អត្ថបទព្រះកម្ពីរ ថ្ងៃចន្ទ ទី២២ ខែមេសា​ ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានធម៌មេត្តាករុណាចំពោះមនុស្សគ្រប់ៗរូប ដោយមិនរើស​មុខ​នរណា​​​ឡើយ។ ដោយព្រះយេស៊ូជា​ព្រះបុត្រាព្រះអង្គសោយទិវង្គត ព្រះអង្គបានសង្គ្រោះមនុស្ស​លោករួចស្រេច​ទៅ​ហើយ។ សូម​ទ្រង់ព្រះមេត្តាប្រោស ប្រទានឱ្យយើងខ្ញុំជាព្រះសហគមន៍បង្ហាញការសង្គ្រោះនេះដល់អ្នកដទៃ សូម​ជួយ​ប្រមែប្រមូល​មនុស្សទាំងអស់ឱ្យទៅធ្វើជាមហាគ្រួសារតែមួយផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១១,១-១៨

ក្រុមគ្រីស្តទូត និងបងប្អូននៅស្រុកយូដាឮដំណឹងថា សាសន៍ដទៃក៏បានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់​ដែរ។ កាលលោកសិលាឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដានាំគ្នារិះគន់​លោក​ថា៖ ​«លោក​បានចូលក្នុងផ្ទះសាសន៍ដទៃ ហើយលោក​ក៏បានបរិភោគ​ជាមួយពួក​គេថែម​ទៀតផង!» ។ លោក​សិលា​រៀបរាប់ប្រាប់គេតាមលំដាប់លំដោយថា៖ «កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលអធិដ្ឋាន ខ្ញុំលង់​ស្មារតី និមិត្តឃើញវត្ថុម្យ៉ាង ដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុងចុះពីលើមកដល់ខ្ញុំ។ ពេល​ខ្ញុំ​ពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សាបក្សី។ ខ្ញុំក៏ឮព្រះសូរសៀងមួយ​បញ្ជា​មកខ្ញុំថា៖ “សិលាអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!” ។ ប៉ុន្តែ ខ្ញុំទូលទៅវិញថា៖ “ទេ! បពិត្រព្រះ​អម្ចាស់​! ​ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬអាហារមិនបរិសុទ្ធទាល់តែសោះ” ។ ព្រះសូរសៀងនោះក៏បន្លឺចុះ​​​ពីលើមេឃមកជាលើកទីពីរថា៖ “អ្វីៗដែលព្រះជាម្ចាស់បានប្រោសឱ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យ​ហាម​ឃាត់​នោះ​ឡើយ!” ។ ហេតុការណ៍នេះកើតមានឡើងដល់ទៅបីដងទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។ នៅពេល​នោះ ស្រាប់តែមានបុរសបីនាក់ដែលគេចាត់ពីក្រុងសេសារេឱ្យមករកខ្ញុំ បានមកដល់ផ្ទះដែលយើងស្នាក់នៅ ។ ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ខ្ញុំឱ្យចេញដំណើរទៅជាមួយគេ កុំរារែកឡើយ។ ពេលនោះមានបង​ប្អូនប្រាំ​មួយនាក់​ជូ​ន​​ដំណើរ​ខ្ញុំទៅដែរ ហើយយើងបានទៅដល់ផ្ទះលោកគ័រនេល្យូស។ លោកបានរៀបរាប់ប្រាប់យើងថា លោកបាន​ឃើញ​​ទេវទូតមកជួបលោកនៅក្នុងផ្ទះ ទាំងពោលថា៖ “សុំលោកចាត់មនុស្សឱ្យទៅក្រុងយ៉ុបប៉េ រកមនុស្សម្នាក់​ឈ្មោះ​​​ស៊ី​ម៉ូ​នហៅ “សិលា”។ គាត់នឹងប្រកាសព្រះបន្ទូលដែលផ្តល់ការសង្គ្រោះឱ្យលោក​ និងក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល​”។ នៅ​ពេ​​លខ្ញុំចាប់ផ្តើមនិយាយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គ​យាង​ចុះ​មក​សណ្ឋិ​ត​លើយើងកាលពីដើមដំបូងនោះដែរ។ ពេលនោះ ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់​ថា៖​ “លោក​យ៉ូ​ហានបានធ្វើពិធីជ្រមុជឱ្យគេក្នុងទឹក រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ប្រ​សិ​ន​​​បើ​ព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គ​បានប្រទាន​មក​យើងដែល​ជឿលើព្រះអម្ចាស់​យេស៊ូ​គ្រី​ស្ត​​ដែរ​នោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងទៅឃាត់ឃាំងព្រះជាម្ចាស់បាន?»។ កាលក្រុមអ្នក​ជឿបានឮសេចក្តីទាំងនេះ គេធូរចិត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏ព្រះជាម្ចាស់​បាន​ប្រោសប្រទានឱ្យគេកែប្រែចិត្តគំនិតដើម្បីទទួលជីវិតដែរ!»។

