សូមថ្លែងពរ្ហគម្ពីរព្យាការីសាមូអែល ១សម ៣,១-១០.១៩-២១-៤,១
កុមារសាមូអែលនៅបម្រើព្រះអម្ចាស់ក្រោមការគ្រប់គ្រងរបស់លោកហេលី។ នៅគ្រានោះ ព្រះអម្ចាស់កម្រមានព្រះបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែលណាស់ ហើយក៏ កម្រឱ្យនរណាម្នាក់ឃើញនិមិត្តហេតុមកពីព្រះអង្គដែរ។ ពេលនោះ ភ្នែករបស់លោកហេលី ចាប់ផ្តើមងងឹត មើលអ្វីសឹងតែលែងឃើញទៀត។ មានយប់មួយលោកហេលី សម្រាន្តនៅក្នុងបន្ទប់របស់លោក រីឯចង្កៀងដែលគេដុតក្នុងទីសក្ការៈមិនទាន់រលត់នៅឡើយ ហើយកុមារសាមូអែលដេកនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ត្រង់កន្លែងដំកល់ហិបនៃសម្ព័ន្ធមេត្រី។ ស្រាប់តែព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាមូអែល កុមារសាមូអែលក៏ឆ្លើយថា «បាទ!» ហើយរត់រកលោកហេលីទាំងពោលថា៖«បាទ! លោកតាហៅខ្ញុំមានការអ្វី»?។ លោកហេលីឆ្លើយថា៖ «តាមិនបានហៅឯងទេ! ទៅដេកវិញទៅ!»។ កុមារសាមូអែលក៏ត្រឡប់ទៅដេកវិញ។ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាមូអែលម្តងទៀត។ សាមូអែលក្រោកឡើងរត់ទៅរកលោកហេលី ទាំងពោលថា៖«បាទ! លោកតាហៅខ្ញុំមានការអី្វ?»។ លោកឆ្លើយថា៖ «តាមិនបានហៅឯងទេ! ទៅដេកវិញទៅកូនអើយ!»។ កុមារសាមូអែលមិនទាន់ស្គាល់ព្រះអម្ចាស់ទេ ដ្បិតមកទល់ពេលនេះ ព្រះអង្គពុំធ្លាប់មានព្រះបន្ទូលមកកាន់គេសោះ។ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាមូអែលម្តងទៀត ជាលើកទីបី។ កុមារសាមូអែលក៏ក្រោកឡើង រត់ទៅរកលោកហេលី ទាំងពោលថា ៖ «បាទ! លោកតាហៅខ្ញុំមានការអី្វ?»។ ពេលនោះ លោកហេលីក៏យល់ថា ព្រះអម្ចាស់មានព្រះបន្ទូលហៅក្មេងនេះ។ លោកហេលីប្រាប់សាមូអែលថា៖ទៅដេកវិញទៅ! ប្រសិនបើមានឮសំឡេងហៅម្ដងទៀត ត្រូវឆ្លើយថា “បពិត្រព្រះអម្ចាស់! សូមព្រះអង្គមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើចាំស្តាប់ហើយ”»។ កុមារសាមូអែលក៏ត្រឡប់ទៅដេកកន្លែងដដែលវិញ។ ព្រះអម្ចាស់យាងមកឈរនៅក្បែរនោះ ហើយមានព្រះបន្ទូលហៅដូចលើកមុនៗថា ៖ «សាមូអែល! សាមូអែល!»។ កុមារសារមូអែលឆ្លើយថា៖ «សូមព្រះអង្គមានព្រះបន្ទូលមកចុះ ទូលបង្កំជាអ្នកបម្រើចាំស្តាប់ព្រះអង្គហើយ» ។
សាមូអែលមានវ័យចម្រើនធំឡើង ព្រះអម្ចាស់គង់ជាមួយលោក ហើយគ្រប់សេចក្តីដែលលោកថ្លែងក្នុងព្រះនាមព្រះអង្គសុទ្ទតែបានសម្រេចទាំងអស់។ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា ប្រជាជនគ្រប់ៗគ្នាទទួលស្គាល់ថា លោកសាមូអែលពិតជាព្យាការីរបស់ព្រះអម្ចាស់មែន។ ព្រះអម្ចាស់តែងតែយាងមកជួបលោកសាមូអែលនៅភូមិស៊ីឡូ។ នៅទីនោះ ព្រះអម្ចាស់សម្តែងឱ្យលោកស្គាល់ព្រះអង្គ ដោយសារព្រះបន្ទូល។ លោកសាមូអែលក៏នាំយកព្រះបន្ទូលនេះទៅប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល ។
