អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣

person holding black cover bible

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១,១-៧

ខ្ញុំប៉ូល ជាអ្នកបម្រើរបស់ព្រះគ្រីស្តយេស៊ូ ព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំឱ្យធ្វើជា​គ្រីស្ដទូត និងជ្រើសរើសខ្ញុំឱ្យប្រកាសដំណឹងល្អអំពីព្រះអង្គ។ ដំណឹងល្អនេះព្រះជាម្ចាស់​បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការីរបស់ព្រះអង្គ ស្ដីអំពីព្រះបុត្រា​របស់ព្រះអង្គ។ បើគិតជាមនុស្ស ព្រះបុត្រាប្រសូតមកក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌ តែបើគិតជាព្រះវិញ្ញាណដែលផ្ដល់ឱ្យមនុស្សបានវិសុទ្ធវិញ ព្រះជាម្ចាស់បាន​តែងតាំងព្រះអង្គជាព្រះបុត្រាប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គឱ្យមាន​ព្រះជន្មរស់ឡើងវិញ។​ តាមរយៈព្រះបុត្រា គឺព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង ព្រះ​ជាម្ចាស់បានប្រណីសន្តោសយើង និងប្រទានឱ្យយើងមានមុខងារជាគ្រីស្តទូត ដើម្បីនាំ​ជាតិសាសន៍ទាំងអស់ប្រតិបត្តិតាមជំនឿ សម្រាប់លើកតម្កើងព្រះនាមព្រះអង្គ។ បងប្អូនដែលព្រះយេស៊ូគ្រីស្តបានត្រាស់ហៅក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។​ សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រីស្តជាអម្ចាស់ ប្រណីសន្តោស​ និងប្រទានសេចក្តីសុខសាន្តដល់បងប្អូន!។

ទំនុកតម្កើងលេខ ៩៨ (៩៧) ,១-៥ បទកាកគតិ

១ ចូច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ កុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្ត សព្វកិច្ចអស្ចារ្យ ដោយឬទ្ធិចេស្តា
យកជ័យជំនះ ។
២ ព្រះម្ចាស់បង្ហាញ ប្រជាឱ្យឃើញ ពីការសង្រ្គោះ
ព្រះអង្គសម្ដែង ឱ្យគេទាំងអស់ ឃើញសុចរិតស្មោះ
របស់ព្រះអង្គ ។
៣ ព្រះអង្គនៅតែ សម្ដែងឥតប្រែ ករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រ អ៊ីស្រាអែលផង សុចរិតឥតហ្មង
ចងចាំទាំងអស់ ។
មនុស្សម្នាមូលមីរ រស់នៅគ្រប់ទី ឆ្ងាយទាំងស្រីប្រុស
នៃភពផែនដី ឃើញការសង្រ្គោះ ព្រះម្ចាស់របស់
យើងគ្រប់ៗគ្នា ។
៤ ជនទាំងប្រុសស្រី នៅលើផែនដី រៀបចំអង្គា
អបអរសាទរ ថ្វាយព្រះនាមា ស្រែកហ៊ោរខ្ញៀវខ្ញា
ដោយតូរ្យតន្រ្តី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នា​ប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,២៩-៣២

​​ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់​មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។ លោក​យ៉ូណាសបានធ្វើជាទីសម្គាល់ឱ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើ​ជាទីសម្គាល់ឱ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ នៅថ្ងៃដែលព្រះជាម្ចាស់​វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងយាងមកពី​តំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្តាប់ព្រះបន្ទូលរបស់ស្តេចសាឡូម៉ូន ដែលប្រកប​ដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្តេចសាឡូម៉ូនទៅទៀត។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើង​ជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម អ្នក​ក្រុងនីនីវេ បានកែប្រែចិត្តគំនិតនៅពេលឮសេចក្តីដែលព្យការីយ៉ូណាសប្រកាស។​ រីឯ​នៅទីនេះ មានម្នាក់ប្រសើរលើសព្យាការីយ៉ូណាស​ទៅទៀត!»។

Facebook
Twitter
LinkedIn