អភិបូជាអរព្រះគុណព្រះជាម្ចាស់ នឹករលឹកដល់មរណបុគ្គលទាំងឡាយ (បុណ្យភ្ជុំ
នៅព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច
ភ្នំពេញខាងជើង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣
បងប្អូនជាទីស្រឡាញ់!
រយៈពេល១៥ថ្ងៃកន្លងមកនេះ ប្រទេសកម្ពុជាបានចូលនៅក្នុងរដូវភ្ជុំបិណ្ឌ យើងបានឃើញនៅតាមវត្តនានាមានពុទ្ធបរិស័ទយ៉ាងច្រើន ដែលទៅធ្វើបុណ្យពីមួយថ្ងៃទៅមួយថ្ងៃ។ អាទិត្យមុន ខ្ញុំបានទៅខេត្តព្រះវិហារ ប៉ុន្តែខ្ញុំឆ្លងតាមចំណោម និងខ្ញុំបានចូលរួមថ្វាយអភិបូជាជាមួយគេដែរនៅថ្ងៃសុក្រ។ ព្រះសហគមន៍នៅចំណោម គ្រីស្តបរិស័ទគេមានទម្លាប់ដូចពុទ្ធបរិស័ទទៅតាមវត្តដែរ នៅក្នុងរដូវបុណ្យភ្ជុំគ្រីស្តរិស័ទគេដាក់វេនមកព្រះវិហារ។ ជារៀងរាល់ថ្ងៃ មានគ្រួសារមួយដែលទទួលវេន ដើម្បីអធិដ្ឋានឧទ្ទិសដល់វិញ្ញាណក្ខន្ធគ្រួសារផ្ទាល់ មានបងប្អូនទាំងអស់ចូលរួមនិងគេមានរៀបចំម្ហូបរួចញ៉ាំរួមគ្នា។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះសម្រាប់យើងជាគ្រីស្តរិស័ទ យើងឃើញរបៀបដែលយើងយល់អំពីភ្ជុំបិណ្ឌ របៀបដែលយើងចូលរួមបុណ្យភ្ជុំបិណ្ឌ កន្លែងនីមួយៗមានរបៀបផ្សេងៗពីគ្នា។ ប៉ុន្តែ ប៉ុន្មានពីឆ្នាំកន្លងមកយើងបានសម្រេចចិត្ត យើងយកថ្ងៃភ្ជុំបិណ្ឌធំជាថ្ងៃសម្រាប់យើងជាព្រះសហគមន៍កាតូលិក ដើម្បីនឹករលឹកវិញ្ញាណក្ខន្ធរបស់បងប្អូនយើង ដែលបានទទួលមរណភាព។ តាមពិត នៅក្នុងរដូវភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ តាមប្រពៃណីខ្មែរសុទ្ធ ដោយជឿថានៅថ្ងៃទីមួយនៃថ្ងៃបុណ្យភ្ជុំបិណ្ឌ គឺប្រែតចេញពីឋានក្រោមចាប់ផ្ដើមដើរពីកន្លែងមួយទៅកន្លែងមួយ។ ដូច្នេះ ប្រជានជនខ្មែរយើងដឹងថាយើងត្រូវទៅវត្តច្រើន ដើម្បីដាក់បិណ្ឌ ដើម្បីឲ្យប្រែតញ៉ាំឆ្អែត។ នៅថ្ងៃចុងក្រោយប្រែតចូលទៅឋានក្រោមវិញ ប្រសិនបើយើងឲ្យគេញ៉ាំមិនឆ្អែត គេទៅឋានក្រោមអត់បានទេ ដូច្នេះគេនៅជាមួយយើងមួយឆ្នាំធ្វើឲ្យយើងពិបាក។
