ព្រះសហគមន៍ខ្នាចរមាសឆ្លងព្រះវិហារថ្មី

ព្រះវិហារ​ធ្វើអំពីថ្ម មានបណ្តោយ​៣០និងទទឹង​១០ម៉ែត្រ​បាន​សាងសង់រួចរាល់​និង​ដាក់​ឆ្លង​ឲ្យប្រើប្រាស់ជាផ្លូវការ​កាលពីថ្ងៃទី​១២ ខែកុម្ភៈនេះ ដែលមានឈ្មោះថា ព្រះវិហារធម៌មេត្តាករុណារបស់ព្រះជាម្ចាស់​ របស់ព្រះសហគមន៍ខ្នាចរមាស​ ក្រោមអធិបតីភាព​របស់​លោក​​អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគ​បាត់ដំបង និង​លោក​សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគកំពង់ចាម និងចូលរួម​ដោយ​លោក​បូជាចារ្យ​ ដូនជី អាជ្ញាធរភូមិឃុំ និង​គ្រីស្តបរិស័ទ​ប្រមាណ​៨០០នាក់មក​ពីភូមិភាគ​ទាំងបី។

មានប្រសាសន៍​ក្នុង​ធម្មទេសនា​នាថ្ងៃដដែលនោះ លោក​អភិបាលសិលា​ សួន​ ហង្សលី ដែល​ធ្លាប់​មក​បំពេញ​បេសកកម្ម​នៅ​ក្នុង​ទឹកដី​ព្រះសហគមន៍នេះ ក្នុងពេលលោក​ជា​និស្សិតទេវវិទ្យាល័យកាលពីឆ្នាំ​១៩៩៥ បាន​ឲ្យដឹងថា លោក​​ពិតជាមានអំណរសប្បាយ ដោយ​ឃើញ​ព្រះសហគមន៍នៅទីនេះ​មានជំនឿ​រឹងមាំ ហើយបានកសាងព្រះវិហារថ្មីដ៏ស្អាតគឺព្រះវិហារនៃមេត្តាករុណារបស់ព្រះជាម្ចាស់។

 

ពាក្យថា ធម៌មេត្តាករុណានេះ ស្ថិត​ក្នុង​ចំណោម​គុណធម៌​៣របស់ព្រះសហគមន៍​គឺ​ សេចក្តីស្រឡាញ់ សេចក្តីសង្ឃឹម និង​ធម៌មេត្តាកុរណា។ លោកអភិបាល​បញ្ជាក់។

លោកអភិបាល​បន្តថា កម្មវិធី​ថ្ងៃនេះ រំលឹកយើង​អំពី​ប្រវត្តិរបស់​ព្រះសហគមន៍ ហើយ​ក៏រំលឹក​យើង​អំពី​តួនាទីរបស់​យើង​ជា​គ្រីស្តបរិស័ទដែរ។ លោកថា ពិតមែនយើងសង់ព្រះវិហារអំពីថ្ម ប៉ុន្តែថ្មគ្រឹះដ៏សំខាន់ «គឺជាថ្មដែលមានជីវិត គឺព្រះយេស៊ូគ្រីស្ត»។ លោកបន្ថែមថា ថ្មមានជីវិត​មួយទៀតគឺគ្រីស្តបរិស័ទ​ដែល​ជា​គ្រឹះសំខាន់​ដើម្បី​ជួយ​ឲ្យព្រះសហគមន៍​រឹងមាំនិង​រីកចម្រើន​។

ទោះនៅក្នុងទុក្ខលំបាក ក្នុងសង្គ្រាម​ស៊ីវិល ព្រះសហគមន៍នៅតែរស់រានមានជីវិត គ្រាន់តែជួបនូវព្យុះភ្លៀងមួយរយៈហើយរលំ ក្រោយមកបានងើបឡើងវិញ នេះ​ដោយសារគ្រីស្ត​បរិស័ទ​ជា​ថ្មដែមានជីវិតនៅ​ជាប់​ជា​មួយ​ព្រះយេស៊ូ​ដែល​ជាគ្រឹះ។ លោក​បន្តថា​ នៅពេលដែលយើង​ប្រមូលបងប្អូនគ្រីស្តបរិស័ទដែល​ជាថ្មមានជីវិត ដើម្បីកសាងព្រះសហគមន៍ឡើងវិញ ណែនាំឲ្យយើងនឹកឃើញដល់សាសនទូតនានាដែល​បានប្រកាសដំណឹងល្អដល់កន្លែងនេះ។

លោក​បាន​បញ្ជាក់ថា «បងប្អូនគឺជាថ្មដែលមានជីវិតនេះរួមគ្នាការពារព្រះរាជដំណាក់របស់ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដូច្នេះ ព្រះសហគមន៍សំខាន់ណាស់​ដើម្បីទទួលព្រះគ្រីស្តគង់នៅ​ជាមួយ ហើយ​​គ្រីស្តបរិស័ទ​មានមុខងារសំខាន់ដែរ​ ​ គឺទទួលព្រះ​ជាម្ចាស់ដែលគង់នៅ និងសម្តែងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដល់បងប្អូនឯទៀតៗ»។

