ព្រះនាងព្រហ្មចារិនីម៉ារី តាមមាលា
ព្រះនាងម៉ារីជាគំរូគ្រីស្តបរិស័ទ ព្រោះព្រះនាងមានជំនឿលើព្រះជាម្ចាស់ដោយចិត្តស្មោះ។ តាំងពីយូរសតវត្សមកហើយ គ្រីស្តបរិស័ទធ្លាប់សរសើរលើកតម្កើងព្រះជាម្ចាស់ ដោយរួមចិត្តជាមួយព្រះនាងម៉ារីតាមព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកើតមានឡើងក្នុងជិវិតរបស់ព្រះនាង ទាំងនឹករឭកពាក្យជម្រាបសួររបស់ទេវទូត និងរបស់នាងអេលីសាបិតផង។ គេហៅរបៀបអធិដ្ឋាននេះថា៖ “សូត្រផ្គាំ” ឬ “សូត្រមាលា” ព្រោះគ្រីស្តបរិស័ទដូចជាយកភួងផ្កាមកបំពាក់ព្រះនាម៉ារី។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបារូក បរ ៤,៥-១២.២៧-២៩
ប្រជាជនខ្ញុំអើយ! ចូរមានចិត្តក្លាហានឡើង! អ្នកជាសក្ខីភាពដែលធ្វើឱ្យគេនឹកចាំឈ្មោះអ៊ីស្រាអែលតរៀងទៅ។ គេលក់អ្នករាល់គ្នាឱ្យប្រជាជាតិនានា មិនមែនដើម្បីឱ្យអ្នករាល់គ្នាវិនាសសាបសូន្យឡើយ។ ព្រះជាម្ចាស់បញ្ជូនអ្នករាល់គ្នាទៅក្នុកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ព្រោះអ្នករាល់គ្នាធើ្វឱ្យព្រះអង្គទ្រង់ព្រះពិរោធ។ អ្នករាល់គ្នាបានធើ្វឱ្យព្រះដែលបង្កើតអ្នករាល់គ្នាក្រេវក្រោធ ដ្បិតអ្នករាល់គ្នាបានយកសក្ការបូជាថ្វាយអារក្ស ពុំមែនថ្វាយព្រះជាម្ចាស់ទេ។ អ្នករាល់គ្នាភ្លេចព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច គឺព្រះអង្គដែលបានចិញ្ចឹមអ្នករាល់គ្នា។ អ្នករាល់គ្នាក៏ធ្វើឱ្យក្រុងយេរូសាឡឹមដែលបានចិញ្ចឹមបីបាច់អ្នករាល់គ្នាកើតទុក្ខដែរ។ ក្រុងយេរូសាឡឹម បានឃើញព្រះជាម្ចាស់ទ្រង់ព្រះពិរោធប្រឆាំងនឹងអ្នករាល់គ្នា ហើយពោលថា៖ «ម្នាលក្រុងទាំងប៉ុន្មានដែលនៅជិតខាងក្រុងស៊ីយ៉ូនអើយ! សូមស្ដាប់ខ្ញុំសិន! ព្រះជាម្ចាស់ធ្វើឱ្យខ្ញុំឈឺចុកចាប់យ៉ាងខ្លាំង។ ខ្ញុំឃើញខ្មាំងសត្រូវកៀរកូនប្រុស កូនស្រីរបស់ខ្ញុំទៅធ្វើជាឈ្លើយ ព្រោះព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចដាក់ទោសពួកគេ! ខ្ញុំមានអំណរសប្បាយដោយចិញ្ចឹមបីបាច់កូន រួចខ្ញុំមានទុក្ខព្រួយស្រណោះស្រណោក ដោយឃើញខ្មាំងកៀរយកពួកវាចេញទៅ។ សូមកុំឱ្យនរណាមានអំណរសប្បាយដោយឃើញខ្ញុំធ្លាក់ខ្លួនជាស្រី្ដមេម៉ាយ ដែលគេចាប់ពង្រាត់កូនទាំងអស់របស់ខ្ញុំ។ ខ្ញុំនៅស្ងាត់ជ្រងំដោយសារតែកូនៗរបស់ខ្ញុំបានប្រព្រឹត្តអំពើបាប គឺពួកវាបានឃ្លាតចាកពីធម្មវិន័យរបស់ព្រះជាម្ចាស់។ កូនទាំងឡាយអើយ ចូរមានចិត្តក្លាហានឡើង! ចូរស្រែកដង្ហោយហៅព្រះជាម្ចាស់ទៅ! ព្រះអង្គដែលនាំកូនមកទីនេះមុខជាមិនបំភ្លេចកូនទេ។ កាលពីមុនកូនមានបំណងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ឥឡូវនេះ កូនប្រែចិត្តគំនិតហើយ! ចូរខិតខំស្វែងរកព្រះអង្គឱ្យខ្លាំងជាងមុនដប់ដង។ ព្រះអង្គដែលដាក់ទោសកូនឱ្យរងទុក្ខវេទនាយ៉ាងនេះ នឹងយាងមកជួយសង្គ្រោះកូន ហើយប្រទានអំណរសប្បាយឱ្យកូនជារៀងរហូត។
