ឬសន្ដីអេលីសាបិត នៅព័រទុយហ្គាល
ព្រះអង្គម្ចាស់ស្រីអេលីសាបិត (១២៧១-១៣៣៦) រៀបអភិសេកនឹងព្រះបាទឌឺនីស ជាស្តេចព័រទុយហ្គាល។ ព្រះនាងខិតខំសម្រុះសម្រួលព្រះរាជវង្សានុវង្សដែលបែកបាក់គ្នា។ ព្រះនាងក៏យកព្រះហឫទ័យទុកដាក់យ៉ាងខ្លាំងក្នុងការជួយជនក្រីក្រ។ កាលនៅមេម៉ាយព្រះនាងចូលបួស។
សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស អម ៧,១០-១៧
ពេលនោះ លោកអម៉ាស៊ីយ៉ា ជាបូជាចារ្យនៅបេតអែល ចាត់គេឱ្យទៅទូលព្រះបាទយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រាអែលថា៖ «លោកអម៉ូសកំពុងញុះញង់ប្រជាជនអ៊ីស្រាអែល ឱ្យបះបោរប្រឆាំងនឹងព្រះករុណា។ ស្រុកយើងមិនអាចទ្រាំទ្រនឹងពាក្យឃោសនារបស់គាត់តទៅមុខទៀតបានឡើយ ដ្បិតគាត់ពោលថា ព្រះបាទយេរ៉ូប៉ោមនឹងត្រូវសុគតដោយមុខដាវ ហើយជនជាតិអ៊ីស្រាអែលទាំងមូលនឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីទឹកដីរបស់ខ្លួន»។ លោកអម៉ាស៊ីយ៉ាពោលមកកាន់ព្យាការីអម៉ូសថា៖ «នែ៎! អ្នកទាយឆុតអើយ! ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន! កុំទាយនៅបេតអែលនេះទៀតឱ្យសោះ ដ្បិតទីនេះ ជាទីសក្ការៈ និងជាវិហាររបស់ហ្លួង»។ ព្យាការីអម៉ូសឆ្លើយថា៖ «កាលពីដើម ខ្ញុំពុំមែនជាព្យាការីឬជាសមាជិកនៃក្រុមព្យាការីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចម្ការ។ ប៉ុន្តែ ព្រះអម្ចាស់យកខ្ញុំពីក្រោយហ្វូងគោ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “ទៅ! ចូរទៅថ្លែងពាក្យក្នុងនាមយើងប្រាប់អ៊ីស្រាអែល ជាប្រជាជនរបស់យើង”។ ចំណែកឯលោកវិញ ដោយលោកហាមខ្ញុំមិនឱ្យថ្លែងព្រះបន្ទូលប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ជាពូជពង្សលោកអ៊ីសាក សូមលោកស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ៖ ព្រះអង្គមានព្រះបន្ទូលថា ប្រពន្ធលោកនឹងធ្វើជាស្ត្រីពេស្យានៅកណ្តាលទីក្រុង ហើយកូនប្រុស កូនស្រីរបស់លោក នឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់លោកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនលោកផ្ទាល់ នឹងត្រូវស្លាប់នៅលើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រាអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។
ទំនុកតម្កើងលេខ ១៩ (១៨),៨-១១ បទកាកគតិ
៨ | ព្រះធម្មវិន័យ | ល្អល្អះឥតបី | ប្រសើរថ្កើងថ្កាន |
ផ្តល់កម្លាំងចិត្ត | ឥតមានស្រាកស្រាន្ត | មនុស្សល្ងង់ប្រែប្រាណ | |
ជាមានប្រាជ្ញា | ។ | ||
៩ | បញ្ជារបស់ | ព្រះម្ចាស់ទាំងអស់ | ត្រឹមត្រូវសត្យា |
ឱ្យចិត្តអំណរ | សប្បាយក្រៃណា | បំភ្លឺចិន្តា | |
ថ្លៃថ្លាត្រចង់ | ។ | ||
១០ | ការគោរពកោត | ព្រះអម្ចាស់សោត | វិសេសយល់យង់ |
ស្ថិតស្ថេរចីរកាល | តទៅគង់វង់ | ការវិនិច្ឆ័យទ្រង់ | |
ក៏សុទ្ធត្រឹមត្រូវ | |||
១១ | គួរឱ្យប្រាថ្នា | ចង់បានណាស់ណា | ជាងមាសឆ្អិនឆ្អៅ |
ផ្អែមជាងទឹកឃ្មុំ | ខែចេត្រពេកកូវ | ដែលហូរចេញទៅ | |
ចាកពីបង្គង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៧ ១.៣
អាលេលូយ៉ា! អាលេលូយ៉ា!
គួរឱ្យយើងនាំគ្នាធ្វើបុណ្យលើកតម្កើងព្រះជាម្ចាស់! ការសរសើរលើកតម្កើងព្រះអង្គ ពិតជាការដ៏ល្អប្រពៃ! ព្រះអង្គមើលថែទាំមនុស្សមានចិត្តសោកសង្រេង ទ្រង់ព្យាបាលមុខរបួសរបស់គេ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,១-៨
នៅគ្រានោះ ព្រះយេស៊ូយាងចុះទូកឆ្លងសមុទ្រទៅក្រុងកាផានុម ជាក្រុងរបស់ព្រះអង្គវិញ។ ពេលនោះមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «កូនអើយ! ចូរក្លាហានឡើង ព្រះជាម្ចាស់អត់ទោសឱ្យអ្នកបានរួចពីបាបហើយ!»។ ពួកធម្មចារ្យខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្តថា៖ «អ្នកនេះប្រមាថព្រះជាម្ចាស់!» ។ ព្រះយេស៊ូឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ? បើខ្ញុំនិយាយថា “ព្រះជាម្ចាស់អត់ទោសឱ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងថា នៅក្នុងលោកនេះបុត្រមនុស្សមានអំណាចនឹងអត់ទោស ឱ្យមនុស្សបានរួចពីបាប»។ ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកខ្វិនថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។ អ្នកខ្វិនក៏ក្រោកឡើង ហើយដើរត្រឡប់ទៅផ្ទះវិញ។ កាលមហាជនឃើញដូច្នេះ គេកោតខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។