លោកអភិបាលដាស់តឿនគ្រីស្តបរិស័ទអំពីតួនាទីរបស់ខ្លួន

នៅព្រះវិហារ​ព្រះបេះដូងព្រះយេស៊ូ​កោះនរា នារាជធានីភ្នំពេញនាថ្ងៃទី​១៩ ខែ​វិច្ឆិកា លោក ​អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ និយាយទៅកាន់​គ្រីស្តបរិស័ទ​អំពី​តួនាទី​ដែល​គ្រីស្ត​បរិស័ទ​ត្រូវ​​ធ្វើ​ជា​បុត្រធីតារបស់​ព្រះបិតា ដែលមាន​ព្រះយេស៊ូ​ជា​ស្ពាន។

លោក​មាន​ប្រសាសន៍ថា ​«ព្រះជាម្ចាស់​ចង់​ឲ្យ​យើងដា​ក់​ខ្លួន​តែមិន​ប្រាថ្នាឱ្យយើង​​​លាក់ខ្លួននោះឡើយ គឺត្រូវ​បំពេញ​តាម​តួនាទីរបស់​យើង​ដោយខិតខំ​បំពេញ​និង​ស្មោះត្រង់។»

លោកអភិបាល​បាន​ជំរុញឲ្យ​គ្រីស្ត​បរិស័ទ​រិះគិត​អំពី​អ្នក​ក្រីក្រ ស្ត្រីមេម៉ាយ យុវជន​ដែល​កំពុង​ស្វែងរក​ការងារ និង​យុវជន​ដែល​កំពុង​ធ្វើ​ការ​នៅ​កាស៊ីណូ និង​អស់អ្នកដែលរងទុក្ខ​លំបាក​នានានិង​ដោយសារសង្គ្រាម​ និង​ជំរុញ​ឲ្យ​ឪពុកម្តាយ​យកចិត្ត​ទុកដាក់​ឲ្យ​កូន​ទទួល​បាន​ការ​អប់រំនៅ​សាលារៀន​។

«ការសិក្សា​អប់រំ​ចំណេះទូទៅសម្រាប់​កូនក្មេង​និង​យុវជន គឺសំខាន់​គឺ​អាច​នាំអោយគេ​មាន​អនាគត​ភ្លឺស្វាង» លោក​បន្តថា ​ការសិក្សា​ជាសកម្មភាព​ដែល​ជាមេត្តាករុណារបស់​ព្រះជាម្ចាស់​ «សូមឲ្យ​​ផុស​ឡើង​ដូច​ផ្កាឈូក»។

ព្រះជាម្ចាស់ចង់ឲ្យ​យើង​​​ចូលរួម​ទៅតាម​អំណោយទាន​ដែល​ព្រះអង្គ​​ផ្ដល់ឲ្យ​ ព្រោះ​«​មនុស្ស​ទាំង​អស់​មានសិទ្ធិទទួល​ធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់  និងត្រូវ​មាន​គេ​បំភ្លឺ។ ដូច្នេះ​យើង​ជា​គ្រីស្តបរិស័ទ​ត្រូវ​ចូលរួម​ដើម្បី​ឲ្យ​ធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់ត្រូវ​បានគេ​​យល់​និង​ស្គាល់​។​» លោកអភិបាល​បញ្ជាក់។

លោកគង្វាលព្រះសហគមន៍​បាន​មាន​ប្រសាសន៍​ទៀតថា ចូរមើលរបៀប​របស់​ព្រះយេស៊ូ​ដែលបាន​ដើរ​ជាមួយ​មហាជន គឺព្រះអង្គ​​ស្រឡាញ់ព្រះបិតា អធិដ្ឋាន  និងមើល​អ្នក​ក្រីក្រដោយ​ចិត្ត​មេត្តាករុណា។ ​វត្តមានរបស់ព្រះយេស៊ូ​​មិន​ត្រឹម​តែនៅ​ក្នុង​ព្រះកាយ​ព្រះលោហិត​ក្នុងពេល​អភិបូជាប៉ុណ្ណោះ ​គឺ​នៅក្នុង​បងប្អូន​ដែល​យើង​បាន​ជួប។​

ជាមួយគ្នានេះ លោក​បាន​រំឭក​ឲ្យ​គ្រីស្ត​បរិស័ទ​ចេះ​ថែរក្សា​ភព​ផែនដី ចេះ​ទុកដាក់និង​កាត់បន្ថយ​សំរាមផងដែរ។

ក្នុង​ថ្ងៃនោះ​ដែរ លោកអភិបាល​អូលីវីយ៉េ បាន​ធ្វើ​អគ្គសញ្ញាលាបថ្ងាស​ដល់​​​បេក្ខជន​ចំនួន​៣៣នាក់មក​ពី​ព្រះសហគមន៍​កោះនរានិងតួតាំង៕

ដោយ​​ កែវ កញ្ញា

Facebook
Twitter
LinkedIn