គ្រូពេទ្យកាតូលិកកូរ៉េពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង

កាលពីថ្ងៃទី​២​ ខែ​កក្កដានេះ ព្រះសហមន៍កាតូលិកព្រៃវែង​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ និងនិស្សិតស្ម័គ្រចិត្ត​មកពីសាកលវិទ្យាល័យកាតូលិកប៊ូសាន​នៃសាធារណរដ្ឋកូរ៉េខាង​ត្បូង​ បាន​ររៀបចំ​កម្មវិធី​​ពិនិត្យ​ជំងឺ​ជូន​​ដល់​ប្រជាពល​ក្នុង​ទីរួម​ខេត្ត​ព្រៃវែង នៅមណ្ឌលសុខភាពសង្កាត់តាកោ។

 

ពិធីបើកសកម្មភាពនេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់លោក សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម លោកស្រី ហ៊ន់ សុធារី អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​​ជាច្រើន​ចូលរួម​។

 

ក្នុងពេលបើកកម្មវិធី លោកអភិបាល សិលា សួន ហង្សលី បានថ្លែងទៅកាន់​អង្គពិធីថា ទោះបីសង្គមជឿនលឿនយ៉ាងណា ក៏ពិភពលោកនេះនៅតែមានការលំបាកជាច្រើន ហើយ​​ការលំបាកទាំងនោះ អាចបណ្តាលមកពីសុខភាពមិនល្អ បញ្ហាជីវភាពក្រីក្រ និងកត្តាជាច្រើនទៀត​ដែលកើតមាននៅក្នុងជីវិតប្រចាំថ្ងៃ។

 

លោក​សង្ឃឹម​ថា «សកម្មភាពទាំងឡាយដែលយើងធ្វើពិធីបើកនៅថ្ងៃនេះ នឹងមានដំណើរការល្អ និងទទួលបាននូវលទ្ធផលដ៏ជាទីគាប់ចិត្ត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋយើង»។

 

លោកបន្តទៀតថា​ កម្មវិធីនេះអាចដំណើរការ​ទៅបាន​ដោយសារ​មាន​​កិច្ចសហ​ប្រតិបត្តិការពីអាជ្ញាធរ​តាំងពីថ្នាក់ខេត្ត រហូតដល់ភូមិ។ លោកអភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ការ​គាំទ្រនិង​ហសហការ​នេះ ដើម្បី​ឲ្យ​កម្មវិធីកើតមានឡើង។

 

កម្មវិធី​ពិនិត្យ​សុខភាពនេះ ធ្វើឡើងពី​​ថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកក្កដា ដែលមានគ្រូពេទ្យជំនាញមាន ៤នាក់

លោកគ្រូ អ្នកគ្រូខាងសាលាប៊ូសាន​ចំនួន​១៦នាក់ និស្សិតស្ម័គ្រចិត្ត​ចំនួន​​៤០នាក់ ដែល​​ដឹកនាំដោយ លោក ឈែ សុងមីន នាយកកិច្ចកានិស្សិតនៃសាកលវិទ្យាល័យប៊ូសាន​។

 

ក្នុងឱកាសនោះដែរ លោកស្រី ហ៊ន់ សុធារី អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង បាន​ស្វាគមន៍និង​បាន​ថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យកាតូលិកប៊ូសាន ដែលបានរៀបចំឲ្យមានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតអាច​​ពិនិត្យ​និងព្យាបាលជំងឺ និងទទួលបាននូវសុខភាពល្អប្រសើរ ដើម្បីប្រកបមុខរបរប្រចាំថ្ងៃ បង្កើនជីវភាពគ្រួសារ។

 

តាម​ការ​គ្រោងទុក ក្នុង​រយៈពេល​៣​ថ្ងៃនេះ ក្រុម​គ្រូពេទ្យ​នឹង​ពិនិត្យ​ជូន​ប្រជាពលរដ្ឋ​ក្នុងក្រុងព្រៃវែង​នៅមណ្ឌលសុខភាពសង្កាត់តាកោ​ប្រមាណជាង​៤០០នាក់។  ហើយ​ក្រុម​និស្សិត​ក៏​មាន​សកម្មភាព​មួយ​ចំនួន​ទៀត​ នៅតាម​សាលា​រៀន​នៅក្នុង​ខេត្ត​ព្រៃវែង​ ដូចជា៖ ការលាបថ្នាំបណ្ណាល័យ និងដឹកនាំកុមារលេងល្បែងកំសាន្ត ព្រមទាំងជូនកាដូដល់កុមារ ជាពិសេសការអប់រំអំពីសុខភាពស្ត្រីដល់សិស្សនារីៗ៕

ដោយ​ម៉េង​ភីឡុង

Facebook
Twitter
LinkedIn