លោកវីសំណាង៖បូជាចារ្យជាឧបករណ៍របស់ព្រះជាម្ចាស់

នៅ​ក្នុង​អភិបូជាលើកដំបូងនៅព្រះវិហារសន្តីម៉ារី តួតាំង នៃមណ្ឌលសកម្មភាព​    មេគង្គ​ដែលជាទីកន្លែងកំណើត លោកបូជាចារ្យ​ យ៉ូហាន បាទីស្ត វី សំណាង ឲ្យដឹងថា«ខ្លួនខ្ញុំលែងជាកម្មសិទ្ធខ្លួនខ្ញុំទៀតហើយ រាល់ពាក្យសម្ដី កាយវិការ ដៃជើងអ្វីៗទាំងអស់ជារបស់ព្រះគ្រីស្ត។»

ក្នុងធម្មទេសនា​នារសៀល​ថ្ងៃទី​២៤ ខែ​កញ្ញា លោក​បូជាចារ្យ​ថ្មី មាន​ប្រសាសន៍ទៀតថា  ដូច្នេះលោក​ជា​ឧបករណ៍របស់ព្រះជាម្ចាស់​ ជាឧបករណ៍នៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ លោក​បាន​អធិដ្ឋាន​សូម​ឲ្យ​អ្វី​ដែល​លោក​ធ្វើ គឺដើម្បី​លើកតម្កើងព្រះគ្រីស្ត និង​ឱ្យគ្រីស្ត​បរិសមើល​ឃើញ​វត្តមាន​ព្រះអង្គ​ក្នុង​រូបកាយ​របស់​គាត់​ជា​បូជាចារ្យ​ដែរ។

លោក​បូជាចារ្យ​ថ្មី បាន​ថ្វាយ​អភិបូជាលើក​ដំបូង​នេះអម​ដោយ​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ​ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ និង​មាន​គ្រីស្ត​បរិស័ទ​ចូលរួម​ច្រើន​កុះករផងដែរ។

លោក​បូជាចារ្យថ្មី​ស្នើសុំ​ឲ្យគ្រីស្ត​បរិស័ទ​បន្ត​អធិដ្ឋាន​សម្រាប់​គាត់ ដើម្បីឱ្យគាត់​ក្លាយជាអំបិលសម្រាប់​ពិភពលោកអស់កល្បជានិច្ច។

ជាមួយ​គ្នានេះ​លោក​សំណាង បាន​រំលឹកដល់​គ្រីស្ត​បរិស័ទ​ឲ្យ​អធិដ្ឋាន​ជានិច្ចទោះ​ក្នុង​កិច្ច​ការ​តូចធំ​ក្តី​​ គឺសូមព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺ ដើម្បីឱ្យយើងអាចជ្រើសរើសអ្វីមួយស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។

ក្នុងឱកាសនោះ​លោកអភិបាល អូលីវីយ៉េ សូម​អរគុណ​ដល់​ឪពុកម្តាយ​​របស់​លោក​បូជាចារ្យ​វីសំណាង ដែលបាន​ថែរក្សាកូន និងអនុញ្ញាតឱ្យចូលទេវវិទ្យាល័យ ដើម្បីក្លាយជាបូជាចារ្យនៅថ្ងៃនេះ​។

លោកបូជាចារ្យ យ៉ូហានបាទីស្ត វី សំណាង ទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ និង​ត្រូវ​ចាត់​ដោយ​លោក​អភិបាល​ទៅបំពេញបេសក​កម្មនៅមណ្ឌលសកម្មភាពភ្នំពេញខាងជើងក្នុង​ខែ  មករា ឆ្នាំ២០២៤។ បច្ចុប្បន្ន​លោក​នៅ​បម្រើ​ការងារ​នៅ​​ព្រះវិហារ​ ព្រះកុមារយេស៊ូបឹងទំពុន៕

 

ដោយ ចាន់​ម៉ានុត

Facebook
Twitter
LinkedIn