អត្ថបទព្រះគម្ពីរ ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

bible blur christ christianity

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គលើកតម្កើងព្រះយេស៊ូ​ឱ្យមានសិរីរុង​រឿង​រួមជា​មួយព្រះអង្គ។ ព្រះអង្គក៏ចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកបំភ្លឺចិត្តគំនិតយើងខ្ញុំ។ សូមទ្រង់ព្រះ​មេត្តា​ប្រែ​ចិត្ត​គំនិតយើងខ្ញុំ សូមឱ្យយើងខ្ញុំស្ម័គ្រចិត្តបម្រើព្រះអង្គជានិច្ចផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២៥,១៣-២១

ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីសយាងមកដល់ក្រុងសេសារេ ដើម្បីសួរសុខទុក្ខ​លោក​ភេស្ទុស។ ដោយស្តេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសទូលស្តេចអំពីរឿងលោកប៉ូល​ថា៖ «លោកភេលិច​ទុកបុរស​ម្នាក់​នៅ​ក្នុ​ងទីឃុំឃាំង។ កាលទូលបង្គំទៅក្រុងយេរូសា​ឡឹម ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យនៃសាសន៍យូដានាំគ្នាប្តឹងពីគាត់ ទាំងសុំឱ្យទូលបង្គំកាត់ទោសគាត់។ ទូលបង្គំប្រាប់លោកទាំងនោះវិញថា ជនជាតិរ៉ូមុំាងពុំធ្លាប់​បញ្ជូន​នរណា​​ម្នាក់ឱ្យទៅគេសម្លាប់ដោយមិនបានឱ្យនិយាយតទល់ជាមួយអ្នកដើម​ចោទ ព្រមទាំង​ឆ្លើយ​ការពារ​ខ្លួនចំពោះ​ពាក្យ​ចោទជាមុនសិននោះឡើយ។ លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ទូលបង្គំទៅអង្គុយនៅទីកាត់ក្តី និងឱ្យគេនាំបុរស​នោះ​មក​​​ឥតបង្អង់ឡើយ។ ពួកដើមចោទក៏នៅទីកាត់ក្តីដែរ តែគេពុំបានចោទគាត់ពីអំពើ​អាក្រក់​ណាមួយ​ដូចទូល​បង្គំនឹក​ស្មាន​នោះទេ គឺមានតែជជែកវែកញែកអំពីរឿងសាសនារបស់គេ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូដែលស្លាប់ ហើយ​ដែល​លោកប៉ូលថា​ នៅមានជីវិតនោះតែប៉ុណ្ណោះ។ ចំណែកឯទូលបង្គំវិញ ទូលបង្គំមិន​ដឹងជាត្រូវ​គិតដូច​ម្តេច​ចំពោះ​ការជជែកវែកញែកបែបនេះ។ ទូលបង្គំសួរគាត់ថា ចង់ទៅក្រុងយេរូសាឡឹមឱ្យគេកាត់ក្តីអំពីរឿងទាំងនេះឬទេ? តែលោកប៉ូលសុំឡើងទៅព្រះមហាក្សត្រាធិរាជ ដើម្បីសុំឱ្យព្រះអង្គកាត់ក្តី។ ទូលបង្គំចេញបញ្ជាឱ្យគេឃុំគាត់ ទុក​រហូត​ដល់ពេលទូលបង្គំនឹងបញ្ជូនគាត់ទៅព្រះចៅអធិរាជ»។