ព្រះសហគមន៍ខ្នាចរមាស បាន​កកើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩១០ ដែលមានគ្រីស្តបរិស័ទ​ខ្មែរមក​ពី​ព្រះសហគមន៍ចំណោម ចំនួន​៥០នាក់​រស់នៅ។ នេះ​បើ​យោង​តាម​ប្រវត្តិព្រះហគមន៍​នៅប្រទេស​កម្ពុជា​រៀបរៀងដោយ​លោក​បូជាចារ្យ​ប៉ុងសូដ៍ បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​១៩៩២។

លោក​ម៉ានុច​ កុមារ ឯកា បូជាចា្យទទួល​ខុស​ត្រូវ​ព្រះសហគមន៍​ចំណោម​នេះ មានប្រសាសន៍ថា ការសង់ព្រះវិហារ​នេះ គឺដើម្បី​ប្រមូល​​គ្រីស្តបរិស័ទឲ្យ​​មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ក្នុង​ពេលគេមានអំណរសប្បាយ គេនឹងកោតសរសើរព្រះជាម្ចាស់ និងពេលគេមាន​ទុក្ខលំបាកគេមកទូលអង្វរព្រះអង្គដើម្បី​ជួយបំភ្លឺ​រក​ដំណោះ​​ស្រាយ​ក្នុងគ្រួសាររបស់ពួកគេ។

លោកបូជាចារ្យម៉ានុច ត្រូវ​បាន​លោកអភិបាល​អេនរីគេ ហ្វីការេដូ ចាត់​ឲ្យមក​បំពេញ​បេសកកម្ម​នៅទីនេះតាំង​ពី​ឆ្នាំ​២០២១ បន្ត​ពី​លោក​បូជាចារ្យទម្លាប់​សុផលដែល​បាន​ណែនាំ​ព្រះសហគមន៍នេះ​រយៈពេល​ជាង​២០ឆ្នាំមក​ហើយ។

លោក​បន្ថែមថា លោក​នឹង​​ប្រមែរប្រមូល​កូនចៅគ្រីស្តបរិស័ទដែលមិនសូវបានមកព្រះវិហារ ជំរុញឲ្យពួកគេមានជំនឿរឹងមាំ មានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក​ ហើយណែនាំពួកគេឲ្យក្លាយទៅជាគ្រីស្តបរិស័ទល្អសម្រាប់​​គ្រួសារ សង្គមនិងព្រះសហគមន៍។ លោកថា  «នេះជាគោលបំណងរបស់ខ្ញុំ ដើម្បីកសាងប្រទេសជាតិនៅក្នុងប្រទេសកម្ពុជានិងនៅទីនេះ»។

តាមប្រសាសន៍របស់លោកម៉ានុច ព្រះវិហារ​ថ្មី​ដែលមានឈ្មោះថា ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់នេះ ចំណាយថវិកាសាង​សង់​អស់​ជាង​១០ម៉ឺនដុល្លារ ដែលបានចំណាយពេលវេលា​សាងសង់​ចំនួន​៨ខែ។

លោកមានប្រសាសន៍ទៀថា ថវិកាទាំងនេះ​បាន​មក​ពីសប្បុរសជនគ្រីស្តបរិស័ទ​​ពី​ក្នុងនិង​ក្រៅប្រទេស​។ «អ្នកទាំងអស់គ្នាបានចូលរួមជួយនិងកសាងបន្តិចម្នាក់ៗ ដូច្នេះហើយខ្ញុំអាចនិយាយថាយើងទាំងអស់គ្នាជាផ្ទាំងថ្ម ដែល​បានកសាងព្រះសហគមន៍របស់យើងនៅទីនេះ» លោកបូជាចារ្យបញ្ជាក់។

ព្រះវិហារ​ថ្មីត្រូវបាន​សង់ឡើងនៅទីទួល​ខ្ពស់ ខ្ពស់​ជាង​​ព្រះវិហារ​ឈើ​ចាស់ ដែលទ្រុឌទ្រោម​និង​​លិចទឹក​ជិត​១ម៉ែត្រ។ តាម​ការរៀបរាប់​​​របស់​លោក​ម៉ានុច​នៅថ្ងៃបញ្ចុះ​បឋមសិលាកាលពី​ឆ្នាំ​២០២៣​​បាន​និយាយថា ក្នុងរដូវ​វស្សា​ព្រះវិហារ​ចាស់នេះ​លិចទឹក​ពិបាក​ប្រារព្ធ​ពិធី​បុណ្យ​ផ្សេងៗ​ ដោយ​គ្រីស្តបរិស័ទ​បាន​រើ​អាសនៈ​ពី​ព្រះវិហារ​ទៅ​ទីទួល​ដើម្បី​ធ្វើ​ពិធីបុណ្យ។ ការលំបាកនេះ ញ៉ាំ​ង​ឲ្យ​គ្រីស្តបរិស័ទ​សំណូមពរ​ដល់​លោកអភិបាល​ព្រះសហគមន៍​​ដើម្បី​សង់​វិហារ​ថ្មី។

