ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា ! មានតែព្រះអង្គទេដែលអាចសង្គ្រោះមនុស្សលោក និងរំដោះយើងខ្ញុំឱ្យរួចពីអំពើអាក្រក់គ្រប់បែបយ៉ាង។ សូមទ្រង់ព្រះមេត្តាសម្តែងតេជានុភាពដ៏អស្ចារ្យរបស់ព្រះអង្គ។ សូមយាងមកប្រោសយើងខ្ញុំឱ្យកាន់កិរិយាមារយាទល្អត្រឹមត្រូវបរិសុទ្ធ ដែលគាប់ព្រះហឫទ័យព្រះអង្គផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ ២៩,១៧-២៤
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បន្តិចទៀត ព្រៃព្រឹក្សានៅលើភ្នំលីបង់នឹងត្រឡប់ទៅជាចម្ការដំណាំ ហើយចម្ការដំណាំក្លាយទៅជាព្រៃព្រឹក្សាវិញ។ នៅគ្រានោះ មនុស្សថ្លង់នឹងឮព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរ ឯមនុស្សខ្វាក់នឹងឈប់ងងឹតភ្នែក ហើយមើលឃើញ។ ព្រះអម្ចាស់នឹងប្រោសអ្នកតូចតាចឱ្យមានអំណរសប្បាយកាន់តែខ្លាំងឡើងៗ ហើយព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែលនឹងប្រោសអ្នកទីទ័លក្រឱ្យត្រេកអរសប្បាយឡើងដែរ។ ស្តេចដែលកាន់លទ្ធិផ្តាច់ការនឹងត្រូវវិនាសសាបសូន្យ ហើយអ្នកដែលមើលងាយព្រះជាម្ចាស់ក៏លែងមានទៀតដែរ។ អស់អ្នកដែលចូលចិត្តធ្វើអំពើអាក្រក់ដល់អ្នកដទៃនឹងត្រូវបាត់បង់ជីវិត គឺពួកដែលប្រើឧបាយកលឱ្យចៅក្រមធ្វើទោសអ្នកគ្មានកំហុស ហើយពួកដែលចោទប្រកាន់អ្នកសុចរិតថាធ្វើអំពើអាក្រក់ មុខជានឹងត្រូវវិនាសសាបសូន្យពុំខាន។ ហេតុនេះហើយ បានជាព្រះអម្ចាស់ជាព្រះរបស់កូនចៅលោកយ៉ាកុប និងជាព្រះដែលបានសង្គ្រោះលោកអប្រាហាំ ទ្រង់មានព្រះបន្ទូលថា៖ «តាំងពីពេលនេះតទៅ កូនចៅលោកយ៉ាកុបលែងអាម៉ាស់ទៀត ហើយមុខគេក៏លែងស្លាំងដែរ ដ្បិតគេឃើញការណ៍ដ៏អស្ចារ្យដែលយើងប្រព្រឹត្តសម្រាប់ពួកគេ។ ពួកគេនឹងទទួលស្គាល់នាមរបស់យើង ពួកគេទទួលស្គាល់ថា យើងជាព្រះដ៏វិសុទ្ធរបស់លោកយ៉ាកុប ហើយគេកោតខ្លាចយើង ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ ពួកគេបានវង្វេងស្មារតី តែពួកគេនឹងចាប់ផ្តើមមានប្រាជ្ញាឡើងវិញ រីឯមនុស្សរឹងរូសមិនព្រមស្តាប់ ក៏នឹងសុខចិត្តទទួលពាក្យប្រៀនប្រដៅដែរ»។
ទំនុកតម្កើងលេខ ២៧,១.៤.១៣-១៤ បទពាក្យ ៧
១. | ព្រះអម្ចាស់ទ្រង់ជាពន្លឺ | នាមល្បីរន្ទឺព្រះសង្គ្រោះ | |
មិនឱ្យខ្ញុំខ្លាចនរណាសោះ | ជាកំពែងខ្ពស់ជួយជីវិត | ។ | |
៤. | ខ្ញុំទូលព្រះម្ចាស់នូវសេចក្តី | តែមួយគត់ខ្លីឱ្យបានច្បាស់ | |
គឺចង់ស្នាក់នៅដំណាក់ព្រះ | ឥតមានក្រឡាស់មួយជីវិត | ។ | |
ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ | ឫទ្ធានុភាពថ្កុំថ្កើងពិត | ||
នឹងថ្វាយបង្គំម្ចាស់ជីវិត | ព្រះអង្គគង់ស្ថិតក្នុងវិហារ | ។ | |
១៣. | ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន | ឃើញសុខក្សេមក្សាន្តមិនអាស្រូវ | |
មង្គលកើតពីព្រះម្ចាស់នៅ | ក្នុងលោកតទៅជាមិនខាន | ។ | |
១៤. | ចូរទុកចិត្តលើព្រះអម្ចាស់ | ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន | |
ចូរមានកម្លាំងចិត្តក្លាហាន | នោះអ្នកនឹងមានសុខមង្គល | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹង
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់របស់យើងយាងមកប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកបំភ្លឺចិត្តគំនិតអ្នកបម្រើរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាថាយ មថ ៩,២៧-៣១
នៅគ្រានោះ ព្រះយេស៊ូកំពុងតែធ្វើដំណើរ។ មនុស្សខ្វាក់ពីរនាក់មកតាមព្រះអង្គទាំងស្រែកថា៖«ព្រះរាជ្យវង្សព្រះបាទដាវីឌអើយ! សូមអាណិតអាសូរយើងខ្ញុំផង»។ ពេលព្រះអង្គយាងទៅដល់ផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ចូលទៅជិតព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖«តើអ្នកជឿថា ខ្ញុំអាចធ្វើឱ្យភ្នែកអ្នកភ្លឺបានឬ?»។ គេទូលព្រះអង្គថា៖«ព្រះអម្ចាស់អើយ! យើងខ្ញុំជឿហើយ!»។ ព្រះអង្គក៏ពាល់ភ្នែកអ្នកទាំងពីរទាំងមានព្រះបន្ទូលថា៖«សូមឱ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ ពេលនោះ ភ្នែករបស់គេក៏បានភ្លឺ។ ព្រះយេស៊ូហាមប្រាមគេយ៉ាងម៉ឺងម៉ាត់ថា៖«ចូរប្រយ័ត្ន កុំឱ្យនរណាដឹងឡើយ»។ ប៉ុន្តែ បុរសទាំងពីរចេញទៅផ្សព្វផ្សាយរឿងនោះឱ្យគេដឹងពាសពេញស្រុក។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្រះយេស៊ូឱ្យធ្វើជាពន្លឺបំភ្លឺចិត្តគំនិតយើងខ្ញុំ។ យើងខ្ញុំគ្មានអ្វីថ្វាយព្រះអង្គទេ ក្រៅពីចិត្តជឿសង្ឃឹមរបស់យើងខ្ញុំ ដែលសូមផ្ញើជីវិតទាំងស្រុងលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលយើងខ្ញុំដោយអនុគ្រោះផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រោសប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ ក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំអាចទទួលស្គាល់សញ្ញានៃវត្តមានរបស់ព្រះអង្គក្នុងពិភពលោកនេះផង។