ទំនុកតម្កើងលេខ ៤០ (៣៩), ២.៥.៧-១០ បទពាក្យ ៧
២. | ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ | ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង | |
ស្តាប់សូរសម្រែកមិនលម្អៀង | ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ | ។ | |
៥. | មនុស្សណាដែលបានផ្ញើជីវិត | លើព្រះមានប្ញទ្ធិដ៏អង់អាច | |
មិនបែរគោរពទៅខ្លបខ្លាច | ព្រះមានអំណាចព្រះបោកប្រាស | ។ | |
៧. | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្តាប់ព្រះតម្រិះនៃព្រះអង្គ | ។ | |
៨. | ដូច្នេះទូលបង្គំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង | |
ទូលបង្គំប្រព្រឹត្តឥតរេរង់ | តាមសេចក្តីក្នុងព្រះគម្ពីរ | ។ | |
៩. | ទូលបង្គំពេញចិត្តធ្វើតាមព្រះ | ហប្ញទ័យអម្ចាស់គ្រប់ទិសទី | |
វិន័យទ្រង់ដិតជាប់ជីវី | ក្នុងចិត្តគិតពីទ្រង់ជានិច្ច | ។ | |
១០. | ខ្ញុំនឹងប្រកាសធម៌មេត្តា | ធម៌ករុណាធម៌សុចរិត | |
ព្រះអង្គជ្រាបហើយទ្រង់អាណិត | ខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៨
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,២៩-៣៩
ព្រះយេស៊ូនិងសាវ័ក នាំគ្នាចេញពីធម្មសាលា ចូលទៅផ្ទះលោកស៊ីម៉ូននិងលោកអន់ដ្រេ លោកយ៉ាកុបនិងលោកយ៉ូហាន ក៏ទៅជាមួយដែរ។ ម្តាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្តនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូលព្រះអង្គភ្លាមថា គាត់ឈឺ។ ព្រះអង្គយាងចូលទៅជិត ចាប់ដៃគាត់ឱ្យក្រោកឡើង។ គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។ លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺនិងមនុស្សខ្មោចចូលទាំងអស់មករកព្រះយេស៊ូ។ អ្នកក្រុងទាំងប៉ុន្មាន មកផ្តុំគ្នានៅមាត់ទ្វារកំពែងក្រុង។ ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ដែលមានជំងឺផ្សេងៗឱ្យបានជាសះស្បើយ ហើយព្រះអង្គដេញខ្មោចជាច្រើនចេញពីមនុស្សផង។ ព្រះអង្គមិនអនុញ្ញាតឱ្យខ្មោចនិយាយជាដាច់ខាត ព្រោះពួកវាស្គាល់ឋានៈរបស់ព្រះអង្គ ។ លុះព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះទៅកន្លែងមួយស្ងាត់ ហើយព្រះអង្គអធិដ្ឋាននៅទីនោះ ។ លោកស៊ីម៉ូននិងអ្នកដែលនៅជាមួយគាត់ នាំគ្នាតាមរកព្រះអង្គ។ លុះបានជួបហើយ គេទូលថា៖ «គេខំស្វែងរកលោកគ្រប់ៗគ្នា»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះ»។ ព្រះអង្គយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អនៅតាមធម្មសាលាទាំងឡាយរបស់គេ ព្រមទាំងដេញខ្មោចចេញពីមនុស្សផង។