ទំនុកតម្កើងលេខ ៦៩ (៦៨) ,៣៣-៣៤.៣៦.៣៧ បទកាកគតិ
៣៣ | អស់អ្នកទុរគត | វេទនាក្រខ្សត់ | ចិត្តគេសប្បាយ |
គេមានអំណរ | ឥតមានខ្វល់ខ្វាយ | នឹងរស់វែងឆ្ងាយ | |
អាយុយឺនយូរ | ។ | ||
៣៤ | ដ្បិតទ្រង់សណ្ដាប់ | ពាក្យអ្នកសុភាព | និយាយទូលថ្ងូរ |
ទ្រង់មិនលះបង់ | អ្នកជាប់ឃុំយូរ | ឱ្យទួញទ្រហោរ | |
នៅឯកោទេ | ។ | ||
៣៦ | ដ្បិតព្រះជាម្ចាស់ | ទ្រង់នឹងសង្គ្រោះ | ក្រុងយើងខ្ពស់ឡើង |
ទីក្រុងនានា | ស្រុកយូដាផង | ព្រះអង្គកសាង | |
ថ្មីវិញទាំងអស់ | ។ | ||
ឱ្យប្រជាជន | ចូលមកបន្ទន់ | ចូលជ្រកនៅរស់ | |
កន្លែងដើមវិញ | ឥតមានបង់បោះ | សុខស្រួលឥតខ្ចោះ | |
កាន់កាប់ជាថ្មី | ។ | ||
៣៧ | កូនចៅរបស់ | អ្នកបម្រើស្មោះ | នឹងទទួលដី |
មកទុកជាកេរ | មរតកប្រពៃ | បវរថ្លាថ្លៃ | |
តាំងជាលំនៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១៧-២៤
សាវ័កទាំងចិតសិបពីរនាក់ត្រឡប់មកវិញទាំងត្រេកអរ ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់អើយ! ដោយសារព្រះនាមព្រះអង្គ សូម្បីតែខ្មោចក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានឃើញមារសាតាំងធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។ ខ្ញុំឱ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបប្ញទិ្ធអំណាចគ្រប់យ៉ាងរបស់មារសត្រូវផង ហើយគ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ។ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញខ្មោចចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរសុខវិញ»។ ខណៈនោះ ព្រះវិញ្ញាណធ្វើឱ្យព្រះយេស៊ូមានព្រះហប្ញទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្ដែងការណ៍ទាំងនេះឱ្យមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនឱ្យអ្នកប្រាជ្ញនិងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហប្ញទ័យសម្រេចដូចច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហប្ញទ័យសម្ដែងឱ្យស្គាល់នោះដែរ»។ បន្ទាប់មក ព្រះយេស៊ូបែរទៅរកសាវ័ក ហើយមានព្រះបន្ទូលដាច់ឡែកពីមហាជនទៅពួកគេថា៖ «អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះអ្នករាល់គ្នាឃើញហេតុការណ៍ទាំងអស់នេះ!។ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គា្នថា មានព្យាការី និងស្ដេចជាច្រើនចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្ដីដែលអ្នករាល់គា្នបានឮនេះដែរ តែមិនបានឮសោះ»។