អត្ថបទព្រះគម្ពី ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤

សន្តអង់សែលម៍ជាអភិបាល និងជាគ្រូបាធ្យាយ

លោកអង់សែលម៍ (១០៣៣-១១០៩) ជាចៅអធិការវត្ត រួចលោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងកង់ទែរបឺរី (ប្រទេសអង់គ្លេស) កើតនៅក្រុងអាអូស្ទ (ប្រទេសអ៊ីតាលី)។ លោកជាទេវវីទូម្នាក់ដែលបានរិះគិចយ៉ាជ្រៅជ្រះអំពីជំនឿនៃគ្រីស្តសាសនា។ លោកនិពន្ធសៀវភៅជាច្រើនដោយមានបំណងចង់ពន្យល់ថា គ្រប់ប្រការនៃលទ្ធិគ្រីស្តសាសនាសុទ្ធតែមានទំនាក់ទំនងនឹងគ្នា ហើយបង្ហាញសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់។  ដោយលោកជំទាស់នឹងស្តេចក្រុងអង់គ្លេសព្រះរាជា​និរទេសលោកពីរដង។

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គ​ប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មីដ៏រុងរឿង និងតែងតាំងជាគង្វាលដ៏ប្រសើរ ដែលប្រមែ​ប្រមូលមនុស្ស​គ្រប់ជាតិ​សាសន៍ធ្វើជាមហាគ្រួសារតែមួយ។ សូមទ្រង់ព្រះមេត្តា​ប្រោស​យើងខ្ញុំឱ្យ​យកចិត្ត​ទុកដាក់​ស្តាប់ព្រះសូរ​សៀង​របស់​គង្វាលនេះ និងបម្រើអ្នកដទៃតាមគង្វាលនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៤ ,៨-១២

ក្រុមប្រឹក្សាជាន់ខ្ពស់កោះហៅលោកសិលាមក។ លោកសិលាបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកមានប្រសាសន៍ទៅគេ​ថា៖ «សូមជម្រាបអស់លោកជាអ្នកដឹកនាំប្រជាជន និងអស់លោកព្រឹទ្ធាចារ្យ! ថ្ងៃនេះ អស់លោកសួរចម្លើយយើងខ្ញុំពីអំពើល្អ ដែលយើងខ្ញុំសង្គ្រោះអ្នកពិការឱ្យបានជាតាមរបៀបណានោះ។ សូមអស់​​លោក និងប្រជារាស្រ្តអ៊ីស្រាអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់លោក ទាំងមានសុខភាពល្អនេះ បាន​​ជាដោយ​សារព្រះនាមព្រះយេស៊ូគ្រីស្ត ជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយព្រះជាម្ចាស់​បាន​តើ​នលោកឱ្យភ្ញាក់ឡើងពីចំណោមមនុស្សស្លាប់។ ព្រះអង្គហ្នឹងហើយជា “ថ្មដែលលោកទាំងអស់​គ្នាជា​ជាងសំណង់​បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ”។ ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្ស​បាន​ទាល់​តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បី​សង្គ្រោះ​យើងនោះឡើយ»។

ទំនុកតម្កើងលេខ ១១៨ (១១៧), ១.៤.៨-៩.២២-២៣.២៨-២៩ បទពាក្យ ៧

សូមលើកតម្កើងព្រះអម្ចាស់ ប្រសើរពេកណាស់ព្រះទ័យថ្លៃ
សប្បុរសករុណាត្រាប្រណី ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ
អស់អ្នកគោរពកោតខ្លាចព្រះ ក៏ត្រូវប្រកាសឱ្យក្តែងៗ
ដូចអុីស្រាអែលកុំបីក្រែង ហឫទ័យស្ញប់ស្ញែងនៅស្ថិតស្ថេរ
មានសង្ឃឹមជ្រកនិងពឹងពាក់ មានជំនឿជាក់និងបំណង
លើព្រះម្ចាស់ប្រសើរកន្លង ជាងពឹងផ្អែកនឹងមនុស្សក្បាលខ្មៅ
មានសង្ឃឹមជ្រកនិងពាក់ពឹង មានជំនឿរឹងមាំទាំទៅ
លើព្រះអម្ចាស់ទើបត្រឹមត្រូវ ជាងយើងពឹងទៅលើអ្នកធំ
២២ ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ ប្រែជារឹងមាំបែរជាកល់
ជើងសសរផ្ទះមាំឥតខ្វល់ ល្បីល្បាញឮដល់សព្វជាតិសាសន៍
២៣ ព្រះអង្គសម្រេចការអស្ចារ្យ ដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់
អស្ចារ្យពេកក្រៃយើងឃើញច្បាស់ គួរស្ញប់ស្ញែងណាស់គួរគោរព
២៨ ព្រះអង្គជាព្រះទូលបង្គំ ផ្តល់ក្តីសុខដុមឥតមានអាក់
ខ្ញុំសូមតម្កើងដោយស្មោះស្ម័គ្រ ដោយការជឿជាក់អស់ពីចិត្ត
២៩ ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតទ្រង់មានព្រះទ័យអាណិត
សប្បុរសករុណាត្រង់សុចរិត អស់កល្បស្ថេរស្ថិតរហូតទៅ

អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតយ៉ូហាន ១យហ ៣,១-២

បងប្អូនជាទីស្រឡាញ់!
សូមគិតមើល៍ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា គឺ​ព្រះអង្គស្រឡាញ់យើងរហូតដល់ទៅហៅយើងថា ជាបុត្រធីតារបស់ព្រះអង្គ ហើយយើង​ពិតជាបុត្រធី​តារបស់​ព្រះ​អង្គ​មែន!។ ហេតុនេះហើយ បានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ កូនចៅជាទីស្រ​ឡា​ញ់​អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះ​អង្គ​ពុំទាន់សម្តែងឱ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះគ្រីស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិត​ព្រះអង្គ​មានភាពយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤-១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូជាគង្វាលដ៏ល្អប្រសើរ! ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ ហើយចៀមក៏ស្គាល់​ព្រះអង្គដែរ។ ព្រះអង្គស៊ូប្តូរជីវិតដើម្បីចៀមរបស់ព្រះអង្គ។ ​អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១០,១១-១៨

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដាថា៖ «ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ គង្វាលដ៏ល្អតែងតែ​ស៊ូប្តូរ​ជីវិតដើម្បីចៀមរបស់ខ្លួន។ រីឯអ្នកស៊ីឈ្នួលវិញ កាលគេឃើញចចកមកដល់ គេរត់ចោលចៀម ទុក​ឱ្យ​ចចក​ខាំអូស​យក​ទៅ ហើយដេញកម្ចាត់កម្ចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាគង្វាលទេ ហើយក៏មិនមែនជាម្ចាស់របស់​ចៀម​ផង។ អ្នកនោះមិនខ្វល់ខ្វាយនឹងចៀមឡើយ ព្រោះគេគ្រាន់​តែស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ។ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្តូរ​ជីវិត​ដើម្បីចៀមរបស់ខ្ញុំ។ ខ្ញុំមានចៀមឯទៀតៗដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀម ទាំងនោះមកដែរ។ ​ចៀម​ទាំង​នោះនឹងស្តាប់សំឡេងខ្ញុំ ហើយនៅពេលនោះ នឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។ ព្រះបិតា​ស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្តស៊ូប្តូរជីវិតដើម្បីឱ្យបានជីវិតនោះមកវិញ។ គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្តូរជីវិតដោយខ្លួនខ្ញុំផ្ទាល់តែម្តង។ ខ្ញុំមានអំណាចនឹងស៊ូប្តូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាច​នឹង​យក​ជីវិត​នោះ​មកវិញ តាមព្រះបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។

បពិត្រព្រះអម្ចាស់! ជារៀងរាល់ឆ្នាំព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំនឹករឭកអំពីរបៀបព្រះគ្រីស្តស​ង្គ្រោះ​យើង​ខ្ញុំ!។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ សូមទ្រង់​ព្រះមេត្តា​ទទួល​តង្វាយ​របស់យើងខ្ញុំដោយអនុគ្រោះ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាច​នៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលជាគង្វាលដ៏សប្បុរស! ព្រះអង្គសង្គ្រោះយើង​ខ្ញុំ​​ដោយព្រះបុត្រាបូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាណែនាំយើងខ្ញុំជាព្រះសហគមន៍ព្រះអង្គ ឱ្យស្គាល់ធម៌មេត្តា​ករុ​ណា​​ដ៏លើសលប់របស់ព្រះអង្គផង។

Facebook
Twitter
LinkedIn