អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤

បុណ្យរម្លឹក
សន្តីស្កូឡាស្ទីក ជាព្រហ្មចារិនី

ពណ៌ស

នាងស្កូឡាស្ទីក (ប្រ.៤៨០-៥៤៧ ) ជាប្អូនស្រីរបស់សន្ត បេណេឌីកតូ ដែលតែង​តាំង​វិន័យ​ព្រះ​សង្ឃក្នុងគ្រីស្តសាសនានៅទ្វីបអឺរ៉ុប។ នៅសម័យនោះ សង្គ្រាមរាលដាលក្នុងប្រទេសអ៊ីតាលី ជា​ប្រ​ទេស​របស់នាង តែនាងនៅតែបម្រើព្រះជាម្ចាស់ និងអ្នកដទៃដោយចិត្តនឹងន។

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ១២,២៦-៣២, ១៣,៣៣-៣៤

ព្រះបាទយេរ៉ូបោមរិះគិតថា៖«យោលតាមសភាពការណ៍ពេលនេះ អាណាចក្រខ្ញុំអាចធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់រាជវង្សព្រះបាទដាវីឌមិនខាន។ ប្រសិនបើប្រជាជន របស់ខ្ញុំ នៅតែទៅថ្វាយយញ្ញបូជាក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ដូច្នេះ ចិត្តគំនិតរបស់ពួកគេនឹងវិលទៅរករ៉ូបោម ជាស្តេចស្រុកយូដា និងជាម្ចាស់ដើមរបស់ពួកគេវិញ។ ពេលនោះ ពួកគេមុខជាសម្លាប់ខ្ញុំមិនខាន»។ ស្តេចបានរិះគិតអំពី មធ្យោបាយមួយ គឺឱ្យគេសិតធ្វើគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ!។ អ៊ីស្រាអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ ស្តេច​តំកល់រូបគោ មួយនៅបេតអែល និងមួយទៀតនៅក្រុងដាន់។ ស្តេចបាននាំប្រជាជនឱ្យប្រព្រឹត្ត អំពើបាប ព្រោះតែរូបគោនោះ។ ប្រជាជននាំគ្នាដង្ហែរូបគោ រហូតដល់ក្រុងដាន់។ ព្រះបាទយេរ៉ូបោមសង់ទីសក្ការៈនៅតាមទួលខ្ពស់ៗ រួចបានជ្រើសរើសមនុស្សពីចំណោម​ប្រជាជនដែលមិនមែនជាពួកលេវី ឱ្យធ្វើជាបូជាចារ្យ។ ព្រះបាទយេរ៉ូបោមបានកំណត់យកថ្ងៃទីដប់ប្រាំ នៃខែទីប្រាំបី សម្រាប់ប្រារព្ធពិធី​បុណ្យ ដូចនៅស្រុកយូដាដែរ។ ពេលនោះ ស្តេចយាងទៅថ្វាយយញ្ញបូជានៅលើ​អាសនៈ។ ស្តេចបានប្រព្រឹត្តរបៀបនេះ នៅបេតអែល គឺថ្វាយយញ្ញបូជាចំពោះរូបគោដែលស្តេចបានធ្វើ ព្រមទាំងយកបូជាចារ្យដែលស្តេចជ្រើសរើស សម្រាប់បម្រើការក្នុងទីសក្ការៈតាមទួលខ្ពស់ៗ ឱ្យមកបម្រើការនៅបេតអែលផង។ ព្រះបាទយេរ៉ូបោម​នៅតែពុំព្រមងាកចេញពីផ្លូវអាក្រក់។ ស្ដេចនៅតែបន្តជ្រើរើសមនុស្សក្នុងចំណោម​ប្រជាជនមកធ្វើជាបូជាចារ្យ សម្រាប់បម្រើការក្នុងទីសក្ការៈនៅតាមទួលខ្ពស់ៗ។ បើ​មានអ្នកណាចង់បម្រើកិច្ចការនេះ ស្ដេចក៏តែងតាំងគេឱ្យបម្រើការក្នុងទីសក្ការៈ នៅតាម​ទួលខ្ពស់ៗ។ អំពើទាំងនេះនាំឱ្យរាជវង្សរបស់ព្រះបាទយេរ៉ូបោមប្រព្រឹត្ដអំពើបាប ហេតុនេះហើយ បានជារាជវង្សនេះត្រូវរលាយសូន្យបាត់ពីផែនដី។

