បិទឆ្នាំសិក្សានិងពិធីរំលឹកគុណរបស់សិស្សចម្រើនវិជ្ជា

វិទ្យាល័យចម្រើនវិជ្ជា សាខាថ្មពេជ្រ នៅខេត្តត្បូងឃ្មុំបានរៀបចំកម្មវិធីបិទឆ្នាំសិក្សា សម្រាប់សិស្សថ្នាក់ទី១២ ជំនាន់ទី២ ឆ្នាំសិក្សា ២០២២-២០២៣ ព្រមទាំងកម្មវិធីរំលឹកគុណអាណាព្យាបាល និងគ្រូបង្រៀន​កាល​ពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា កន្លងទៅ ក្រោម​អធិបតីភាព​របស់​លោក​ សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម លោកបូជាចារ្យ បងស្រី លោកគ្រូអ្នកគ្រូ អាណាព្យាបាល ព្រមទាំងសិស្សានុសិស្សនៃវិទ្យាល័យចម្រើនវិជ្ជាជា​ច្រើន​កុះ​ករ។

ក្នុងកិច្ច​បើ​កកម្មវិធី​ លោក ជុន ស៊ីម នាយកសាលា បានដាស់តឿនដល់សិស្សថ្នាក់ទី១២ដែលបានប្រឡងបាក់ឌុប ត្រៀមខ្លួននិងចិត្តគំនិតដើម្បីទទួលលទ្ធផលហើយ​ត្រូវមានសង្ឃឹមជានិច្ច។ លោក​សូមយុវសិស្ស​ទាំងអស់​ យកអ្វីដែលគ្រូបានបង្រៀន ទាំងសីលធម៌ សុជីវធម៌ ទៅអនុវត្តន៍នៅសកលវិទ្យាល័យ។

លោកអភិបាល សិលា សួន ហង្សលី មាន​ប្រសាសន៍ថា «ក្នុងសម័យសង្គ្រាមឪពុកម្តាយយើងអត់មានឱកាសរៀនទេ ត្រូវធ្វើការជាច្រើន ដោយមានទុក្ខលំបាក។ តែក្នុងសម័យនេះ យើងមានឱកាសច្រើនដើម្បីទៅរៀន ហើយយើងមានមេរៀន ឬវិធីជាច្រើនក្នុងការស្រាវជ្រាវមេរៀនដោយខ្លួនឯង សូមកុំឲ្យឱកាសនេះកន្លងផុតទៅ»។

លោកអភិបាលបានបន្តទៀតថា ក្នុងសង្គមមានការល្បួងជាច្រើន ដែល​អាច​នាំឲ្យបរាជ័យក្នុងការសិក្សា និងអនាគត ហើយដើម្បីជួយដល់ខ្លួនឯងផង និងជួយដល់សង្គមត្រូ​រៀន​បន្ថែម​នូវ​ មេរៀនបំណិនជីវិតឲ្យ​បាន​ច្រើន​។

នៅពិធីរំលឹកគុណអាណាព្យាបាលនោះផងដែរ ភា គន្ធា តំណាងឲ្យសិស្សានុសិស្សថ្នាក់ទី១២ បានឡើង​ថ្លែងអំណរគុណដល់​អាណាព្យាបាលដែល​បាន​ចិញ្ចឹមតាំងពីតូច និងថែរក្សាដោយក្តីស្រឡាញ់ និង​បាន​អប់រំ​រៀន​សូត​រហូតដល់ពេលនេះ។

គន្ធា ឲ្យដឹងថា «នៅពេលនេះ កូនទាំងអស់គ្នាសូមខមាលទោសនូវរាល់កំហុងខុសឆ្គងដែលបានប្រព្រឹត្តចំពោះឪពុកម្តាយ នៅថ្ងៃនេះកូនទាំងអស់គ្នាត្រូវតាំងចិត្តតបស្នងសងគុណ និងសូមឲ្យអ្នកមានគុណទាំងអស់លើកលែងរាល់កំហុសដែលកូនៗបានប្រព្រឹត្ត»។

អ្នកគ្រូ ឃាន វន បានឲ្យដឹងថា វិទ្យាល័យចម្រើនវិជ្ជាសាខាថ្មពេជ្រមាន​ប្រសាសន៍​ថា គោលបំណងនៃពិធី​រំលឹកគុណ​នេះ គឺឲ្យកូនសិស្សដែលរៀបនឹងចាកចេញពីសាលានេះទៅ ចងចាំពីការខិតខំប្រឹងប្រែងពីគ្រូបង្រៀននិង​អាណាព្យាបាលក្នុងការផ្គត់ផ្គង់ដល់ការសិក្សារបស់ពួកគាត់។

អ្នកគ្រូបានបន្ថែមទៀតថា៖ «នៅថ្ងៃអនាគត ពួកគាត់អាចរៀនពីការដឹងគុណនេះ អាចធ្វើជាមនុស្សល្អជួយអ្នកដទៃ និងបម្រើសង្គម ជាពិសេសពួកគាត់នឹងដឹងគុណដល់អស់អ្នកដែលបានជួយគាត់»។

ព្រៃ ថានិច សិស្សថ្នាក់ទី១២ ប្រាប់ថា គាត់​នឹង​យក​អ្វីៗដែល​គាត់​បាន​រៀន​នៅ​ក្នុងសាលា​ទៅ​អនុវត្ត​ក្នុង​ជីវិត​ និង​សូម​អរគុណ​ដល់​សាលា​ដែល​បាន​​ផ្តល់ឱកាសឲ្យ​រូប​គាត់​បាន​រៀន​នៅ​ទីនេះ។

ថានិចបាននិយាយថា «ទោះបីសាលាតូច មានបន្ទប់តិច ប៉ុន្តែសាលាព្យាយាមផ្តល់នូវអ្វីដែលកូនសិស្សត្រូវការ ដូចជាចំណេះដឹង ការរស់នៅសព្វថ្ងៃ តាមរយៈលោកគ្រូអ្នកគ្រូ»។

វិទ្យាល័យចម្រើនវិជ្ជា ជាសាលា​បង្កើត​ឡើង​ដោយ​​ព្រះសហគមន៍កាតូលិក​ ស្ថិតនៅភូមិថ្មពេជ្រ១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៩ ដោយលោកបូជាចារ្យ អាល់ប៊ែតូ កាការ៉ូ ក្នុងគោលបំណងជួយដល់កូនសិស្សដែលមាន​ជីវភាព​​លំបាក​នៅ​ឆ្ងាយពី​សាលា​រៀន​។ វិទ្យាល័យនេះ​ជា​សាលាសាខា​ទី​២ក្នុង​ចំណោម​សាលា​ចំនួន​៤ ​របស់​វិទ្យាល័យ​ចម្រើន​វិជ្ជា។ បច្ចុប្បន្ន​មានពី​ថ្នាក់ទី​១០​-១២ មាន​កូន​សិស្ស​កំពុង​រៀនសរុប​​ចំនួន​១០៦នាក់ ក្នុងនោះមានស្រី​ចំនួន​៥៩នាក់៕​

 

ដោយ៖ ម៉េង ភីឡុង

Facebook
Twitter
LinkedIn