ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងទទួលជីវិតអស់កល្បជានិច្ច។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទ មានចិត្តក្លាហាន ពុះពារឧបសគ្គនានា ដើម្បីនាំព្រះបន្ទូលរបស់ព្រះអង្គដល់មនុស្សសម័យឥឡូវនេះផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៣,៤៤-៥២
នៅថ្ងៃសប្ប័ទ បន្ទាប់ពីលោកប៉ូលប្រកាសដំណឹងល្អនៅក្រុងអន់ទីយ៉ូក ប្រជាជននៅក្រុងនោះមកជួបជុំគ្នាស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ទើរតែទាំងអស់។ កាលជនជាតិយូដាឃើញមហាជនដូច្នោះ គេមានចិត្តច្រណែនជាខ្លាំងក៏នាំគ្នានិយាយជំទាស់នឹងពាក្យដែលលោកប៉ូលមានប្រសាសន៍ និងជេរប្រមាថលោកទៀតផង។ លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេដោយចិត្តអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូន ប៉ុន្តែ ដោយបងប្អូនបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា “យើងបានតែងតាំងអ្នកឱ្យធ្វើជាពន្លឺបំភ្លឺជាតិសាសន៍នានា និងនាំឱ្យការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី”។ កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាលើកតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯអស់អ្នកដែលព្រះជាម្ចាស់តម្រូវឱ្យទទួលជីវិតរស់អស់កល្បជានិច្ច ក៏នាំគ្នាជឿដែរ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុះសាយក្នុងស្រុកនោះទាំងមូល។ ប៉ុន្តែ សាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងញុះញង់ពួកនាម៉ឺននៅក្រុងនោះឱ្យលើកគ្នាទៅបៀតបៀនលោកប៉ូល និងលោកបារណាបាស ព្រមទាំងដេញលោកទាំងពីរចេញពីដែនដីរបស់គេផង។ លោកប៉ូល និងលោកបារណាបាសក៏រលាស់ធូលីដីចេញពីជើងរបស់លោក រួចធ្វើដំណើរទៅក្រុងអ៊ីកូញុម។ រីឯក្រុមសាវ័កនៅអន់ទីយ៉ូកវិញគេពោរពេញដោយអំណរ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
ទំនុកតម្កើងលេខ ៩៨ (៨៧),១-៤ បទកាកគតិ
១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយឫទ្ធិចេស្តា | |
យកជ័យជំនះ | ។ | ||
២ | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីការសង្គ្រោះ |
ព្រះអង្គសម្តែង | គេឱ្យទាំងអស់ | ឃើញសុចរិតស្មោះ | |
របស់ព្រះអង្គ | ។ | ||
៣ | ព្រះអង្គនៅតែ | សម្តែងឥតប្រែ | ករុណាត្រចង់ |
ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង | |
ចងចាំទាំងអស់ | ។ | ||
មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស | |
នៃភពផែនដី | ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ | |
យើងគ្រប់ៗគ្នា | ។ | ||
៤ | មនុស្សទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោរខ្ញៀវខ្ញា | |
ដោយតូរ្យតន្រ្តី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤, ១៤.១៦
អាលេលូយ៉ា! អាលេលូយ៉ា!
យើងបានឃើញ យើងបានស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងចំណោមយើង គឺព្រះបិតាបានចាត់ព្រះបុត្រាឱ្យយាងមកសង្គ្រោះមនុស្សលោក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៤,៧-១៤
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏នឹងស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ឥឡូវនេះអ្នករាល់គ្នាស្គាល់ព្រះអង្គហើយ ព្រមទាំងបានឃើញព្រះអង្គថែមទៀតផង»។ លោកភីលីពទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់អើយ! សូមបង្ហាញព្រះបិតាឱ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំនឹងអស់ចិត្តហើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ! ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ! ម្តេចក៏អ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ហេតុដូចម្តេចបានជាអ្នកថា សូមបង្ហាញព្រះបិតាឱ្យយើងខ្ញុំឃើញផងដូច្នេះ? តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ?។ សេចក្តីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំទ្រង់បំពេញកិច្ចការរបស់ព្រះអង្គ។ ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ! បើមិនជឿសេចក្តីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះក៏នឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះបិតា។ អ្វីៗដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីឱ្យព្រះបិតាសម្តែងសិរីរុងរឿងក្នុងព្រះបុត្រា។ បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ក្នុងអភិបូជា យើងខ្ញុំសូមរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូជាព្រះបុត្រា ដែលស្ថិតនៅក្នុងព្រះបិតា។ សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជារបស់យើងខ្ញុំដោយអនុគ្រោះ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូបានបង្ហាញព្រះអង្គឱ្យយើងខ្ញុំស្គាល់ និងឃើញថែមទៀត។ ឥឡូវនេះ ព្រះយេស៊ូយាងឆ្លងទៅព្រះបិតាវិញ ហើយអង្វរព្រះអង្គឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំជាអ្នកជឿសង្ឃឹមលើព្រះគ្រីស្ត មានបំណងប្រព្រឹត្តតែកិច្ចការរបស់ព្រះគ្រីស្តក្នុងលោកនេះ។