លោកយាយលោកតា ដែលចូលវត្តច្រើនគេកំពុងគិតអំពីអនាគត តើយើងកើតជាអ្វី? យើងកើតជាប្រែត យើងកើតជាសត្វតិរច្ឆាន យើងកើតជាមនុស្ស ឬយើងក្លាយជាទេវតា។ សម្រាប់យើងជាគ្រីស្តបរិស័ទ យើងកំពុងគិតថាប្រហែលយើងទៅស្ថានក្រោម មានន័យថាឋាននរក ប្រហែលយើងទៅស្ថានបរមសុខ។ ប៉ុន្តែ ស្ថានបរមសុខមានអ្វីខ្លះក៏យើងមិនដឹង យ៉ាងតិចយើងដឹងថាព្រះនាងម៉ារីដែលជាមនុស្សសាមញ្ញធម្មតាដូចយើង ព្រះជាម្ចាស់បានលើកគាត់ឲ្យឡើងទៅស្ថានបរមសុខតែម្ដង។ ដោយសារ ព្រះនាងម៉ារីគ្នានជំពាក់បាប ដោយសារព្រះជាម៉ារីជាមាតារបស់ព្រះជាម្ចាស់ យើងដែលប្រព្រឹត្តអំពើបាបយ៉ាងច្រើននៅក្នុងជីវិត តើយើងទៅណា? បងប្អូនជាទីស្រឡាញ់ យើងធ្លាប់ស្ដាប់ព្រះយេស៊ូដែលមានព្រះបន្ទូលថា “នៅស្ថានបរមសុខគ្មានបុរសគ្មានស្រ្ដី មានតែទេវទូត”។ ដូច្នេះ អនាគតរបស់យើងមិនមែនទៅជាប្រែត មិនមែនទៅជាសត្វតិរច្ឆាន មិនមែនទៅជាមនុស្សសាជាថ្មី អនាគតរបស់យើងគឺភ្ជាប់ទៅជាទេវទូតដ៏ស្អាតបំផុតជាមួយព្រះជាម្ចាស់។ ប៉ុន្តែ អនាគតនេះយើងត្រូវការរៀបចំពីបច្ចុប្បន្ននេះ ប្រសិនបើថ្ងៃនេះយើងមិនចាប់ផ្ដើមរៀបចំអនាគតរបស់យើង អនាគតរបស់យើងប្រហែលមិនសូវស្រួលទេ។ បងប្អូនដឹង ជារៀងរាល់អាទិត្យយើងសុំថ្វាយអភិបូជាសម្រាប់មរណបុគ្គលរបស់យើង ដើម្បីឱ្យលោកបូជាចារ្យអធិដ្ឋានសម្រាប់មរណបុគ្គលនៅក្នុងគ្រួសាររបស់យើង។ ដែលជាជីដូនជីតា ជាបងប្អូន ដែលបានទទួលមរណភាពពីប៉ុន្មានឆ្នាំហើយ យើងថ្វាយអភិបូជាជូនវិញ្ញណក្ខន្ធរបស់គាត់ ដោយដឹងថាគាត់កំពុងធ្វើដំណើរទៅស្ថានបរមសុខ។ ដូច្នេះ យើងត្រូវការមានពេលវេលាដើម្បីជម្រះ ដោយសារព្រះជាម្ចាស់មានសំណួរនេះ នៅក្នុងមួយជីវិតរបស់យើង តើយើងបានស្រឡាញយ៉ាងណា? តើយើងបានយកចិត្តទុកដាក់ជាមួយបងប្អូនឯទៀតៗរបៀបណា? តើយើងមានចិត្តអាណិតមេត្តាដល់បងប្អូនយើងឬទេ? ព្រះជាម្ចាស់សួរ យើងត្រូវការពេលដើម្បីជម្រះចិត្តគំនិតរបស់យើង ដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់អស់កល្បជានិច្ច។
