ព្រះសហគមន៍កែវ សីមា ស្ថិតក្នុងខេត្តមណ្ឌលគិរី ភាគឦសាន្តនៃប្រទេសកម្ពុជា នឹងមានព្រះវិហារថ្មីឆាប់ៗនេះ ដែលកំពុងចាក់សសរគ្រឹះនិងបញ្ចុះបឋមសិលា កាលពីថ្ងៃទី០១ ខែកម្ភៈ កន្លងទៅ ក្រោមអធិបតីភាពលោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ដែលមានគ្រីស្តបរិស័ទមកពីព្រះសហគមន៍ផ្សេងៗ ក្នុងតំបន់មណ្ឌលគិរី រួមជាមួយលោកបូជាចារ្យ បងស្រី ប្រមាណ១៥០នាក់ ចូលរួមគ្នាថ្វាយអភិបូជាអរព្រះគុណព្រះជាម្ចាស់។
ក្នុងធម្មទេសនានាថ្ងៃនោះលោកអភិបាល សិលា សួន ហង្សលី បានមានប្រសាសន៍ទៅគ្រីស្តបរិស័ទទាំងអស់ថា យើងចាប់ផ្តើមសាងសង់ព្រះវិហារនៅទីនេះ ព្រោះមានគ្រីស្តបរិស័ទកាន់តែច្រើនទៅៗ។ លោករំពឹងថា ពេលមានព្រះវិហារថ្មី នឹងមានមនុស្សមកកាន់តែច្រើន ហើយជួយគ្នាប្រកាសដំណឹងល្អ ដើម្បីឲ្យព្រះសហគមន៍កាន់តែរីកចម្រើនឡើង។
ព្រះសហគមន៍កែវមានចំងាយប្រមាណ៩០គីឡូម៉ែត្រពីក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី ដែលមានគ្រីស្តបរិស័ទជាជនជាតិដើមភាគតិចព្នង។ បច្ចុប្បន្ន មានគ្រីស្តបរិស័ទចំនួន៧០នាក់ និងមានអ្នកទទួលឈ្វេងយល់ជំនឿចំនួន១៥នាក់។
លោកអភិបាលអធិបតី មានប្រសាសន៍ទៀតថា ពេលណាយើងនិយាយពីកសាងព្រះសហគមន៍ គឺយើងបន្តវេនពីក្រុមគ្រីស្តទូត មានលោកអភិបាល លោកបូជាចារ្យ ហើយគ្រីស្តបរិស័ទត្រូវរួមជាមួយគណៈកម្មការនិងលោកបូជាចារ្យ ធ្វើសកម្មភាពនិងរកវិធីដើម្បីឲ្យព្រះសហគមន៍អាចបង្ហាញពីវត្តមានរបស់ព្រះជាម្ចាស់ដល់មនុស្សនៅជុំវិញបានដឹងនិងស្គាល់។
លោកបញ្ជាក់ថា៖ «សូមឲ្យព្រះវិហាររបស់យើង ពន្លឺនៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ទៅដល់បងប្អូនដែលនៅជុំវិញយើង ដើម្បីឲ្យគេស្គាល់ព្រះគ្រីស្ត ហើយទទួលការសង្គ្រោះដែលមកពីព្រះអង្គ។»
តាមការរៀបរាប់របស់លោកបូជាចារ្យ យ៉ូហាន ម៉ារី វីយ៉ាណែរ ផាន បូរី ជាអ្នកទទួលខុសត្រូវលើព្រះសហគមន៍តំបន់មណ្ឌលគិរីបានឲ្យដឹងថា កាលពីដើមឆ្នាំ២០០៩ មានអ្នកនៅតំបន់កែវ សីមា បានទៅដល់ប្រទេសវៀតណាម ដោយនៅទីនោះជិតមួយឆ្នាំជាមួយគ្រីស្តបរិស័ទទៅសួរសុខទុក្ខគ្រីស្តបរិស័ទ និងអ្នកជិតខាង ដែលកត្តាទាំងនេះពួកគាត់ទទួលបានពន្លឺនៃដំណឹងល្អ។
នៅចុងខែធ្នូ ឆ្នាំ២០០៩ គ្រួសារចំនួន២ បានទទួលជឿជាគ្រីស្តបរិស័ទ ហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១០ ពួកគាត់បានជួបលោកបូជាចារ្យទទួលខុសត្រូវនៅខេត្តមណ្ឌលគិរី។ លោកបន្តថា រហូតដល់ឆ្នាំ២០១៦ រដ្ឋាភិបាលបានអនុញ្ញាតឱ្យយើងសាងសង់កូនវិហារបណ្តោះអាសន្នមួយ សម្រាប់ប្រារព្ធពិធីអភិបូជា និងអគ្គសញ្ញាផ្សេងៗ។
នៅក្នុងពិធីបញ្ចុះបឋមសិលានោះ លោកអភិបាលបានបញ្ចុះថ្មចំនួនពីរ ទីមួយជាថ្មដែលយកពីភូមិហ្គាទី ជាកន្លែងថ្មីដែល កំពុងមានអ្នកឈ្វេងយល់ជំនឿនៅមណ្ឌលគិរី និងថ្មទីពីរជាថ្មមួយយកពីព្រះវិហារចាស់នៅបាណាម (ព្រះសហគមន៍នៅអ្នកលឿងសព្វថ្ងៃ) ដែលមានអាយុកាល១៦០ឆ្នាំ ជាព្រះសហគមន៍មួយមានវ័យចំណាស់ជាងគេក្នុងភូមិភាគកំពង់ចាម។
លោក យេក មិញ ជាអ្នកទទួលខុសត្រូវលើការសាងសង់ព្រះវិហារកែវសីមានេះបានឲ្យដឹងថា ព្រះវិហារនេះមានបណ្តោយ ៣២.ម និងទទឹង ១៧.ម និងគម្រោងសាងសង់នេះត្រូវការយៈពេលជិតមួយឆ្នាំ។
ព្រះវិហារថ្មីនេះ នឹងមានឈ្មោះ សន្តយ៉ូសែប កែវសីមា ទទួលខុសត្រូវដោយលោកបូជាចារ្យ យ៉ូហាន ម៉ារី វីយ៉ាណែរ ផាន បូរី រួមនិងលោកជំនួយការគឺលោកបូជាចារ្យ យ៉ូហានបាទីស្ត ប្រាក់ ប៊ុនហុង។ ព្រះសហគមន៍នេះ មានគ្រីស្តបរិស័ទជាជនជាតិព្នង ដែលប្រកបមុខរបរធ្វើចម្ការ៕
ដោយ៖ លោក ម៉េង ភីឡុង