លោកអភិបាល​អូលីវីយ៉េ​ លើកពី​គំរូ​​៦​ចំណុចរបស់​​សន្តហ្វ្រង់​ស៊ីស្កូអាស៊ីស៊ី

ក្នុង​ឱកាស​បុណ្យ​រំលឹក​សន្តហ្វ្រង់​ស៊ីស្កូអាស៊ីស៊ី​កាលពីថ្ងៃទី​៤ ខែ​តុលា​នេះលោក​អភិបាល​បាន​ដាស់​តឿន​ឱ្យ​​ពិចារណាអំពី គម្រោងការរបស់ព្រះយេស៊ូ​ដែល​មាន​សម្រាប់​ជីវិតគ្រីស្ត​បរិស័ទ​ តាមរយៈ​បទពិសោធជីវិត​នៃជំនឿ​របស់​សន្ត​ហ្វ្រង់​ស៊ីស្កូ។ សន្ត​ហ្រ្វង់​ស៊ីស្កូ មាន​វត្ត​មាន​នៅ​ក្នុង​ពិភពលោក​នេះ​ក្នុង​ឆ្នាំ​​១២០០ ត្រូវនឹង ៨០០ឆ្នាំមុនគឺ លោក​មាន​ទស្សនៈ​បង្កើត​ពិភព​ថ្មី​តាម​ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយណែនាំឱ្យមនុស្ស​​មានរបៀបរស់​នៅ​ថ្មី​ក្នុងសង្គម​ ​ដើម្បីទទួល​​ព្រះរាជ្យរបស់ព្រះជាម្ចាស់ដែល​ជិត​មកដល់។ ថ្លែង​ក្នុងធម្មទេសនា នៅ​ព្រះវិហារ​​សន្តយ៉ូសែប ទួលក្រសាំង លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ណែនាំ​ឲ្យគ្រីស្ត​បរិស័ទ​ យក​គំរូ​សន្ត​ហ្វ្រង់ស៊ីស្កូចំនួន​៦​ចំណុច​សំខាន់ៗគឺ ទី១ ត្រូវ​ចេះ​ស្តាប់​ព្រះយេស៊ូដោយ​អធិដ្ឋាន​នៅ​មុខ​ឈើឆ្កាង​ព្រះយេស៊ូ​ដែល​អាច​រក​ឃើញ​វត្តមានរបស់​ព្រះជាម្ចាស់​នៅក្នុង​ដួង​ចិត្ត​របស់​ខ្លួន។ ទី២​ ត្រូវ​ដាក់ចិត្ត​ជា​អ្នក​ក្រខ្សត់​ទើបមានសុភមង្គល ដូចសន្តហ្វ្រង់ស៊ីស្កូ ដែល​យកភាពក្រីក្រធ្វើជាប្រពន្ធ រស់នៅជាមួយ​មនុស្ស​ដែល​គាត់ជួប​នៅ​តាម​ផ្លូវ។ ទី៣ បង្កើត​ក្រុម​ដើម្បី​សហការ​ និងជួយគ្នា ធ្វើដំណើរជាមួយគ្នា ក្នុងព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់។ ទី​៤ ត្រូវ​​មានចិត្ត​ប្រណី​សន្តោស មេត្តាករុណាដោយបម្រើអ្នកជំងឺ ​អ្នក​តូចតាច​ក្រីក្រ​ក្នុង​សង្គម ជា​ពិសេស​អ្នកដែល​គេ​បោះ​បង់​ចោលនិងសង្គម​មិន​រាប់​រក​ជាដើម។​ ទី៥ ត្រូវ​ចេះ​​ស្រឡាញ់ស្នាព្រះហស្តរបស់​ព្រះជាម្ចាស់​នៅ​លើ​ផែនដី​​ ដោយ​គោរព​និង​ថែរក្សា​។ និងទី៦ ចេះ​ទំនាក់ទំនង​ជាមួយ​អ្នក​មាន​សាសនា​ផ្សេងៗ​ដោយ​ចិត្ត​ស្រឡាញ់ បម្រើ​ និងកសាងសុខសន្តិភាព​ ដោយ​ចេះ​យល់ចិត្តគ្នា​ទៅវិញ​ទៅ​មកនឹងធ្វើឱ្យ​សង្គមមានសេចក្ដីសុខ។ ​​​នៅ​ព្រះ​វិហារ​សន្ត​យ៉ូសែប ក្នុង​ភូមិ​ទួល​ក្រសាំ​ង សង្កាត់រកាខ្ពស់ ក្រុង​តាខ្មៅ​ បច្ចុប្បន្ន​ មាន​ក្រុម​គ្រួសារ​សន្ត​ហ្វ្រង់​ស៊ីស្កូ​អាស៊ីស៊ី ​កំពុង​បម្រើការងារ​នៅ​តំបន់​នោះ ដោយ​មានកម្មវិធី​​​អប់រំជំនឿ​ និង​វិស័យអប់រំចំណេះទូទៅ។ ក្រុមគ្រួសារ​នេះ​ បាន​ចូល​មក​បម្រើ​ព្រះសហគមន៍​​ប្រទេស​កម្ពុជា​ចាប់​​ពី​​​ឆ្នាំ​២០១០ ដោយ​មាន​សមាជិក​៧នាក់ ក្នុងនោះ​មានលោកបូជាចារ្យ១នាក់​ ឧបដ្ឋាក១នាក់ និង​បង​ប្រុស​៥នាក់។ តេរេសា ងួន ​ចរិយា ជា​គ្រីស្ត​បរិស័ទ​ក្នុងតំបន់​បាន​ឱ្យ​ដឹងថា វត្តមាន​របស់​ក្រុម​សន្ត​ហ្វ្រង់​ស៊ីស្កូ​នៅ​កម្ពុជានេះ​ ជាពិសេស​ក្នុង​ភូមិរបស់​គាត់​​ បាន​បង្កើត​ឲ្យ​មាន​​សាលាមត្តេយ្យ សាលា​បឋមសម្រាប់​កុមារ​ក្នុង​ភូមិ កសាង​អាគារព្រះវិហារ​។ ចរិយា​បន្ថែមថា ក្រុម​សន្ត​ហ្វ្រង់​ស៊ីស្កូ​​ជួយ​បង្រៀនយុវជន​ឲ្យ​ចេះ​ ​ភ្លេង ចម្រៀងនិង​ណែនាំ​យុវជន​ឲ្យ​ចេះ​ស្រឡាញ់​ដទៃ និងបង្កើត​​សកម្មភាព​សប្បុរសធម៌នានា។ «ពួកគាត់​បាន​ផ្ដល់ឱកាស​ឱ្យ​ពួកខ្ញុំ​បាន​ចូលរួម​ជួយអ្នកក្រីក្រនៅក្នុងភូមិ ក៏​ដូចជាក្មេងៗនិង​ចាស់ជរាផងដែរ»៕ ​ ដោយ​ដាលីស
Facebook
Twitter
LinkedIn