អត្ថបទព្រះកម្ពីរ ថ្ងៃទី២៥ ខែមេសា សន្ដម៉ាកុសជាអ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ

បុណ្យគោរព​

លោកយ៉ូហាន-ម៉ាកុស ពុំមែនជាគ្រីស្តទូតរបស់ព្រះយេស៊ូគ្រីស្តទេ តែលោកបានប្រកាសដំណឹងល្អអំពីព្រះយេស៊ូរួមជាមួយគ្រីស្តទូតប៉ូល និងគ្រីស្ដទូតសិលា។ លោកនិពន្ធគម្ពីរដំណឹងល្អមួយកណ្ឌមុនគេ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យសន្ដម៉ាកុសនិពន្ធគម្ពីរមួយក័ណ្ឌ និងប្រកាសដំណឹងល្អ។ សូមព្រះអង្គមេត្ដាប្រោសយើងខ្ញុំឱ្យយកចិត្ដទុកដាក់ដើរតាមព្រះគ្រីស្ដដែលជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់សន្ដសិលា ១សល ៥,៥-១៤

រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ព្រឹទ្ធា‌ចារ្យ។ ចូរ​ទាក់‌ទង​គ្នា​ទៅ​វិញ​ទៅ​មកដោយ​សុភាព​រាប‌សា ដ្បិត «ព្រះ‌ជាម្ចាស់​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ»។ ដូច្នេះ ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​ព្រះ‌ហស្ដ​ដ៏​មាន​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​ឱ្យព្រះ‌អង្គ​លើក​តម្កើង​បង‌ប្អូន នៅ​ពេល​ដែល​ព្រះ‌អង្គ​បាន​កំណត់​ទុក។ ចូរ​ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​របស់​បង‌ប្អូន​ទៅ​ព្រះ‌អង្គ​ទៅ ដ្បិត​ព្រះ‌អង្គ​យក​ព្រះ‌ហ​ឫទ័យ​ទុក​ដាក់​នឹង​បង‌ប្អូន។ ត្រូវ​ភ្ញាក់​ខ្លួន ហើយ​ប្រុង​ស្មារតី​ជា‌និច្ច! ដ្បិត​មារជា​សត្រូវ​នឹង​បង‌ប្អូនកំពុង​តែ​ក្រវែល​ជុំ‌វិញ​បង‌ប្អូន ដូច​សឹង្ហ​ក្រវែលទាំងគ្រហឹមរក​ត្របាក់​ស៊ី​អ្នក​ណា​ម្នាក់។ ចូរ​ប្រឆាំង​នឹង​វា ហើយ​មាន​ជំនឿ​មាំ‌មួន​ឡើង ដោយ​ដឹង​ថា បង‌ប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​នៅ​ក្នុង​សកល​លោក​ទាំង​មូល ក៏​ត្រូវ​រង‌ទុក្ខ​លំបាក​ដូច​បង‌ប្អូន​ដែរ។ បន្ទាប់​ពី​បង‌ប្អូន​បាន​រង‌ទុក្ខ​លំបាក​មួយ‌រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌​សន្ដោស​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូនឱ្យ​ទទួល​សិរី‌រុង​រឿង​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ព្រះ‌អង្គ​នឹង​លើក​បង‌ប្អូន​ឱ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឱ្យ​បង‌ប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឱ្យ​បង‌ប្អូន​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។ សូម​ឱ្យព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌ចេស្ដា សូម​លើក​តម្កើង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។ ខ្ញុំ​សរសេរ​លិខិត​ដ៏​ខ្លី​ផ្ញើ​មក​ជូន​បង‌ប្អូន​នេះ ដោយ​មាន​លោក​ស៊ីលវ៉ាន​ជា​អ្នក​ស្មោះ‌ត្រង់​បាន​ជួយ ដើម្បី​លើក​ទឹក​ចិត្ត​បង‌ប្អូន និង​បញ្ជាក់​ប្រាប់​បង‌ប្អូន​ថា បង‌ប្អូន​ពិត​ជា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់​មែន​។ ព្រះ‌សហគមន៍​នៅ​ក្រុង​បាប៊ីឡូនសូម​ជម្រាប​សួរ​មក​បង‌ប្អូន ហើយ​លោក​ម៉ាកុស ជា​កូន​របស់​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។ ចូរ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធ‌ស្នាល​។ សូម​ឱ្យ​បង‌ប្អូន​ទាំង​អស់ដែល​រួម​រស់​នឹង​ព្រះ‌គ្រីស្តបាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។