ទំនុកតម្កើងលេខ ១០៦ (១០៥),៦-៧.១៩-២២ បទពាក្យ ៧

យើងខ្ញុំបានធ្វើអំពើបាប អាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ
ដូចបុព្វបុរសកន្លងទៅ ធ្វើរឿងអាស្រូវមិនទំនង
កាលនៅអេស៊ីបបុព្វបុរស បំភ្លេចទាំងអស់គ្រាកន្លង
ពុំយល់ពីការអស្ចារ្យផង របស់ព្រះអង្គធ្វើនោះទេ
១៩ លើភ្នំហូរ៉ែបគេជួបជុំ យកមាសទាំងដុំនាំគ្នាជួយ
ឆ្លាក់ដាប់ដុតដំបានគោមួយ គេលែងភ័យព្រួយទុកជាព្រះ
២០ ពួកគេបែរជាយករូបសត្វ មកទុកថ្វាយថ្វាត់ក្រាបសំពះ
ជាសត្វស៊ីស្មៅដើរពេញពាស ទុកដូចជាព្រះគួរគោរព
២១ ពួកគេភ្លេចថាព្រះតែមួយ ជាព្រះដែលជួយទាំងថ្ងៃយប់
ដោយស្នាព្រះហស្តខ្ពស់លើសលប់ ពាសពេញសាយសព្វស្រុកអេស៊ីប
២២ ការអស្ចារ្យទៀតដែលមាននៅ ក្នុងស្រុកកូនចៅអប្រាហាំស្រាប់
និងស្នាព្រះហស្តដ៏ចំណាប់ គួរឱ្យស្ញែងស្ញប់ឯសមុទ្រ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ចិញ្ចឹមប្រជារាស្រ្តរបស់ព្រះអង្គនៅវាលរហោស្ថាន ទ្រង់ប្រទានអាហារនៃស្ថានសួគ៌ឱ្យគេបរិភោគឆ្អែត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,១-១០

នៅពេលនោះ បណ្តាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្តងទៀត។ ដោយ​គេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កមក ហើយមានព្រះបន្ទូលថា៖«ខ្ញុំ​អាណិតអាសូរបណ្តាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈបីថ្ងៃមកហើយ ហើយគេគ្មានអ្វីបរិភោគសោះ។ ប្រសិនបើខ្ញុំឱ្យគេត្រឡប់ទៅផ្ទះវិញទាំងពោះទទេគេមុខជាអស់កម្លាំងដួលតាមផ្លូវជាមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឱ្យ​គេបរិភោគឆ្អែតគ្រប់គ្នាបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖«តើអ្នករាល់គ្នាមាននំប័ុងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ»។ ព្រះអង្គក៏ប្រាប់បណ្តាជនឱ្យអង្គុយផ្ទាល់នឹងដី ទ្រង់យកនំប័ុងទាំងប្រាំពីរដុំមកកាន់អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យក្រុមសាវ័កចែកបណ្តាជន។ គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះ​គុណព្រះជាម្ចាស់ រួចប្រាប់ក្រុមសាវ័កឱ្យចែកត្រីទាំងនោះដល់គេ។ គេបានបរិភោគ​ឆ្អែតទាំងអស់គ្នា ហើយប្រមូលនំប័ុង និងត្រីដែលនៅសល់បានប្រាំពីរជាល។ នៅពេល​នោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក ព្រះយេស៊ូប្រាប់គេឱ្យ​វិញត្រឡប់ទៅផ្ទះវិញ។ ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយក្រុមសាវ័កឆ្ពោះទៅតំបន់ដាល់ម៉ានូថា។

Facebook
Twitter
LinkedIn