បុណ្យរម្លឹក
សន្ដប៉ូលមីគី និងសហជីវិន
ជាមរណសាក្សីនៅប្រទេសជប៉ុន
ពណ៌ក្រហម
ថ្ងៃ ៥ កុម្ភៈ ១៥៩៧ នៅក្រុងណាកាសាគី (ប្រទេសជប៉ុន) រដ្ឋអំណាចជប៉ុនឆ្កាងសម្លាប់គ្រីស្តបរិស័ទជប៉ុន១៧នាក់ និងគ្រីស្តបរិស័ទបរទេសចំនួន ៩នាក់។ ក្នុងចំណោមអ្នកទាំងនោះមានលោក ប៉ូលមីគី ជាបព្វជិត មានគ្រូបង្រៀន មានអ្នកបកប្រែភាសា មានគ្រូពេទ្យ ២នាក់ ហើយមានកូនក្មេងអាយុ១១ និង១៣ ឆ្នាំផង។ ពេលជាប់លើឈើឆ្កាង លោកប៉ូលមីគីនៅតែដាស់តឿនអ្នករងគ្រោះជាមួយ ហើយប្រៀនប្រដៅអ្នកដទៃឱ្យជឿលើព្រះគ្រីស្ត។ លោកអត់ទោសឱ្យអ្នកដែលប្រហារជីវិតលោកដែរ។ នៅជាទីបញ្ចប់ ទាហានក៏ចាក់ទម្លុះបេះដូងរបស់ពួកគេ។
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ៨,២២-២៣.២៧-៣០
នៅថ្ងៃសម្ពោធព្រះវិហារក្រុងយេរូសាឡឹម ព្រះបាទសាឡូម៉ូនឈរពីមុខអាសនៈរបស់ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ទ្រង់លើកព្រះហស្តទៅលើមេឃ ហើយទូលថា៖ «បពិតព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រីហើយសម្តែងព្រះហប្ញទ័យមេត្តាករុណាចំពោះអ្នកបម្រើរបស់ព្រះអង្គដែលដើរតាមព្រះអង្គ ដោយស្មោះអស់ពីចិត្ត។ តើព្រះជាម្ចាស់ពិតជាអាចគង់នៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃនិងលំហដ៏ធំធេង ក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទម្រាំបើព្រះដំណាក់ ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។ បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះការណ៍ស្តាប់ពាក្យអធិដ្ឋាន និងពាក្យអង្វរបស់ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមទ្រង់ព្រះសណ្តាប់សម្រែក និង ពាក្យអធិដ្ឋានរបស់ទូលបង្គំនៅថ្ងៃនេះផង! សូមទតមើលមកព្រះដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “ទីនេះ ជាកន្លែងសម្រាប់ឱ្យយើងនៅ”។ ពេលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គអធិដ្ឋាននៅទីនេះ សូមទ្រង់់ព្រះសណ្តាប់ផង។ កាលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និង អ៊ីស្រាអែលជាប្រជារាស្រ្តរបស់ព្រះអង្គអធិដ្ឋានឆ្ពោះមកទីនេះ សូមទ្រង់មេត្តាព្រះសណ្តាប់ផង។ បពិត្រព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខ សូមមេត្តាព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ និងអត់ទោសឱ្យយើងខ្ញុំផង!»។
ទំនុកតម្កើងលេខ ៨៤ (៨៣),៣-៥.១០-១១ បទព្រហ្មគីតិ
៣ | ខ្ញុំសែនអន្ទះសារ | ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់ | |
ចង់ចូលវិហារព្រះ | ជាអម្ចាស់ទាំងចិត្តកាយ | ។ | |
ចិត្តចង់នៅជាមួយ | ព្រះអង្គជួយមិនរសាយ | ||
អស់ពីកម្លាំងកាយ | មិនមានណាយរួមទាំងចិត្ត | ។ | |
៤ | ត្រចៀកកាំនិងចាប | ជាដរាបវានែបនិត្យ | |
សំបុកធ្វើនៅជិត | ទីអាសនៈនៃព្រះអង្គ | ។ | |
៥ | អស់អ្នកដែលបានស្នាក់ | ក្នុងដំណាក់ដ៏ត្រចង់ | |
មានសុភមង្គលផង | សរសើរថ្កើងទ្រង់មិនឈប់ | ។ | |
១០ | ឱ! ព្រះជាអម្ចាស់ | ទតឱ្យច្បាស់កុំរំលង | |
មើលស្តេចដែលឃុំគ្រង | ជាខែលរងបាំងការពារ | ។ | |
សូមទ្រង់ព្រះសន្តោស | មេត្តាប្រោសព្រះរាជា | ||
ដែលព្រះអង្គគាំពារ | បានអភិសេកដោយប្រេងជ័យ | ។ | |
១១ | មួយថ្ងៃដែលនៅក្នុង | វិហារទ្រង់សប្បាយក្រៃ | |
ជាងរស់មួយពាន់ថ្ងៃ | នៅកន្លែងដទៃទៀត | ។ | |
ខ្ញុំបានសម្រេចចិត្ត | ឈរនៅជិតមិនចង់ឃ្លាត | ||
ជាជាងស្នាក់នៅបៀត | ក្នុងលំនៅមនុស្សអាក្រក់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,៣៦.២៩
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! សូមទាក់ទាញចិត្តយើងខ្ញុំឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ! សូមប្រោសយើងខ្ញុំឱ្យប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអង្គផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៧,១-១៣
មានពួកខាងគណៈផារីស៊ី និងធម្មាចារ្យខ្លះ នាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួបព្រះយេស៊ូ។ គេឃើញសាវ័កខ្លះបរិភោគអាហារដោយដៃមិនបរិសុទ្ធ គឺគេមិនបានលាងដៃជាមុន។ ធម្មតា ពួកផារីស៊ី និងជនជាតិយូដាទាំងអស់ តែងធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់ មុននឹងបរិភោគតាមទំនៀមទម្លាប់របស់ចាស់បុរាណ។ នៅពេលត្រឡប់ មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីជម្រះខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាធ្វើពិធីលាងពែង លាងថូទឹក លាង ឆ្នាំង លាងតុ ជាដើម ពួកខាងគណៈផារីស៊ី និងពួកធម្មចារ្យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់ទំនៀមទំម្លាប់របស់ចាស់បុរាណ គឺបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្យាការីអេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត” ត្រូវណាស់! ដូចមានចែងថា “ប្រជារាស្រ្តនេះគោរពយើងតែបបូរមាត់ប៉ុណ្ណោះ ឯចិត្តគេនៅឆ្ងាយពីយើងទេ។ គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ”។ អ្នករាល់គ្នាបោះបង់ចោលវិន័យរបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។ ព្រះអង្គមានព្រះបន្ទូល ទៀតថា៖«អ្នករាល់គ្នាប្រសប់បំបាត់វិន័យរបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។ ពាក្យលោកម៉ូសេបានថ្លែងថា“ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្តាសាមាតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត”។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថា “ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្តាយថា អ្វីៗដែលកូនត្រូវជូនលោកឪពុកអ្នកម្តាយ កូនបានរាប់ថាជា “គ័របាន់” ស្រេចទៅហើយ (ពាក្យនេះប្រែថា ទុកជាតង្វាយថ្វាយព្រះជាម្ចាស់) អ្នករាល់គ្នាពុំទុកឱ្យគាត់ជួយឪពុកម្តាយឡើយ។ អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយទំនៀមទម្លាប់ដែលអ្នករាល់គ្នាបង្រៀនតៗគ្នា។ អ្នករាល់គ្នាធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះដែរ»។