ទំនុកតម្កើងលេខ ៨៩ (៨៨),២-៣.៦-៧.១៦-១៧ បទកាកគតិ

ឱ! ព្រះជាម្ចាស់ ខ្ញុំមិនគេចប្រាស នឹងច្រៀងតម្កើង
បង្គំព្រះអង្គ ព្រះទ័យខ្ពស់ថ្កើង អស់កល្បយូរលង់
អង្វែងតទៅ
ខ្ញុំប្រកាសថា ព្រះទ័យមេត្តា ករុណាត្រឹមត្រូវ
របស់ព្រះអង្គ ស្ថិតស្ថេរគង់នៅ មាំមិនអាស្រូវ
ដូចផ្ទៃមេឃា
ឱព្រះម្ចាស់អើយ ទេវតានេះហើយ សរសើររៀងរាប់
ពីស្នាព្រះហស្ត អស្ចារ្យគួរគាប់ ច្រៀងកោតមិនឈប់
ពីព្រះទ័យស្ម័គ្រ
នៅស្ថានសួគ៌ា ឥតមាននរណា ស្មើរព្រះអង្គជាក់
ពពួកទេវតា ក៏មិនមានអ្នក ឱ្យបានដូចព្រះ
អម្ចាស់នោះទេ
១៦ បពិត្រព្រះម្ចាស់ ប្រជាអរណាស់ រស់ក្រោមចេស្តា
ពន្លឺសប្បុរស សន្តោសករុណា រាស្រ្តផុតទុក្ខា
មានសុខមង្គល
១៧ គេនឹងសប្បាយ រីករាយរាល់ថ្ងៃ ដោយស្មោះទទួល
ព្រះនាមព្រះអង្គ ឥតមានប្រែប្រួល ខ្ពស់មុខសុខស្រួល
ឥតមានសៅហ្មង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១​ករ ១,២៣-២៤

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តដែលសោយទីវង្គតតនៅលើឈើឆ្កាងពិតជាឫទ្ធានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់មែន។ យើងប្រកាសដំណឹងអំពីព្រះគ្រីស្តបែបនេះ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក​ ១៦,១៥-២០

ព្រះយេស៊ូដែលទទួលព្រះជន្មដ៏រុងរឿងមានព្រះបន្ទូលទៅកាន់សាវ័កថា៖ “ចូរនាំគ្នាទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាជឿ ហើយទទួលពីធីជ្រមុជទឹក ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិន​ជឿនឹងត្រូវទទួលទោស។ អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញខ្មោចក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ប្រសិនបើគេកាន់ពស់ឬផឹកអ្វីដែលមានជាតិពុល ក៏គេមិនមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងបានជាសះស្បើយ”។ កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជា​ម្ចាស់​លើកព្រះអង្គឡើងទៅស្ថានបរមសុខឱ្យគង់នៅខាងស្តាំព្រះអង្គ។ ក្រុមសាវ័កនាំគ្នាទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូល ដោយសម្តែងទីសម្កាល់ផ្សេងៗជាប់ជាមួយផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គមេត្ដាទទួលសក្ការបូជា ដែលយើងខ្ញុំលើកថ្វាយទៅព្រះអង្គក្នុងថ្ងៃគោរពសន្ដម៉ាកុស។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យយកចិត្ដទុកដាក់ប្រកាសដំណឹងល្អ ដោយហ៊ានលះបង់ខ្លួនឯងចោល លីឈើឆ្កាងរួមជាមួយព្រះយេស៊ូគ្រីស្ដ ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ។

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ! ព្រះអង្គប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្ដឱ្យយើងខ្ញុំមានកម្លាំង ដើម្បីប្រកាសដំណឹងល្អដល់មនុស្សគ្រប់ជាតិសាសន៍។ សូមព្រះអង្គប្រទាននូវសេចក្ដីក្លាហានឱ្យយើងខ្ញុំហ៊ានបន្ដជំនឿដល់អ្នកដទៃដូចសន្ដម៉ាកុស។

Facebook
Twitter
LinkedIn