គ្រីស្តបរិស័ទជិត៣០០០នាក់បានមកចូលរួមពិធីតែងតាំងលោកបូជាចារ្យភូមិភាគចំនួនបីអង្គ គឺលោក យ៉ូហាន បាទីស្ត វី សំណាង លោក ប៉ូល វិនកាន់ និងលោក អន់តូនី ថៃ រតនៈ(ប៊ុនលី) នៅមជ្ឈមណ្ឌលភូមិភាគភ្នំពេញ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញាកន្លងទៅ។
លោកទាំងបីទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកកម្ពុជា រួមនិងលោកអភិបាល ភូមិភាគបាត់ដំបងនិងកំពង់ចាម ដោយមានលោកបូជាចារ្យទាំងបីភូមិភាគចូលរួមយ៉ាងកុះករ។
បូជាចារ្យនៅក្នុងព្រះសហគមន៍កាតូលិក គឺជាតំណាងរបស់ព្រះយេស៊ូដើម្បីធ្វើពិធីថ្វាយសក្ការបូជាទៅព្រះជាម្ចាស់ដែលគ្រីស្តបរិស័ទហៅថា «អភិបូជា»។ អស់លោកជាបូជាចារ្យ ត្រូវរស់នៅលីវអស់មួយជីវិត ដោយបម្រើព្រះសហគមន៍តាមរយៈអគ្គសញ្ញានានា ជួយណែនាំគ្រីស្តបរិស័ទឲ្យរស់នៅតាមមាគ៌ារបស់ព្រះជាម្ចាស់។ ពួកលោកមានពាក្យសច្ចាបី គឺរស់នៅរក្សាព្រហ្មចារីធម៌ ស្តាប់បង្គាប់ និងរស់នៅបែបក្រីក្រ។
លោកអភិបាល សិលា សួន ហង្សលី ជាអភិបាលជនជាតិខ្មែរនៃភូមិភាគកំពង់ចាម បានមានប្រសាសន៍ថា នៅពេលព្រះសហគមន៍កម្ពុជាមានបូជាចារ្យជាតិខ្មែរក្នុងស្រុកកាន់តែច្រើន ជាការលើកទឹកចិត្តមួយសម្រាប់គ្រីស្តបរិស័ទឱ្យយល់ថា ព្រះសហគមន៍របស់យើងកាន់តែរីកចម្រើន ដើម្បីជួយណែនាំព្រះសហគមន៍និងណែនាំឱ្យជំនឿរបស់គ្រីស្តបរិស័ទកាន់តែរឹងមាំដែរ។ ហើយនេះបង្ហាញអំពីរបៀបដែលព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងព្រះសហគមន៍របស់យើងនឹងបង្ហាញអំពីវត្តមានរបស់ព្រះអង្គ។
លោកថា«សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ហើយនិងអរគុណសម្រាប់ក្រុមគ្រួសាររបស់លោកបូជាចារ្យទាំងបីនាក់ ដែលបានអនុញ្ញាតឱ្យកូនថ្វាយខ្លួនទៅព្រះជាម្ចាស់ ហើយក្លាយខ្លួនជាបូជាចារ្យ។»
ព្រះសហគមន៍កាតូលិកនៅកម្ពុជាបានកកើតឡើងជិត៥០០ឆ្នាំមកហើយ នេះបើយោងទៅតាមឯកសារប្រវត្តិសាស្ត្រព្រះសហគមន៍របស់លោកបូជាចារ្យហ្វ្រង់ស័រ ប៉ុងសូដស៍។ ព្រះសហគមន៍នេះ បានរីកចម្រើបន្តិចម្ដងៗ ហើយបានរងការបំផ្លាញ ដោយសង្គ្រាមរាប់មិនអស់ និងបានរងគ្រោះរួមជាមួយសាសនាឯទៀត និងប្រជាជនកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដោយបានសម្លាប់មនុស្សជិត២លាននាក់ ក្នុងនោះរួមទាំងលោកអភិបាលជាតិខ្មែរ យ៉ូសែប ឆ្មារសាឡាស់ អស់លោកបូជាចារ្យ បព្វជិត-ជិតានិងគ្រីស្តបរិស័ទមួយចំនួនធំ។