ទំនុកតម្កើងលេខ ១០៣ (១០២),១-២.១១-១២.១៩-២០ បទកាកគតិ

ខ្ញុំសូមសរសើរ ព្រះគ្មានអ្វីស្មើ អស់ពីដួងចិត្ត
ខ្ញុំសូមតម្កើង នាមដ៏វិសុទ្ធ ព្រះដ៏មានឫទ្ធិ
ផុតលើលោកា
ខ្ញុំសូមតម្កើង សរសើរលើកឡើង អស់ពីចិន្តា
ខ្ញុំសូមរំឭក ព្រះហស្តអស្ចារ្យ សប្បុរសករុណា
មិនបំភ្លេចឡើយ
១១ មេឃនៅខ្ពស់ឆ្ងាយ សន្លឹមអន្លាយ ពីភពផែនដី
ព្រះទ័យព្រះម្ចាស់ ដែលធ្លាប់ប្រណី ក៏នៅខ្ពស់ឆ្ងាយ
យ៉ាងដូច្នោះដែរ
១២ ទិសកើតទិសលិច ឆ្ងាយគ្នាមិនតិច ឥតមានកែប្រែ
ព្រះអង្គធ្វើឱ្យ អំពើបាបបែរ ឆ្ងាយមិនជិតទេ
ពីយើងយ៉ាងនោះ
១៩ ព្រះអង្គបានតាំង ព្រះរាជបល្ល័ង្ក នៅទីស្ថានខ្ពស់
គឺបរមសុខ ឥតបីមានមោះ គ្រងរាជ្យទាំងអស់
មិនចន្លោះអ្វី
២០ ទេវទូតដ៏ខ្លាំង របស់ព្រះអង្គ ពូកែពេកក្រៃ
លោកតែងអនុវត្ត តាមបន្ទូលថ្លៃ ចូរកុំសង្ស័យ
តម្កើងព្រះម្ចាស់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូពិតជាគង្វាលដ៏ប្រសើរ! ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ ចៀមក៏ស្គាល់​ព្រះអង្គ​ដែរ។ ព្រះអង្គស៊ូប្តូរព្រះជន្មដើម្បីចៀមរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២១,១៥-១៩

ក្រោយពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះអង្គប្រទានអាហារឱ្យក្រុមសាវ័កនៅមាត់​សមុទ្រ​ទីបេ​រីយ៉ា​ដ​។ លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោក​ស៊ីម៉ូន​សិលាថា៖ «​ស៊ីម៉ូនកូន​លោក​យ៉ូហាន​អើយ! តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។ ព្រះអង្គ​មា​ន​ព្រះបន្ទូលសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូនកូនលោក​យ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកសិលា​ទូល​ថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើក​ទីបី​ថា៖ «ស៊ីម៉ូន​កូនលោក​យ៉ូ​ហាន​អើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកសិលាព្រួយចិត្ត ព្រោះព្រះអង្គសួរគាត់​ដល់ទៅ​បីលើក​ថា ​”អ្នក​ស្រឡា​ញ់​ខ្ញុំឬទេ” ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់! ព្រះ​អង្គ​ជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមាន​ព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សា​ហ្វូងចៀម​របស់​ខ្ញុំផង។ ខ្ញុំសុំប្រាប់អ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះឱ្យអ្នក ទាំងនាំអ្នកទៅកន្លែង​ដែល​អ្នក​មិនចង់ទៅថែមទៀតផង»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ បង្ហាញអំពីរបៀបដែលលោកសិលាស្លាប់ ដើម្បី​សម្តែង​សិរីរុងរឿងរបស់ព្រះជាម្ចាស់។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ!»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូលើកលែងទោសឱ្យលោកសិលាដែលក្បត់ព្រះអង្គ ព្រមទាំងផ្ញើ​មុខ​ងារ​ឱ្យលោកណែនាំព្រះសហគមន៍ផង។ ក្នុងអភិបូជានេះ សូមទ្រង់ព្រះមេត្តា​ប្រទាន​ព្រះវិញ្ញាណ​ព្រះអង្គ​ឱ្យយើង​ខ្ញុំ​។ ​សូមឱ្យយើងខ្ញុំអាចស្រឡាញ់ ព្រះអង្គដោយស្មោះអំពីចិត្តផង។

បពិត្រព្រះបិតាជាទីស្រឡាញ់! ព្រះអង្គប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំធ្វើជាអាហារ ផ្តល់កម្លាំងនៅ​ពេល​​យើងខ្ញុំកំពុងធ្វើដំណើរនៅនាលោកនេះ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណ ដើម្បីឱ្យយើងខ្ញុំ​ស្រឡាញ់​ព្រះអង្គ​កាន់​តែខ្លាំងឡើងៗផង។

Facebook
Twitter
LinkedIn