លោកអភិបាលអូលីវីយ៉េ ជំរុញគ្រីស្តបរិស័ទវៀតណាមនិយាយភាសាខ្មែរ

លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​នៃ​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ ជំរុញ​​សហគមន៍គ្រីស្ត​បរិស័ទវៀតណាម ​​ឱ្យ​យក​ចិត្ត​ទុក​ដាក់​​និយាយ​ភាសាខ្មែរ ដើម្បីរស់នៅក្នុងសង្គមកម្ពុជាដោយងាយស្រួល។

លោក​អភិបាលអូលីវីយ៉េ​ មានប្រសាសន៍ថា «​ខ្ញុំ​មិន​បាន​ហាម​​មិន​ឱ្យ​និយាយ​ភាសា​វៀតណាម​ទេ ក៏ប៉ុន្តែ​ខ្ញុំ​​ជំរុញ​ឱ្យ​គ្រីស្តបរិស័ទ​​ដែល​រស់​នៅ​កម្ពុជា​​ចូល​នៅ​ក្នុង​សង្គម​ដែលពួកគេ​កំពុង​តែ​រស់នៅ​និងដែល​កំពុង​ស្វាគមន៍ពួកគេក្នុង​ជីវិត​ប្រចាំថ្ងៃ​»​។

ក្នុង​ឱកាស​បុណ្យ​គោរព​សន្ត​ហ្វ្រង់​ស៊ីស្កូ​នៃ​ក្រុង​អាស៊ីស៊ី និង​ប្រទានពរលើ​ចេតិយថ្មី​ នៅ​ព្រះវិហារ​​សន្ត​យ៉ូសែប​ទួល​ក្រសាំង ក្រុង​តាខ្មៅ នៃ​មណ្ឌល​សកម្មភាព​ទន្លេបាសាក់​ នា​ថ្ងៃ​ទី​៤ តុលា​ លោក​អភិបាល​​អូលីវីយ៉េ បាន​លើក​យក​គំរូ​របស់​​លោក​ម៉ាថាយ ជាគ្រីស្តបរិស័ទនៅទីនោះ ដែល​បាន​ទទួល​មរណភាព​នាពេលថ្មីកន្លងទៅ​ថា លោកម៉ាថាយ​នេះ ​បានជួយកសាង​ព្រះហសគមន៍​សាជាថ្មី​ក្រោយ​សម័យ​សង្គ្រាម​ និង​បាន​ជួយ​ឱ្យ​ព្រះសហគមន៍​មានជីវិត។

លោកអភិបាល​បញ្ជាក់ថា ​បុរសរូប​នោះ​ជា​គំរូ​ក្នុងការនិយាយ​ទាំងពីរ​ភាសា មានខ្មែរ​និងវៀតណាម ហើយ​គាត់​បានផ្ដល់​សក្ខីភាពអំពីជីវិតគ្រួសារ​ដល់យុវជន​យុវនារី​ក៏ដូចជាគ្រូអប់រំជំនឿដែរ។

ទាក់​ទង​ទៅ​នឹង​ការ​ជំរុញ​និង​លើក​ទឹក​ចិត្ត​គ្រីស្ត​បរិស័ទ​វៀតណាមឱ្យ​​និយាយ​ភាសាខ្មែរ​នៅក្នុង​សង្គម​កម្ពុជានេះ​ដែរ លោកបូជាចារ្យ​ សិលា សុខ ណា មាន​ប្រសាសន៍ថា ក្នុងនាម​ខ្ញុំ​ជាលោក​ជា​អ្នក​សម្របសម្រួល​មណ្ឌលសកម្មភាព​ទន្លេបាសាក់ រួម​ជា​មួយ​បូជាចារ្យ​ផ្សេងទៀត គឺ​ពួកលោក​ខិត​ខំ​​រៀបចំ​ពិធី​បុណ្យ​ដោយ​មាន​ទាំង​២​ភាសា​បញ្ជូល​គ្នា។

លោកថា «ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ពិធីបុណ្យ ដែលជា​ចំណុចស្នូលនៃជីវិត​គ្រីស្ត​បរិស័ទមាន​ទាំងពីរភាសា ដើម្បី​ឱ្យ​ពួកគាត់​ងាយយល់ និង​មាន​ការ​បកប្រែជំនួយផងដែរ»។

ក្រៅពី​ពិធីបុណ្យ លោក​បូជាចារ្យ​ សុខណា បន្តថា លោក​យក​ចិត្ត​ទុក​ដាក់ខ្លាំង​លើ​ការសិក្សា​អប់រំ​ឱ្យ​កូនវៀតណាមរៀន​ភាសាខ្មែរ និង​ចេះរស់នៅ​ក្នុង​សង្គមកម្ពុជា។

នៅ​ក្នុង​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​​ ព្រះសហគមន៍​មាន​សាលា​អក្ខរកម្ម​ភាសាខ្មែរ​ និង​ថ្នាក់​មត្តេយ្យសិក្សា​ដល់​បឋមសិក្សា​សម្រាប់​កុមារ​វៀតណាម​ដើម្បី​ជួយ​ពួកគាត់​ឲ្យ​មានទំនាក់ទំនង​ជាមួយ​អ្នក​ជិត​ខាង​បាន​ទូលំទូលាយ៕

 

ដោយ​ដាលីស

Facebook
Twitter
LinkedIn