លោក វី សំណាង៖ សង្គហៈ យុត្តិធម៌ និងមេត្តាករុណាត្រូវដើរទន្ទឹមគ្នា

នៅ​ក្នុង​អភិបូជា​លើក​ដំបូង​ លោក​បូជាចារ្យ​ថ្មី យ៉ូហានបាទីស្ទ វី សំណាង និយាយ​ទៅ​កាន់​គ្រីស្ត​បរិស័ទ​ថា «ការធ្វើសង្គហ: និងយុត្តិធម៌ត្រូវតែ​ធ្វើ​ដំណើរ​គ្នាជាមួយនឹងមេត្តាករុណាផងដែរ។»

លោក​មាន​ប្រសាសន៍​នេះ​នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន នារាជធានីភ្នំពេញ ក្នុង​ពិធី​​អភិបូជាលើក​ដំបូង​របស់​លោក​​នាថ្ងៃទី​២៤ ខែ​កញ្ញាកន្លងទៅ។

លោក​បន្ថែម​ទៀតថា សូមឱ្យយើងនៅទីនេះមានចិត្តមេត្តា​ករុណា​ដូចព្រះជាម្ចាស់ ដោយ​គ្រប់ពេលវេលា​យើង​ថ្លឹងថ្លែង​ពិចារណា​ ដោយ​​ឱ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​បំភ្លឺ​នូវ​កិច្ចការដែលយើងធ្វើ។

នៅ​ក្នុង​ឱកាសអភិបូជាលើក​ដំបូង​​​នេះ​ដែរ អ្នក​ស្រី ភោគ​ សុម៉ានី គ្រីស្ត​បរិស័ទ​នៅ​ព្រះ​វិហារ​ព្រះកុមារ​យេស៊ូ​​រៀប​រាប់​ថា ក្នុង​នាម​ជាគ្រីស្ត​បរិស័ទ​ យើង​ត្រូវ​ទទួល​ពាក្យ​ «សមធម៌»​ ឱ្យ​បាន​ច្រើន​ជាង​«សមភាព»។

អ្នកស្រី​ជា​អ្នក​សម្រប​សម្រួល​ក្នុង​សាលា​អប់រំពិសេស​សម្រាប់ការ​លូតលាស់ ដែល​ផ្តោត​សំខាន់​សម្រាប់​កុមារ​អូទីសឹម​បន្ថែមថា ពាក្យ​ថា​សមធម៌​នេះ​សំខាន់​មែនទែន ​ដើម្បី​ឱ្យ​កុមារដែល​កំពុង​មាន​បញ្ហា​អូទីសឹម ​បាន​ទទួល​នូវ​អ្វីដែល​សង្គម​ជា​ច្រើន​បដិសេធពួក​​គាត់ និង​«ជាពាក្យ​មួយ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឱ្យ​បន្ត​ធ្វើ​ការ​ជា​មួយ​​ក្មេងពិសេស​ទាំងនោះ​»។​

ក្នុងនាមជា​បូជាចារ្យថ្មី​មួយរូប លោក​វីសំណាង​សូម​គ្រីស្តបរិស័ទ​អធិដ្ឋាន​សម្រាប់​គាត់​ ដើម្បី​ឲ្យ​គាត់​អាច​រស់នៅ​ក្នុង​អគ្គសញ្ញា​តែង​តាំង​អស់​មួយជីវិត។

លោក​បូជាចារ្យ​ថ្មី វី​ សំណាង បាន​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​បូជាចារ្យ​ពី​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេរ អភិបាល​ព្រះ​សហគមន៍​ភូមិភាគ​ភ្នំពេញ រួម​ជាមួយ​លោក​បូជាចារ្យ​ថ្មី​ពី​អង្គ​ទៀត​គឺ​លោក​បូជាចារ្យ ថៃ រតនៈ(ប៊ុនលី) និង​លោក​បូជាចារ្យ វិន កាន់ នា​ថ្ងៃ​ទី​២៣ កញ្ញា ២០២៣នេះ នៅ​មជ្ឃ​មណ្ឌល​ភ្នំពេញ​ថ្មី​។​ លោក​បូជាចារ្យ​ថ្មី​ ត្រូវបាន​លោក​អភិបាល​ព្រះសហគមន៍​ចាត់​ឱ្យ​ទៅ​បំពេញ​បេសកកម្ម​ប្រកាស​ដំណឹង​ល្អ​ជាផ្លូវការណ៍​នៅ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ដែលមាន​ព្រះសហគមន៍ អរិយក្សត្រ ពោធិ៍ធំ និង​ក្ដីកណ្ដាល និង​ជា​ជំនួយ​ការ​រដ្ឋបាល​នៃ​ការិយាល័យ​លោកអភិបាល​ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី១ មករា ២០២៤នេះតទៅ៕

 

ដោយ​ដាលីស

Facebook
Twitter
LinkedIn