អត្ថបទព្រះគម្ពីរ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤

លោកហ្វេរណង កើតនៅស្បូន (ប្រទេសព័រទូហ្គាល)។ លោកជាបូជាចារ្យក្រុមគ្រួសារបព្វជិតសន្ត ហ្វ្រង់សីស្កូ ហើយទទួលឈ្មោះថា “អន់ទន”។ លោកមានសំនួនវោហារ ស្គាល់គម្ពីរយ៉ាងស្ទាត់ជំនាញ ហើយដើរប្រៀនប្រដៅអ្នកស្រុក។ លោកទទួលមរណភាពនៅក្រុងប៉ាដូវ៉ា (ប្រទេសអ៊ីតាលី) នៅឆ្នាំ១២៣៤ ក្នុងជន្មាយុសាមសិបប្រាំមួយឆ្នាំ។ គ្រីស្តបរិស័ទតែងដំណាលរឿងដ៏អស្ចារ្យជាច្រើនអំពីលោក តាមរបៀបប្រជាប្រិយ។

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ១៨,៤១-៤៦

នៅជើងភ្នំការមែល ព្យាការីអេលីទូលព្រះបាទអខាប់ថា៖ «សូមព្រះករុណាយាងសោយព្រះស្ងោយ ដ្បិតទូលបង្គំមកដល់ហើយ!»។ ព្រះបាទអខាប់ក៏យាងទៅសោយព្រះស្ងោយ។ រីឯព្យាការីអេលីវិញ លោកឡើងទៅលើកំពូលភ្នំការមែល ហើយថ្វាយបង្គំព្រះអម្ចាស់ ដោយ​ឱនក្បាលនៅចន្លោះជង្គង់ទាំងពីរ។ លោកប្រាប់អ្នកបម្រើរបស់លោកថា៖ «ចូរឡើងទៅ ហើយសម្លឹងឆ្ពោះទៅសមុទ្រ!»។ អ្នកបម្រើនោះ ក៏ឡើងទៅ ហើយសំឡឹងមើល រួចឆ្លើយថា៖ «ខ្ញុំប្របាទមិនឃើញអ្វីទេ!»។ ព្យាការីអេលីប្រាប់អ្នកបម្រើឱ្យឡើងទៅមើលដូច្នេះ ចំនួនប្រាំពីរដង។ នៅលើកទីប្រាំពីរ អ្នកបម្រើជម្រាប​ព្យាការីអេលីថា៖ «ខ្ញុំប្របាទឃើញមានពពកមួយដុំតូចប៉ុនបាតដៃ ឡើងពីសមុទ្រ​មក»។ ព្យាការីអេលីមានប្រសាសន៍ថា៖ «ចូរទៅទូលព្រះបាទអខាប់ឱ្យទឹមរាជរថ ហើយយាង​ចុះពីភ្នំទៅ កុំឱ្យភ្លៀងធ្លាក់ទាន់»។ ពេលនោះ មាន​ពពកកាន់តែក្រាស់ឡើងៗ ហើយខ្យល់​បក់មករួចភ្លៀងក៏បង្អុរមកយ៉ាងខ្លាំងដែរ។ ព្រះបាទអខាប់យាងឡើង​រាជរថចូល​ទៅ​ក្រុងយីសរេ​អែល។ ព្យាការីអេលីពោរពេញដោយឫទ្ធិបារមីរបស់ព្រះ​អម្ចាស់ ហើយ​គាត់ក៏រត់ពីមុខរាជរថព្រះបាទអខាប់ រហូតដល់មាត់ទ្វារក្រុង​យីសរេអែល។

ទំនុកតម្កើងលេខ ៦៥ (៦៤),១០-១៣ បទពាក្យ ៧

១០ ព្រះអង្គថែទាំមើលរក្សា បោចស្មៅបន្លារែកទឹកស្រោច
ផែនដីជោកសព្វមិនឱ្យខ្លោច រួចបានបង្កើតផលបរិបូរណ៍ ។
អស់ទាំងទន្លេព្រែកបឹងស្ទឹង ព្រៀបពេញទំហឹងពេញហៀរហូរ
ពេញទាំងបឹងបួទាំងដងអូរ ព្រះអង្គចាប់ផ្គូរដូចតទៅ ។
១១ ព្រះអង្គស្រោចស្រពស្រែចម្ការ ទាំងដីផងណារាបគ្មានស្មៅ
មានភ្លៀងធ្លាក់មកទឹកដក់នៅ តាមវាលស្រែស្រូវពូជធាដុះ ។
១២ ដល់ពេលច្រូតកាត់ព្រះអង្គបាន ផ្តល់ស្រូវជាទានដ៏សប្បុរស
ដែលជាអំណោយដ៏ខ្ពង់ខ្ពស់ សម្បូរទាំងអស់ឥតមានខ្វះ ។
១៣ រីឯនៅវាលរហោស្ថាន មានស្មៅដុះច្រើនពោរពេញពាស
ភ្នំតូចភ្នំធំភ្នំទាំងអស់ ញញឹមស្រស់បស់ដោយអំណរ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានទុកវិន័យនេះឱ្យយើង គឺអ្នកស្រឡាញ់ព្រះជាម្ចាស់ ក៏ត្រូវស្រឡាញ់បងប្អូនដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,២០-២៦

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេច​ក្តី​សុចរិតរបស់អ្នករាល់គ្នា មិន​ប្រសើរជាងសេចក្តីសុចរិតបស់ពួកធម្មចារ្យ និងពួកខាងគណៈផារីស៊ីទេ អ្នករាល់គ្នា​ពុំអាចចូលទៅក្នុងព្រះ​រាជ្យនៃស្ថានបរមសុខបានឡើយ។
អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំសម្លាប់មនុស្ស អ្នកណា​សម្លាប់គេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោស”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្តន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោស ធ្លាក់ក្នុងភ្លើងនរកអវចី។ ដូច្នេះ កាលណាអ្នកយក​តង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនម្នាក់មានទំនាស់​នឹងអ្នក ចូរទុកតង្វាយរបស់អ្នកនៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។ កាលណាអ្នកធ្វើ​​ដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោកគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវ​ជាប់គុក។ ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់​ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។

Facebook
Twitter
LinkedIn