បងប្អូនជាទីស្រឡាញ់ សម្រាប់យើងដែលជាព្រះសហគមន៍បច្ចុប្បន្ននេះ ជាគ្រីស្តបរិស័ទដែលកំពុងរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ យើងត្រូវតែត្រៀមខ្លួនដើម្បីឲ្យជីវិតរបស់យើងភ្ជាប់ជាមួយព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់អនាគត។ ដោយសារ យើងស្ដាប់នៅក្នុងគម្ពីរថ្ងៃនេះ “ម៉ោងប៉ុន្មាន នៅពេលណា កន្លែងណា ព្រះយេស៊ូយាងមកយើងមិនដឹងទេ ប៉ុន្តែយើងដឹងរឿងតែមួយគឺព្រះជាម្ចាស់ជាម្ចាស់នៃជីវិត ព្រះជាម្ចាស់បានប្រទានជីវិតឲ្យយើង និងព្រះជាម្ចាស់ដកជីវិតរបស់យើងចេញពីលើផែនដីនេះ ដើម្បីឲ្យយើងធ្វើដំណើរទៅស្ថានបរមសុខ”។ អ្វីដែលយើងដឹង យើងកើតមកពីធូលីពេលយើងទទួលមរណភាពយើងទៅជាធូលីសាជាថ្មី។ អាទិត្យមុន ខ្ញុំបានទៅសម្ពោធចេតីយ៍ថ្មីនៅទួលក្រសាំង ដោយសារដីតូចគេបានរៀបចំដើម្បីដាក់ធាតុ មាន៣៥០កន្លែង។ នៅព្រះសហគមន៍ទួលក្រសាំង មានគ្រីស្តបរិស័ទតិចណាស់ គាត់ធ្វើដោយគិតសម្រាប់អនាគតវែងឆ្ងាយ។ បងប្អូនទាំងអស់ គេនៅមុខចេតីយ៍ដោយដឹងថានេះជាអនាគតយើងជាធូលី។ ប៉ុន្តែ នេះជាអ្វីដែលអស្ចារ្យដែរ ដោយសារយើងជាអ្នកមានក្ដី យើងជាអ្នកក្រីក្រក្ដី យើងមានវណ្ណៈក្តី យើងមានឋានៈក្ដី… យើងដឹងថានៅក្បែរសេចក្ដីស្លាប់យើងស្មើៗគ្នា។ ជីវិតរបស់យើង ដែលព្រះជាម្ចាស់បានប្រទានជាព្រះអំណោយទានយ៉ាងពិសេស ដែលយើងត្រូវតែស្រឡាញ់និងថែរក្សា។ ទោះបី យើងជួបឧបសគ្គនៅក្នុងជីវិត បងប្អូនជាទីស្រឡាញ់ជីវិតដែលយើងបានទទួលពីព្រះជាម្ចាស់ជាព្រះអំណោយទានដ៏ពិសេសបំផុស ដែលយើងមិនអាចកាត់ថ្លៃបានទេ។
បងប្អូនជាទីស្រឡាញ់ នៅថ្ងៃនេះយើងត្រូវការគិត តើយើងធ្វើដូចម្តេចដើម្បីរៀបចំខ្លួនសម្រាប់អនាគត។ ទោះបី ជួនកាលយើងបាត់បង់សេចក្ដីសង្ឃឹម ទោះបីពេលខ្លះយើងពិបាកចិត្តមែនទែន ប៉ុន្តែយើងដឹងថាយើងមានព្រះយេស៊ូដែលបើកផ្លូវឲ្យយើងជានិច្ច។ សព្វថ្ងៃ ដែលយើងមានក្រុមលោកអភិបាល គ្រីស្តបរិស័ទមួយចំនួន បុព្វជិតបុព្វជីតាមួយចំនួន ដែលកំពុងប្រជុំនៅទីក្រុងរ៉ូម ជាមួយសម្ដេចប៉ាប ហ្វ្រង់ស្វ័រ។ យើងមានលោកអភិបាលគីគេ ដែលជាតំណាងព្រះសហគមន៍ឡាវ-កម្ពុជា យើងដឹងថាយើងមាន៣ចំណុចដែលសំខាន់ ដើម្បីរៀបចំបច្ចុប្បន្ននិងអនាគតរបស់យើង នៅក្នុងព្រះសហគមន៍ នៅក្នុងសង្គម គឺ៖
