ព្រះសហគមន៍គ្រួសារដ៏វិសុទ្ធអ្នកលឿង បានរៀបចំប្រទានពរលើជើងជួងចំនួន២ ដែលដាក់សងខាងព្រះវិហារ ក្រោមអធិដបតីភាពរបស់លោកអគ្គអភិបាល សិលា ប្រាយអិន វេលស៍ និងលោកអភិបាល សិលា សួន ហង្សលី ដែលមានគ្រីស្តបរិស័ទចូលរួមប្រមាណ១០០០នាក់ ដែលមកពីព្រះសហគមន៍បាវិត ព្រះសហគមន៍ស្វាយរៀង ព្រះសហគមន៍ព្រែកក្របៅ រួមនិងគ្រីស្តបរិស័ទនៅព្រះសហគមន៍អ្នកលឿងកាលពីថ្ងៃទី២៦ ខែតុលា។
បន្ទាប់មកលោកអភិបាល សិលា សួន ហង្សលីមានប្រសាសន៍នៅពេលចាប់ផ្តើមអភិបូជាថា សព្វថ្ងៃនេះយើងប្រើជួងដើម្បីជូនដំណឹងឬកោះហៅគ្រីស្តបរិស័ទឲ្យមកព្រះវិហារ។ ពេលយើងមកព្រះវិហារ ដើម្បីទទួលព្រះពរពីព្រះជាម្ចាស់ អធិដ្ឋានជាមួយព្រះអង្គ សុំព្រះពរដល់យើងផង និងសម្រាប់មនុស្សទាំងអស់។
លោកអភិបាលបានលើកទឹកចិត្តនិងកោតសសើរដល់គ្រីស្តបរិស័ទនៅព្រះសហគមន៍អ្នកលឿងនេះ ដែលបានតស៊ូយ៉ាងលំបាកក្នុងប្រវត្តិសាស្រ្តនៅប្រទេសកម្ពុជា ប៉ុន្តែគ្រីស្តបរិស័ទនៅតែបន្តជំនឿរហូតដល់សព្វថ្ងៃនេះ ហើយកាន់តែរីកចម្រើនឡើង។
ជួងពីរនេះត្រូវបានប្រសិទ្ធនាម ជួងទីមួយមានទម្ងន់៣០០គីឡូក្រាម ដាក់ឈ្មោះថា សិលា ឡេ ធឿង ឌុងរីឯជួងទីពីរទម្ងន់២០០គីឡូក្រាម ដាក់ឈ្មោះថា ដាមីញ៉ាំង ដាំង ងុក អាំង។ លោកទាំងពីរជាកូនចៅគ្រីស្តបរិស័ទដែលមានកំណើតនៅព្រះសហគមន៍អ្នកលឿង និងជាមរណបុគ្គលដែលខុសចិត្តបូជាជីវិតរបស់ខ្លួនក្នុងពេលដែលកម្ពុជាកំពុងមានសង្គ្រាមស៊ីវិល ដោយរស់នៅនិងបម្រើប្រជាជន។
លោកអភិបាលហង្សលីបន្ថែមថា «សូមឲ្យជួងទាំងពីរនេះ មានឈ្មោះថា សិលា ឡេ ធឿង ឌុង និង ដាមីញ៉ាំង ដាំង ង៉ុក អាំង បន្លឺសម្លេងពីពេលនេះតទៅ ដើម្បីលើកតម្កើងព្រះជាម្ចាស់ និងបម្រើព្រះសហគមន៍របស់ព្រះអង្គផង»។
លោកអគ្គអភិបាលសិលា ប្រាយអិន វេលស៍ មានប្រសាសន៍ថា ជួងនេះមានសារៈសំខាន់ណាស់ ដើម្បីរំលឹក និងដាស់តឿនយើងនូវពេលវេលាអភិបូជា និងអធិដ្ឋាន។ លោកបន្ថែមថា សម្រាប់អ្នកជំងឺ មិនអាចមកព្រះវិហារបាន ពេលគាត់ឮសម្លេងជួង ជួយឲ្យគាត់ដឹងថាមានអភិបូជានៅព្រះវិហារ នាំឲ្យចិត្តរបស់គាត់អាចចូលរួមអភិបូជារួមជួយបានដែរ។
លោកអគ្គរាជទូតតំណាងសម្តេចប៉ាបនៅទីក្រុងរ៉ូមបានរំលឹកទៀតថា «ខ្ញុំសូមឲ្យបងប្អូនទាំងអស់ រាល់ពេលឮសម្លេងជួង សូមឈប់ពីការងារបន្តិចដើម្បីអធិដ្ឋានសម្រាប់គ្រួសារខ្លួនឯង សម្រាប់មិត្តភក្តិ សម្រាប់ព្រះសហគមន៍ ជាពិសេសសម្រាប់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ»។
អ្នកស្រី ឡេ ធី មី ង្វៀត ជាប្អូនស្រីបង្កើតរបស់លោកបូជាចារ្យសិលា ឡេ ធឿង ឌុង បានមកចូលរួមកម្មវិធីនេះ បាននិយាយថា រាល់ពេលសម្លេងជួងបានបន្លឺឡើង គឺប្រៀបដូចជាសម្លេងរបស់លោកឪពុក ឌុង ដែលបានកោះហៅបងប្អូនគ្រីស្តបរិស័ទឲ្យមកព្រះវិហារ ដើម្បីលើកតម្កើងព្រះជាម្ចាស់។
ព្រះសហគមន៍អ្នកលឿងបានបង្កើតឡើងក្នុងឆ្នាំ ១៨៦៣ រហូតលមកដល់បច្ចុប្បន្នមានអាយុកាល១៦០ឆ្នាំហើយ។ ជួងទាំងពីរនេះនឹងត្រូវបានធ្វើរួចរាល់នៅខែឧសភា ឆ្នាំ២០២៤ខាងមុខ៕
ដោយ ម៉េង ភីឡុង