ទំនុកតម្កើងលេខ ៤២, ២-៣ បទកាកគតិ

បពិត្រព្រះម្ចាស់ ខ្ញុំប្រាថ្នាណាស់ ចង់នៅជាមួយ
គិតដេកមិនលក់ យប់នឹកថ្ងៃព្រួយ ចង់នៅជាមួយ
ដូចក្តាន់រកទឹក
ខ្ញុំស្រេកខ្ញុំឃ្លាន ព្រះម្ចាស់ក៏មាន បារមីមានឫទ្ធិ
ព្រះជន្មគង់នៅ ស្ថិតស្ថេរពិតៗ ខ្ញុំចង់នៅជិត
ព្រះភ័ក្រ្តព្រះអង្គ

ទំនុកតម្កើងលេខ ៤៣, ៣-៤ បទពាក្យ ៧

សូមផ្តល់ពន្លឺនិងក្តីពិត ឱ្យនៅស្ថេរស្ថិតហើយតម្រង់
ទៅភ្នំវិសុទ្ធដ៏ផូរផង់ ដំណាក់ព្រះអង្គសមសព្វគ្រប់
ខ្ញុំនឹងឆ្ពោះទៅទីអាសនៈ ព្រះអង្គឥតអាក់ជាប្រភព
នៃក្តីអំណរដ៏លើសលប់ តម្កើងមិនឈប់ដោយតន្រ្តី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤-១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូជាគង្វាលដ៏ប្រសើរ។ ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ ហើយចៀម​របស់​ព្រះអង្គ​ក៏ស្គាល់​ព្រះ​អង្គដែរ។ ព្រះអង្គក៏បានស៊ូប្តូរព្រះជន្មសម្រាប់ចៀមទាំងនោះ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១០,១-១០

ព្រះយេស៊ូមានព្រះបន្ទូលមកកាន់ពួកផារីស៊ីថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណា​មិន​ចូលក្នុង​ក្រោល​ចៀម​តាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោរប្លន់។ រីឯអ្នកដែលចូលតាមទ្វារ ពិត​ជា​គង្វាលរបស់ចៀម។ ឆ្មាំទ្វារ បើកទ្វារឱ្យគាត់ចូល ហើយចៀមទាំងប៉ុន្មានស្តាប់សំឡេងគាត់។ គាត់ហៅចៀម​ផ្ទាល់របស់​​គាត់តាមឈ្មោះវារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។ លុះគាត់បញ្ចេញ​ចៀម​ចេញពីក្រោលអស់ហើយ គាត់​ដើ​រ​នាំមុខវា ហើយវាដើរតាមក្រោយគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។ ចៀមទាំងនោះមិនដើរតាម​អ្ន​ក​ដទៃ​ជា​ដាច់​ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។
ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះឱ្យគេស្តាប់ ប៉ុន្តែ គេពុំបានយល់ថាព្រះអង្គមានព្រះបន្ទូល​អំពី​រឿង​អ្វី​ឡើយ។ ព្រះយេស៊ូមានព្រះ បន្ទូលទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារសម្រាប់​ឱ្យ​ចៀមចេញ​ចូល។ អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួច ចោរប្លន់ទាំងអស់ ចៀមមិនបានស្តាប់​សំឡេង​អ្នក​​ទាំងនោះឡើយ។ ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារថែមទៀតផង។ ចោរវាមក គិតតែពីលួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឱ្យមនុស្សលោកមានជីវិត ហើយឱ្យគេមានជីវិតពេញបរិបូណ៌»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតាំងព្រះយេស៊ូធ្វើជាគង្វាលរបស់អស់អ្នកដែលជឿសង្ឃឹមលើ​ព្រះ​​​អង្គ។ ព្រះយេស៊ូក៏ជាទ្វារសម្រាប់យើងខ្ញុំអាចទៅកាន់ព្រះអង្គបានដែរ។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត ដែ​ល​យើងខ្ញុំសូមថ្វាយរួមជាមួយព្រះយេស៊ូ ជាព្រះបុត្រាដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែង​តរៀង​ទៅ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គប្រោសព្រះយេស៊ូធ្វើជាទ្វារសម្រាប់​យើងខ្ញុំអាចចេញចូលទៅកាន់ព្រះអង្គបាន។ ក្នុងអភិបូជានេះ យើងខ្ញុំសូមចូលរួមជាមួយព្រះយេស៊ូជាគង្វាលដែល​បានបូជាព្រះជន្មសម្រាប់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿយើងខ្ញុំ សូមឱ្យយើងខ្ញុំយកចិត្តទុកដាក់ណែនាំមនុស្ស​ទាំងអស់ឱ្យចូលរួមក្នុងមហាគ្រួសារតែមួយរបស់ព្រះអង្គផង។

Facebook
Twitter
LinkedIn