ទី១ ឲ្យយើងយកចិត្តទុកដាក់ចូលរួមដើម្បីប្រកាសដំណឹងល្អ ជាពិសេសខែតុលានេះជាខែដើម្បីប្រកាសដំណឹងល្អ។ អាទិត្យក្រោយ ជាពិធីនឹករលឹកដល់ការប្រកាសដំណឹងល្អនៅក្នុងពិភពលោកទាំងមូល ប្រកាសដំណឹងល្អដោយជាប់ជាមួយព្រះយេស៊ូផ្ទាល់។ នៅក្នុងសារលិខិតរបស់សម្ដេចប៉ាប ណែនាំឲ្យយើងរំភើប ឲ្យយើងមានភាពកក់ក្ដៅនៅក្នុងចិត្ត នៅពេលយើងជួបព្រះយេស៊ូដូចសាវ័កនៅទីក្រុងអេម៉ាអ៊ូពីដើម។ នៅពេលគេនៅជាមូយព្រះយេស៊ូ គេអត់ដឹងទេប៉ុន្តែគេស្ដាប់ព្រះយេស៊ូបកស្រាយព្រះគម្ពីរ បកស្រាយអ្វីៗទាំងអស់ដែលទាក់ទងនឹងព្រះអង្គនៅក្នុងសម្ពន្ធមេត្រីចាស់។ បងប្អូនជាទីស្រឡាញ់ ឲ្យយើងកក់ក្ដៅនៅក្បែរព្រះយេស៊ូ ណែនាំឲ្យយើងចង់ចែកបទពិសោធន៍នេះជាមួយបងប្អូនឯទៀតៗ។ ដូចក្រុមសាវ័កពីរនាក់ដែលធ្វើដំណើរទៅទីក្រុងអេម៉ាអ៊ូ នៅពេលគេបាននឹកឃើញព្រះយេស៊ូនៅក្នុងពិធីកាច់នំបុ័ង គេត្រឡប់ទៅវិញនៅក្រុងយេរូសាឡឹង ដើម្បីប្រកាសដំណឹងល្អដែលគេបានឃើញផ្ទាល់ភ្នែក ពិតមែនព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។
ទី២ ឲ្យយើងយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មនៅក្នុងជីវិតនៃព្រះសហគមន៍របស់យើង នៅក្នុងសកម្មភាពនៅក្នុងព្រះសហគមន៍របស់យើង។ សព្វថ្ងៃ យើងឃើញនៅរ៉ូមគេកំពុងអង្គុយប្រជុំតុមូលជាមួយសម្តេចប៉ាប។ នៅក្នុងសាលប្រជុំប៉ាឡូទី៦នៅទីក្រុងរ៉ូម គេបានដាក់តុមូលធំមួយ ដើម្បីឱ្យក្រុមទាំងអស់ដែលបានចូលរួមអង្គុយរួមគ្នា។ ដូច្នេះ បងប្អូនជាទីស្រឡាញ់នៅព្រះសហគមន៍របស់យើងឲ្យយើងរួមតុ មានន័យថាដើម្បីឲ្យយើងអង្គុយជាមួយគ្នា ដើម្បីគិតពិចារណាអំពីជីវិតព្រះសហគមន៍យើង។ ប៉ុន្តែ កុំឲ្យយើងរួមតុចាក់ឬសលើកៅអីរបស់យើង ផ្ទុយទៅវិញឲ្យយើងមានកម្លាំង ដើម្បីបម្រើព្រះសហគមន៍របស់យើងយ៉ាងសកម្ម។ ឲ្យព្រះសហគមន៍តាមកន្លែងនីមួយៗមានជីវិត ព្រះសហគមន៍ធំក្ដី តូចក្ដី ឲ្យយើងដឹងថាយើងជាអ្នកបម្រើព្រះសហគមន៍របស់យើងផ្ទាល់។ មិនមែនតែលោកឪពុក មិនមែនតែបងស្រី មិនមែនតែគណៈកម្មការ ប៉ុន្តែជាយើងទាំងអស់ជាគ្រីស្តបរិស័ទ។ ដូច្នេះ ខ្ញុំគិតថាឆ្នាំនេះជាពេលវេលាដែរសម្រាប់បងប្អូនដែលអត់ទាន់ចុះឈ្មោះនៅក្នុងគណៈកម្មការណាមួយ កុំឲ្យយើងមានតែមនុស្សដដែលៗ។ ឲ្យយើងយកចិត្តទុកដាក់ ដើម្បីទៅជាគ្រីស្តបរិស័ទដែលចេះស្រឡាញ់ព្រះសហគមន៍ ដែលមានមោទនភាពជាគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍របស់យើងផ្ទាល់។
ទី៣ ឲ្យយើងយកចិត្តទុកដាក់រួមរស់ជាគ្រួសារតែមួយនៅក្នុងព្រះសហគមន៍ នៅក្នុងព្រះសហគមន៍អត់មានគណបក្ស នៅក្នុងព្រះសហគមន៍អត់មានបក្សពួក នៅក្នុងព្រះសហគមន៍មានគ្រួសារតែមួយ គឺគ្រួសាររបស់ព្រះយេស៊ូ។ ព្រះយេស៊ូដែលជាសិរសា ជាមួយលោកអភិបាល ជាមួយលោកបូជាចារ្យ ជាមួយបងប្រុសបងស្រី យើងធ្វើដំណើរដោយយកចិត្តទុកដាក់រកផ្លូវ ដើម្បីយល់ចិត្តគ្នា ដើម្បីឯកភាពគ្នា ដើម្បីទៅជាធ្លុងតែមួយ ដូចព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធជាអង្គតែមួយ។ យើងមានគំរូដ៏អស្ចារ្យសម្រាប់ព្រះសហគមន៍របស់យើង យើងមិនមើលរបៀបនយោបាយនៅក្នុងសង្គម យើងមិនមើលរបៀបគណបក្សនៅក្នុងសង្គមទេ។ ប៉ុន្តែ យើងមើលព្រះយេស៊ូដែលជាព្រះបុត្រា ព្រះជាម្ចាស់ដែលជាព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធដែលជាបីអង្គនៅក្នុងអង្គតែមួយ ដែលចេះធ្វើដំណើរជាមួយគ្នា ចេះស្រឡាញ់គ្នា ចេះផ្ដល់កំលាំងដល់យើងទាំងអស់គ្នា។
បងប្អូនជាទីស្រឡាញ់ យើងអធិដ្ឋានដើម្បីឲ្យព្រះសហគមន៍របស់យើងចូលរួមយ៉ាងសកម្មនៅក្នុងការប្រកាសដំណឹងល្អ នៅក្នុងការចូលរួមដើម្បីទៅជាអ្នកបម្រើដែលស្រឡាញ់មែនទែន ដើម្បីរស់នៅជាអង្គតែមួយជាគ្រួសារតែមួយ នៅក្នុងព្រះសហគមន៍របស់យើង។ នៅពេលហ្នឹង យើងមិនមែនតែរៀបចំថ្ងៃនេះឬថ្ងៃស្អែក ប៉ុន្តែយើងរៀបចំអនាគតវែងឆ្ងាយរបស់យើង។ ពេលយើងនៅក្បែរព្រះយេស៊ូ នៅថ្ងៃដែលយើងទទួលមរណភាព នៅពេលនោះយើងអាចឆ្លើយថា “បាទ! ចាស៎! ខ្ញុំបានយកចិត្តទុកដាក់បម្រើ ខ្ញុំបានយកចិត្តទុកដាក់ស្រឡាញ់ ខ្ញុំបានយកចិត្តទុកដាក់ទៅជាសាវ័ករបស់ព្រះជាម្ចាស់”។ យើងអធិដ្ឋាន ដើម្បីឲ្យព្រះសហគមន៍របស់យើងភ្ជាប់ជាមួយជំនឿយើងទៅលើព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