់ លាក់ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ»។ ខ្ញុំក៏ចេញដំណើរទៅ ហើយលាក់ក្រណាត់នៅជិតស្ទឹងអឺប្រាត់ តាមបញ្ជារបស់ព្រះអម្ចាស់។ យូរថ្ងៃកន្លងមកទៀត ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ចូរក្រោកឡើងទៅស្ទឹងអឺប្រាត់ យកក្រណាត់ដែលយើងបានបង្គាប់ឱ្យអ្នកលាក់នោះមកវិញ!»។ ខ្ញុំក៏ទៅស្ទឹងអឺប្រាត់ កាយយកក្រណាត់ដែលខ្ញុំបានលាក់ទុកមកវិញ តែក្រណាត់នោះពុកអស់ ប្រើការលែងកើតទៀត។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖«យើងនឹងធ្វើឱ្យចិត្តអួតអាងរបស់ប្រជាជនយូដា និងចិត្តក្រអឺតក្រទមរបស់អ្នកក្រុងយេរូសាឡឹមបានដូចក្រណាត់ដែលពុកនោះដែរ។ ប្រជាជននេះអាក្រក់ណាស់ ពួកគេមិនព្រមស្តាប់ពាក្យយើងទេ គឺគេធ្វើតាមចិត្តចចេសរឹងរូសរបស់ខ្លួន ដោយរត់តាមព្រះដទៃ ហើយនាំគ្នាគោរព និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ សូមឱ្យពួកគេបានដូចក្រណាត់នេះដែលយកទៅប្រើការលែងកើត!។ មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឱ្យពួកគេធ្វើជាប្រជាជនរបស់យើងជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្តាប់យើងសោះ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទំនុកតម្កើងធម្មវិន័យទី ២,៣២,៦.១៩-២១ បទពាក្យ ៧
៦ | ជនលេលាឥតប្រាជ្ញាអើយ | ម្តេចធ្វើរំភើយមិនគិតសង | |
គុណព្រះអង្គថ្លៃពេកកន្លង | តោងគិតផ្គូផ្គងនឹកគយគន់ | ។ | |
ព្រះអង្គនេះហើយជាឪពុក | បង្កើតអ្នកមកឱ្យរស់រាន | ||
ព្រមទាំងរំដោះលែងឱ្យទន់ | ជាប្រជាជនថ្លៃគ្រប់ប្រាណ | ។ | |
១៩ | ព្រះអម្ចាស់ទតឃើញដូច្នេះ | ទ្រង់ព្រះតម្រិះខំទប់អត់ | |
ទ្រាំមិនបានខ្ញាល់ឡើងញ័រមាត់ | ដេញកម្ចាយអស់ឥតមានសល់ | ។ | |
២០ | ព្រះអង្គមានព្រះបន្ទូលថា | យើងលែងការពារទាំងលែងខ្វល់ | |
យើងចាំមើលគេនឹងរចល់ | កើតទុកអំពល់ឬយ៉ាងណា | ។ | |
ពួកនេះមានចិត្តមិនស្មោះត្រង់ | វៀចវេរខ្វេរខ្វង់ឥតឧបមា | ||
ទុកចិត្តមិនបានគ្មានខ្លឹមសារ | កូនឥតបានការសែនចង្រៃ | ។ | |
២១ | គេមើលងាយយើងទៅគោរព | បម្រើសព្វគ្រប់ព្រះក្លែងក្លាយ | |
ឆ្លាក់រូបធ្វើព្រះមកកៀកកាយ | ទុកបង្គំថ្វាយលុតឱនក្រាប | ។ | |
ដូច្នេះយើងនឹងមើលងាយគេ | ឥតមានរារេវាយស្រប៉ាប | ||
ឱ្យគេដួលដេករេលរាក់រាប | ដោយប្រើពួកទាបទៅវាយជួស | ។ | |
ប្រើអ្នកល្ងង់ខ្លៅវាយកម្ទេច | ចាប់វាយចាប់ញេចស្លាប់របួស | ||
ដាក់ទោសឱ្យធ្ងន់ឥតស្រណោះ | ធ្វើបាបទាំងអស់ឥតប្រណី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាទទួលព្រះអម្ចាស់ និងប្រកាសថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសុភមង្គលហើយ!
ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,៣៨-៤២
ព្រះយេស៊ូធ្វើដំណើរជាមួយពួកសាវ័ក។ ព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថា ទទូលព្រះអង្គឱ្យស្នាក់នៅក្នុងផ្ទះនាង។ នាងមានប្អូនស្រីម្នាក់ ឈ្មោះម៉ារីអង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់ ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើនដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ “បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឱ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់នាងមកជួយខ្ញុំម្ចាស់ផង” ព្រះអង្គម្ចាស់មានព្រះបន្ទូលទៅនាងថា៖«ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់! ប៉ុន្តែ មានកិច្ចការតែមួយគត់ដែលចាំបាច់ ម៉ារីបានជ្រើសរើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។
ឬសូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១១,១៩-២៧
មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។ កាលនាងម៉ាថាដឹងថា ព្រះយេស៊ូយាងមក ដល់ នាងក៏ចេញទៅទទួលព្រះអង្គ រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្ទះ។ នាងម៉ាថាទូលព្រះយេស៊ូថា៖ “លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។ ប៉ុន្តែ ឥឡូវនេះ នាងខ្ញុំដឹងថា បើលោកសុំអ្វីពីព្រះជាម្ចាស់ក៏ដោយ ព្រះអង្គមុខជាប្រទានឱ្យមិនខាន”។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ប្អូននាងនឹងរស់ឡើងវិញ»។ នាងទូលទៅព្រះអង្គវិញថា៖ “នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ”។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់នាងវិញថា៖ «ខ្ញុំហ្នឹងហើយដែលប្រោសមនុស្សរស់ឡើងវិញ ខ្ញុំនឹងផ្តល់ឱ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយក៏នឹងរស់ជាមិនខាន។ រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់នោះឡើយ តើនាងជឿសេចក្តីនេះឬទេ?»។ នាងម៉ារីទូលព្រះអង្គថា៖ “បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គ ដែលត្រូវយាងមកក្នុងពិភពលោកនេះមែន!”។