ព្រះសហគមន៍ខ្នាចរមាស​ស្ថិតនៅក្នុងភូមិកោះរាម   ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង មាន​ចម្ងាយប្រមាណ​៣៣៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ព្រះសហគមន៍នេះ បច្ចុប្បន្ន​មាន​សកម្មភាព​អប់រំជំនឿរាល់ថ្ងៃអាទិត្យ ចុះសួរសុខទុក្ខជន​ក្រីក្រនិង​ចាស់ជរា ផ្តល់​កន្លែងស្នាក់នៅសម្រាប់​សិស្សវិទ្យាល័យ ជួយឧបត្ថម្ភដល់​សាលា​បឋមសិក្សា​របស់រដ្ឋក្នុងភូមិ និង​មានកម្មវិធីសាលាមត្តេយ្យ​សម្រាប់អប់រំ​កុមារតូច។

លោកអភិបាល​ព្រះសហគមន៍ភូមិភាគ​បាត់ដំបង មានប្រសាសន៍ថា ការ​រីក​ចម្រើន​របស់​ព្រះសហគមន៍​​ មាន​បី​គឺ ទី១ វត្ត​មាន​របស់ព្រះសហគមន៍និងគ្រីស្តបរិស័ទនៅទីនេះ មានប្រយោជន៍សម្រាប់បងប្អូននៅជុំវិញ ដោយ​បាន​បង្កើត​ជា​សកម្មភាព​មេត្តាករុណា​នានា។

ទី២ គឺ​គ្រីស្តបរិស័ទ​បាន​រួមដំណើរជាមួយបងប្អូន ទោះបីពេលខ្លះមានការលំបាកប៉ុន្តែយើងក៏មានអំណរសប្បាយ។ លោក​បញ្ជាក់ថា ក្រោយសង្គ្រាម​យើង​បាន​ជួបជុំ​គ្នាអធិដ្ឋាននៅតាមផ្ទះ ក្រោយ​មក​មានព្រះវិហារឈើហើយពេលនេះយើងមានធ្វើអំពីថ្ម យើងមានដំណើរការរួមគ្នាម្តងបន្តិចៗ ហើយនេះនាំឲ្យព្រះសហគមន៍នៅទូទាំងប្រទេសមានមោទនភាពចំពោះព្រះសហគមន៍មួយនេះ។

និង​ទី៣ ទោះបី​ព្រះសហគមន៍​ខ្នាចរមាស​នេះ​តូច​ក្តី តែ​បាន​បង្កើត​ធន​ធាន​មនុស្ស​ឆ្លង​តាម​ការ​អប់រំ​នៃសកម្មភាព​មេត្តាករុណា​របស់​ព្រះសហគមន៍​ ដោយ​មាន​និស្សិត​និង​ដូនជី​ចេញពីទីនេះទៅធ្វើការនៅកន្លែងផ្សេងៗ ដែលជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងជាប្រយោជន៍សម្រាប់ព្រះសហគមន៍នៅទូទាំងប្រទេស។

ក្នុងនោះ​ដែរ​លោកអភិបាល​គីគេ បាន​ជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​ចេះ​លើកទឹកចិត្តឲ្យគ្នា​ទៅវិញទៅមក ចេះសាមគ្គីគ្នា និងត្រូវមានទាំងការអប់រំទូទៅនិងអប់រំជំនឿ ដើម្បីឲ្យព្រះសហគមន៍កាន់តែ​រីកចម្រើន។

លោក​បន្ថែមថា កិច្ចការងារដែលយើងធ្វើកំពុងមានដំណើរការបន្តិចម្តងៗ ដោយចាប់ពីតូចទៅ មានសាលាមត្តេយ្យជួយខាងសាលាបឋមសិក្សា ជួយឧបត្ថម្ភដល់យុវជន​ក្រីក្រអាចចូលរៀន​នៅតាមអនុវិទ្យាល័យនិងវិទ្យាល័យ។ លោក​បញ្ជាក់ថា «យើង​ធ្វើតាមលទ្ធភាព។ យើងមិនត្រូវការអ្វីដែលធំដុំពេក តិចតួចតូចតាចនិងមានគុណភាព។ យើងត្រូវការព្រះសហគមន៍ដែលមានជំនឿ មានរបៀបឲ្យយើងទៅខាងមុខ ហើយខ្ញុំអរណាស់​ចំពោះ​ភាព​សាមញ្ញ​ដែល​យើង​មាននេះ។»

​ព្រះសហគមន៍​ខ្នាច​រមាស​ បច្ចុប្បន្ន​មាន​គ្រីស្តបរិស័ទពេញវ័យ​ចំនួន​​៦០នាក់ និង​កុមារ​ចំនួន​៣០នាក់។ តាម​លោក​ម៉ានុច​ បាន​ប្រាប់​ថា ភាគ​ច្រើន​គ្រីស្ត​បរិស័ទនៅទីនេះ​ បាន​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ប្រកប​ការងារ​ចិញ្ចឹមជីវិត ជា​អ្នក​ស៊ីឈ្នួល និង​ប្រកបអាជីវកម្មខ្នាតតូច៕

 

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn