អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យលាក់ការអស្ចារ្យនៃព្រះរាជ្យមិន​ឱ្យអ្នក​ប្រាជ្ញយល់​ដឹង​​ តែទ្រង់​បានសម្តែងព្រះអង្គឱ្យអ្នកសុភាពរាបសាស្គាល់ព្រះអង្គវិញ។ សូមទ្រង់ព្រះ​មេត្តាប្រោស​ប្រទាន​ឱ្យយើង​ខ្ញុំ​ស្គាល់​ព្រះអង្គកាន់តែច្បាស់ឡើងៗផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៧,១៥.២២-១៨,១

បងប្អូនគ្រីស្តបរិស័ទជូនដំណើរលោកប៉ូល រហូតដល់ក្រុងអាថែនទើបត្រឡប់ទៅវិញ ទាំងនាំពាក្យ​ផ្តែផ្តាំ​ពី​លោក​ប៉ូលទៅជម្រាបលោកស៊ីឡាស និងលោកធីម៉ូថេឱ្យមកតាមលោកយ៉ាងប្រញាប់បំផុត។ នៅក្រុងអាថែននោះ មាន​ទស្សនវិទូខ្លះនាំលោកប៉ូលទៅមុខសភាក្រុង នៅទួលអារ៉ែស។ លោកប៉ូលក្រោកឈរឡើង​នៅកណ្តាល​អង្គ​ប្រជុំ​ ហើយមានប្រសាសន៍ថា៖ «អស់លោកជាអ្នកក្រុងអាថែន​អើយ! ខ្ញុំសង្កេតឃើញថា អស់លោកនិយមសាស​នា​ខ្លាំង​ណាស់​! ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមាន​បូជនីយ​ដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរព​​បូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយដែលមានចារឹក​អក្សរថា “សូមឧទ្ទិស​ដល់​ព្រះដែល​យើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោក អំពី​ព្រះដែល​អស់លោក​ថ្វាយ​បង្គំ​ទាំង​ពុំស្គាល់​ហ្នឹង​ហើយ​ ជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗស​ព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​នេះ ព្រះអង្គ​ជាអម្ចា​ស់​នៃ​ផ្ទៃមេឃ និងផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារដែលមនុស្ស​សង់នោះឡើយ ហើយព្រះអង្គក៏មិន​ត្រូវ​ការ​ឱ្យ​មនុស្ស​​បីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទាន​របស់​សព្វ​គ្រប់​ទាំង​អស់មកមនុស្ស។ ព្រះអង្គប្រទានឱ្យប្រជាជាតិនានាកើតចេញមកពីមនុស្សតែម្នាក់ ហើយឱ្យគេរស់​នៅពាស​ពេញ​​​លើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឱ្យមនុស្សរស់នៅ។ ព្រះជាម្ចាស់​ធ្វើ​ដូច្នេះ​ ដើម្បីឱ្យគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែង​រកព្រះអង្គមែននោះ ប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ ដ្បិតយើងមានជីវិតមានចលនា និងមានជាតិជាមនុស្សដោយសារ​ព្រះ​​​អង្គ​។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ព្រះអង្គដែរ”។ ហេតុនេះ ប្រសិន​បើ​យើង​ពិតជា​ពូ​ជ​របស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថា ព្រះអង្គ​មាន​សណ្ឋានដូចរូបសំណាកធ្វើពីមាសប្រាក់ ឬថ្មដែលជាក្បាច់​រចនា​កើតឡើងតាម​ការនឹក​ឃើញរបស់​មនុស្ស​នោះ​ឡើយ​។ ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោកក្នុង​គ្រា​ដែល​គេមិនទាន់ស្គាល់ព្រះអង្គនៅសម័យមុនៗនោះទេ តែឥឡូវនេះ ព្រះអង្គប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរ​ស់នៅគ្រប់ទីកន្លែង ឱ្យគេកែប្រែចិត្តគំនិត ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស​តាម​សេចក្តី​សុចរិត ដោយសារបុរសម្នាក់ដែលព្រះអង្គបាន​តែងតាំង។ ព្រះអង្គបានប្រោសបុរសនោះ​ឱ្យភ្ញាក់ពីចំណោម​មនុស្ស​ស្លាប់ ទុកជាភស្តុតាងសម្រាប់មនុស្សទាំងអស់»។ កាលពួកគេបានឮសូរពាក្យ “តើនឱ្យភ្ញាក់ឡើងពីចំណោមមនុស្សស្លាប់” ដូច្នេះ អ្នកខ្លះចំអកឱ្យ អ្នកខ្លះ​ទៀត​ពោល​ថា៖ «ចាំលើកក្រោយ យើងនឹងស្តាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។ ហេតុនេះ លោកប៉ូលចាក​ចេញ​ពីចំណោមពួកគេទៅ។ ក៏ប៉ុន្តែ មានអ្នកខ្លះមកចូលរួមជាមួយលោក ហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោក​ដឺនីសជាសមាជិកក្រុងនៅទួលអារ៉ែស និងមានស្ត្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។ ក្រោយនោះមក លោកប៉ូលចាកចេញពីក្រុងអាថែន ធ្វើដំណើរឆ្ពោះទៅក្រុងកូរិនថូស។

ទំនុកតម្កើងលេខ ១៤៨, ១-២.១១-១៤ បទពាក្យ ៧

ចូរលើកតម្កើងព្រះអម្ចាស់ ទ្រង់គឺជាព្រះដ៏វិសុទ្ធ
អ្នកដែលនៅស្ថានខ្ពស់បំផុត បញ្ចេញពាក្យពិតថ្កើងព្រះអង្គ
ឱពួកទេវទូតទាំងអស់អើយ ចូរសរសើរហើយតម្កើងផង
ទាំងពួកទេវតាកុំបង្អង់ សរសើរព្រះអង្គព្រះនៃអ្នក
១១ អស់ស្តេចទាំងឡាយលើផែនដី ប្រជាប្រុសស្រីគ្រប់ទាំងអស់
ទាំងអ្នកដឹកនាំថ្នាក់ទាបខ្ពស់ នាំគ្នាទាំងអស់ថ្កើងម្ចាស់ថ្លៃ
១២ យុវជននារីចាស់ជរា កូនក្មេងនាំគ្នាលើកសិរី
ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍ មិនអាចរកអ្វីប្រៀបស្មើបាន
១៣ ចូរកោតសរសើរនាមព្រះម្ចាស់ ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន
ព្រះនាមព្រះអង្គល្អថ្កើងថ្កាន ពាសពេញទីស្ថានមេឃនិងដី
១៤ ព្រះអង្គបានប្រោសអស់ប្រជា រាស្រ្តទាំងអស់គ្នាមានសេរី
កម្លាំងមាំមួនខ្លាំងពេកក្រៃ មិនឱ្យមានអ្វីមករំខាន
អស់អ្នកដែលជឿលើព្រះអង្គ គឺជារាស្រ្តទ្រង់ដ៏ចំណាន
អ៊ីស្រាអែលអើយអ្នកនឹងបាន ខ្ពស់មុខសុខសាន្តតទៅអើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៦,១៣

អាលេលូយ៉ា! អាលេលូយ៉ា!
សូមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមក គឺព្រះវិញ្ញាណដែលសម្តែងសេចក្តីពិត។ សូមព្រះអង្គណែនាំយើងខ្ញុំឱ្យស្គាល់សេចក្តីពិតគ្រប់ជំពូក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៦,១២-១៥

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុម​សា​​វ័ក​​ថា៖ «ខ្ញុំមានសេចក្តីឯទៀតៗជាច្រើនដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះបានទេ។ កាលណាព្រះវិញ្ញាណនៃសេចក្តី​ពិត​យាង​មក​ដល់​ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឱ្យស្គាល់សេចក្តីពិតគ្រប់ជំពូក ដ្បិតសេចក្តីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញ​មក​ពី​ព្រះ​អង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្តីណាដែលទ្រង់ព្រះសណ្តាប់ឮ ព្រមទាំងមាន​ព្រះបន្ទូល​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​អំពីហេតុការណ៍ដែលត្រូវកើតមាននៅថ្ងៃមុខផង។ ព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះព្រះអង្គទទួល​សេច​ក្តី​ទាំង​អស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។ អ្វីៗដែលព្រះបិតាមានទាំងប៉ុន្មាន សុទ្ធតែជារបស់ខ្ញុំទាំងអស់។ ហេតុនេះ​ហើយ បានជាខ្ញុំពោលថា ព្រះអង្គទទួលសេចក្តីទាំងអស់ពីខ្ញុំយកមកប្រាប់អ្នករាល់គ្នា»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្រះវិញ្ញាណយាងមកណែនាំយើងខ្ញុំឱ្យ ស្គាល់សេចក្តី​ពិតគ្រប់​ជំពូក។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់ពីធម៌មេត្តាករុណាហួសកម្រិត ដែលព្រះអង្គ​សម្តែង​ក្នុង​អភិ​បូ​ជានេះផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តធ្វើជាអាហារ​សម្រាប់​យើងខ្ញុំ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណ​យាង​មកណែនាំយើង​ខ្ញុំឱ្យស្គាល់​សេចក្តី​ពិតកាន់តែច្បាស់ឡើងៗ តាមព្រះ​បន្ទូលសន្យារបស់ព្រះគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យ​អស់​កល្បជាអង្វែងតរៀងទៅ។

Facebook
Twitter
LinkedIn