ក្រោយមកព្រះសហគមន៍បានកកើតឡើងវិញ តាមរយៈសាសនទូតក្រៅប្រទេស បានរួមគ្នាខិតខំប្រឹងប្រែងប្រកាសដំណឹងល្អ ហើយបានជ្រោមជ្រែងឲ្យមានបូជាចារ្យក្នុងស្រុកកើតឡើង។ បច្ចុប្បន្ននេះ ព្រះសហគមន៍កម្ពុជាដែលមានគ្រីស្តបរិស័ទជាង២ម៉ឺននាក់ មានបូជាចារ្យភូមិភាគចំនួន១៣អង្គ និងបព្វជិតចំនួន១អង្គ។
ក្នុងនាមជាបូជាចារ្យខ្មែរមួយរូប លោក ផាន បូរី ជាបូជាចារ្យទទួលខុសត្រូវនៅព្រះវិហារសន្តយ៉ាកុប(មណ្ឌលគិរី)នៃភូមិភាគកំពង់ចាម បានមានប្រសាសន៍ថា លោកពិតជាមានអំណរសប្បាយ ព្រោះជាសញ្ញាមួយដែលបង្ហាញថា «ព្រះសហគមន៍កម្ពុជាកំពុងតែធ្វើដំណើរទៅមុខ កំពុងតែអភិវឌ្ឍន៍និងកំពុងតែឈានជើងចូលក្នុងទឹកដីនៃការប្រកាសដំណឹងល្អនៅក្នុងប្រទេសកម្ពុជា។»
លោកបូជាចារ្យបូរី បន្ថែមថា ការទទួលបានលោកបូជាចារ្យថ្មីនេះ ជាសក្ខីភាពសម្រាប់យុវជនឱ្យចេះឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយហ៊ានឆ្លើយថាបាទឬចាស និងត្រូវសុខចិត្តលះបង់អ្វីៗជាច្រើនដែលខ្លួនចូលចិត្តធ្វើនៅសង្គម ដើម្បីនៅជាមួយព្រះយេស៊ូ ដោយសារសេចក្ដីស្រលាញ់ចំពោះព្រះយេស៊ូទើបយើងសុខចិត្តថ្វាយខ្លួនទៅព្រះជាម្ចាស់។
ជាមួយគ្នានេះ លោក ឯម សារ៉េត ជាគ្រីស្តបរិស័ទមកពីព្រះសហគមន៍ជុំគិរីនៃមណ្ឌលសកម្មភាពកំពត ប្រាប់ថា គាត់មានមោទនភាពខ្លាំង ដែលមានជនជាតិខ្មែរស្ម័គ្រចិត្តលះបង់ជីវិតដើម្បីបម្រើព្រះសហគមន៍របស់ខ្លួន។
លោកសារ៉េត បន្តថា លោកមានបំណងចង់ថ្វាយកូនរបស់ខ្លួនដើម្បីបម្រើព្រះសហគមន៍ដូចលោកបូជាចារ្យដែរ។ លោកឲ្យដឹងថា « ខ្ញុំនឹងអធិដ្ឋានហើយជម្រុញលើកទឹកចិត្តពួកគាត់ ប្រសិនបើពួកគាត់ជ្រើសរើសផ្លូវជីវិតជាអ្នកបួស ខ្ញុំក៏សប្បាយហើយខ្ញុំក៏លះបង់ ឱ្យតែពួកគាត់អាចបម្រើព្រះសហគមន៍ និងបម្រើព្រះជាម្ចាស់។»
មុនពេលបិទបញ្ចប់កម្មវិធីលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចាត់លោក វី សំណាង ទៅបម្រើការងារនៅមណ្ឌលសកម្មភាពភ្នំពេញខាងជើង និងធ្វើជាជំនួយការរបស់លោក រីឯលោក ប៉ូល វិនកាន់ ទៅបម្រើការងារនៅមណ្ឌលសកម្មភាពតាកែវ និង លោក ថៃ រតនៈ(ប៊ុនលី) ទៅបម្រើនៅមណ្ឌលសកម្មភាពកំពតកែប៕
ចាន់ម៉ានុត