ក្នុងជំនួបនៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់ព្រះសហគមន៍ភូមិភាគកំពង់ចាម លោកអគ្គអភិបាលសិលា ប្រាយអិន វេលស៍ ជារាជទូតតំណាងសម្តេចប៉ាបសម្រាប់កម្ពុជា ត្រូវបានស្វាគមន៍ដោយលោកអភិបាលសិលា សួន ហង្សលី លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទជាច្រើនកុះករនៅព្រះសហគមន៍កំពង់ចាមក្រុង។
ជាមួយពិធីស្វាគមន៍កាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅនេះ ព្រះសហគមន៍បានធ្វើបទបង្ហាញយ៉ាងច្រើនអំពីប្រវត្តិនិងសកម្មភាពរបស់ភូមិភាគដល់លោកអគ្គអភិបាល។ លោកអភិបាល សិលា សួន ហង្សលី ជាអភិបាលព្រះសហគមន៍កាតូលិកនៃភូមិភាគកំពង់ចាម បានថ្លែងអំណរគុណដល់លោកអគ្គអភិបាលសិលាប្រាយអិន វេលស៍ដែលបានមកដល់ទឹកដីកំពង់ចាម។
លោកអភិបាលបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះណែនាំឲ្យគ្រីស្តបរិស័ទចេះរួបរួមគ្នា ធ្វើដំណើរនិងរួមរស់ជាមួយគ្នាជាព្រះសហគមន៍។
ក្នុងនោះដែរ លោកបូជាចារ្យសេរ៉ាល់ វូសាំង បានធ្វើបទបង្ហាញ អំពីឯកសារប្រវត្តិសាស្ត្រ បានកត់ត្រាថា ព្រះសហគមន៍ភូមិភាគកំពង់ចាម បានកកើតនៅឆ្នាំ១៧៧២នៅតំបន់ឆ្លូង។ ព្រះសហគមន៍បានរីកចម្រើនឡើងបន្តិចម្តងៗ ដោយមានគ្រីស្តបរិស័ទប្រមាណ ១៦.៨៦៥ នាក់ ក្នុងអំឡុងឆ្នាំ១៩៦៧។
សន្តអាសនៈនៃបុរីវ៉ាទីកង់ បានបែងចែកព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជាជាបីភូមិភាគ គឺមានភ្នំពេញ បាត់ដំបងនិងកំពង់ចាម ក្នុងឆ្នាំ១៩៦៨។ ក្នុងនោះព្រះសហគមន៍ភូមិភាគកំពង់ចាមគ្របដណ្ដប់លើខេត្តចំនួន៨ មានកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រៃវែង ស្វាយរៀង និងត្បូងឃ្មុំ។
លោកអគ្គអភិបាល សិលា ប្រាយអិន វេលស៍ បានចាប់អារម្មណ៍អំពីរឿងរ៉ាវប្រវត្តិសាស្ត្រទាំងនេះ ហើយមានប្រសាសន៍ថា លោករៀនបានច្រើនអំពីអ្វីដែលព្រះសហគមន៍បានជួបប្រទះ ជាពិសេសក្នុងបីប្រទេសដែលលោកកំពុងទទួលខុសត្រូវ គឺមាន ថៃ ឡាវ និងកម្ពុជា។
លោកថា «អ្វីដែលនាំឲ្យខ្ញុំចាប់អារម្មណ៍គឺការបង្កើតទំនាក់ទំនងរវាងកន្លែងប្រកាសដំណឹងល្អ និងទីក្រុងរ៉ូម ដែលបានចាប់ផ្តើមតាំងពីយូរឆ្នាំមកហើយ ជាពិសេសនៅជំនាន់លោកអភិបាល សិលា ឡាំប៊ែរ ដឺ ឡាម៉ុត»។
លោកបានបន្តទៀតថា ពេលយើងនិយាយអំពីព្រះមហាក្សត្រ លោកអភិបាល និងអ្នកធំៗ ទាំងអស់នោះមិនសូវសំខាន់ទេ អ្វីសំខាន់ជាងគេគឺជំនឿរបស់អ្នកស្រុក ដែលបន្តមានរហូតដល់បច្ចុប្បន្ន។
លោកអគ្គអភិបាលបន្ថែមថា «គ្មានកម្លាំង ឬអំណាចណាក្នុងពិភពលោកនេះពន្លត់ជំនឿរបស់គ្រីស្តបរិស័ទបានឡើយ រហូតដល់ត្រូវគេធ្វើបាបដោយបង្ហូរឈាម ឬសម្លាប់»។
លោកបានប្រាប់ថា «ទោះនៅក្នុងអន្តរកាលណាក៏ដោយ គឺតែងតែមានសេចក្តីសង្ឃឹមជានិច្ច»។
លោកអគ្គអភិបាល សិលា ប្រាយអិន វេលស៍ ត្រូវបានសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ តែងតាំងជាអគ្គរាជទូត របស់សន្តអាសនៈប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីខែ កុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។
លោកម៉ារី វ៉ាន់ គឹមសុង ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍ក្រុងកំពង់ចាម និយាយថា ដំណើរទស្សនកិច្ចរបស់លោកអគ្គរាជទូត ជាការលើកទឹកចិត្តដល់គ្រីស្តបរិស័ទឲ្យមានកម្លាំង និងមានជំនឿកាន់តែមាំមួនឡើង ដើម្បីបន្តបម្រើក្នុងព្រះសហគមន៍។
ដំណើរទស្សនកិច្ចនេះ លោកអគ្គអភិបាលបានចំណាយពេលវេលា៣ថ្ងៃនៅជាមួយព្រះសហគមន៍ក្នុងភូមិភាគកំពង់ចាម ដូចជា ក្តុលលើ អ្នកលឿង វិទ្យាល័យចម្រើនវិជ្ជាក្នុងខេត្តព្រៃវែងនិងព្រះសហគមន៍ និងតំបន់មួយចំនួនក្នុងខេត្តកំពង់ចាម៕
ដោយ ម៉េង ភីឡុង