កុមារត្រូវការការចូលរួមពីអាណាព្យាបាលនិងគ្រូ

ក្នុងពិធីបើកបវេសនកាលសាលាមត្តេយ្យអូរពពូល​ លោក​ សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ឲ្យ​អាណាព្យាបាលកុមារ​តូច​​ជួយ​អប់រំ​បន្ថែម​ ទាំង​ចំណេះដឹង និង​អនាម័យ​ខ្លួន​ប្រាណដល់​កូនៗរបស់​ពួកគាត់។

សាលាមត្តេយ្យអូរពពូល ជា​សាលារបស់​ព្រះសហគមន៍កាតូលិក​ស្ថិត​ក្នុង​ភូមិអូរពពូល ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១០ ហើយ​បាន​ជួសជុល​និង​ប្រើប្រាស់ឡើងវិញ​ក្នុង​ឆ្នាំ​២០១៤ បន្ទាប់​មក​ត្រូវ​បាន​ផ្អាកសកម្មភាព​មួយ​រយៈពេល និង​ក្នុងឆ្នាំ​២០២៣​នេះ បាន​រៀបចំ​ឲ្យ​មាន​សកម្មភាព​ឡើងវិញ។ សាលាមត្តេយ្យនេះ បច្ចុប្បន្ន​ស្ថិត​ក្រោមការទទួលខុសត្រូវរបស់​លោកបូជាចារ្យ ហ្គីយ៉ូម ពីនហ្គាត។

ក្នុងកម្មវិធី​បើក​បវេសនកាលឆ្នាំ​សិក្សា​ថ្មីនេះ ​បាន​ធ្វើ​ឡើងនៅថ្ងៃទី​១៤ ខែធ្នូ ដោយ​មាន​មន្ត្រីរដ្ឋាភិបាល អាណាព្យាបាល​សិស្ស និង​សិស្សានុសិស្ស​ចូលរួម​ជិត​១០០នាក់។

ជាមួយគ្នានេះ លោកអភិបាលព្រះសហគមន៍​ សូម​ឲ្យលោកគ្រូអ្នកគ្រូ​ខិត​ខំ​បន្ត​អប់រំ​កុមារ​ឲ្យល្អប្រសើរ​ ដើម្បី​ឲ្យពួកគាត់​អាច​ក្លាយជា​ពលរដ្ឋល្អក្នុងពេលអនាគត។

ក្នុងនោះដែរ លោកអភិបាល​សំណូមពរឲ្យមាតាបិតាជួយសហការ​ជាមួយអ្នកគ្រូបង្រៀន ជួយដល់កូនសិស្សឲ្យ​ចេះ​ថែរក្សា​បរិស្ថាន​និង​អនាម័យខ្លួនប្រាណ ដើម្បី​កាត់​​បន្ថយជំងឺផ្សេងផ្សេង។

តាមអ្នកគ្រូ ឧត្តម ស្រីវីន ដែលគ្រប់គ្រងសាលាមត្តេយ្យនេះ បានឲ្យដឹងថា នៅក្នុងភូមិអូរពពូលនេះមានសាលាមត្តេយ្យនេះតែមួយគត់ ហើយបច្ចុប្បន្ននេះ សាលាមាន​ថ្នាក់រៀន​ចំនួន​១ ដែលមានកូនសិស្ស​ចំនួន​​២០នាក់។

ព្រះសហគមន៍កាតូលិក​ចម្លាក់ សព្វថ្ងៃមានសាលាមត្តេយ្យ៤កន្លែង គឺ សាលាមត្តេយ្យពន្លឺព្រះអាទិត្យនៅចម្លាក់ សាលាមត្តេយ្យត្រពាំងកណ្តោល សាលាមត្តេយ្យនៅភូមិអូរពពូល និងសាលាមត្តេយ្យ​នៅភូមិទួល៕

 

ដោយ៖ ម៉េង ភីឡុង

Facebook
Twitter
LinkedIn