លោកបូជាចារ្យថ្មីរំលឹកអំពីតួនាទីជាគ្រីស្តបរិស័ទ

លោក​បូចារ្យ​​ប៉ូល វិនកាន់ និង​លោក​បូជាចារ្យ​អន់តូនី ថៃរតនៈ (ប៊ុនលី) បាន​ថ្វាយ​អភិបូជា​លើក​ដំបូង​រួម​ជាមួយ​លោកអភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ នៃ​ភូមិភាគ​ភ្នំពេញ ​​នៅព្រះវិហារសន្តហ្វ្រង់ស្វ័រ សាវីយ៉េ ចំប៉ា នៃមណ្ឌលសកម្មភាពមេគង្គ កាលពីថ្ងៃទី២៤ខែកញ្ញា មានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ។

ប៉ូល វិនកាន់ មាន​ប្រសាសន៍​ថា «នៅថ្ងៃនេះខ្ញុំមានអំណរសប្បាយដែលបានមកភូមិស្រុកកំណើតដើម្បីថ្វាយអភិបូជាជាលើកដំបូង ដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់ការត្រាស់ហៅ និងទី២អរគុណ​​ព្រះសហគមន៍ ពុកម៉ែបងប្អូនដែលតែងតែគាំទ្រតាមរយៈការអធិដ្ឋាន និងតាម​មធ្យោបាយផ្សេងៗ។ នេះជាកម្លាំងនឹងជាអំណរសប្បាយសម្រាប់ខ្ញុំយ៉ាងពិតប្រាកដ»។

ក្នុងធម្មទេសនា លោកបូជាចារ្យ ប៉ូល វិន កាន់ មានប្រសាសន៍ថា យើងជាគ្រីស្តបរិស័ទ យើងបានទទួលការងារមួយ​ពីព្រះជាម្ចាស់ដូចៗគ្នា ទោះបីយើងមានមុខងារនៅក្នុងសង្គមឬក៏មានការងារមួយ​ក្នុង​ព្រះសហគមន៍ យើងទាំងអស់គ្នាធ្វើការសម្រាប់ព្រះជាម្ចាស់និងឱ្យយើងមានចិត្ត​សប្បុរស​ដូច​ម្ចាស់​ចំការនៅ​ក្នុង​ព្រះគម្ពីរ​ថ្ងៃនេះ។

«ដូច្នេះការងារដែលយើងធ្វើ តួនាទីដែលយើងធ្វើគឺតម្រង់ឆ្ពោះ​ទៅរក​ព្រះជាម្ចាស់ណែនាំឱ្យយើងមានចិត្តល្អ ឱ្យយើងមានចិត្តមេត្តាករុណាដែរ»។ លោកបូជាចារ្យបញ្ជាក់។

លោកបន្ថែមថា«សម្រាប់ខ្ញុំ ខ្ញុំទទួលមុខងារជាបូជាចារ្យបម្រើព្រះជាម្ចាស់ ដូច្នេះខ្ញុំមិនអាចនិយាយថា ខ្ញុំពូកែ ខ្ញុំល្អជាងគេ ឬក៍ខ្ញុំចេះជាងគេ ឆ្លាតជាងគេ គឺអត់ទេដោយសារមានរឿងរ៉ាវផ្សេងៗទៀតជាច្រើនដែលខ្ញុំអត់យល់ ដែលខ្ញុំអត់ដឹងនឹង​ខ្ញុំក៏មិនអាចធ្វើបានដែរ ដូច្នេះខ្ញុំត្រូវការបងប្អូនទាំងអស់ចូលរួមជួយជាមួយខ្ញុំដែរ»។​

លោកអន់តូនី ថៃ រតនៈ​មាន​ប្រសាសន៍​ដែរ​ថា ការ​ថ្វាយ​អភិបូជាលើក​ដំបូងនេះ ជា​​ព្រះអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យ​លោក បាន​កាន់ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ហើយ​នេះជាបទពិសោធន៍​ថ្មីមួយ។

លោកបន្ត​ថា«ខ្ញុំមានអំណរសប្បាយ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងសូមព្រះជាម្ចាស់ប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គនិងសម្រាប់ខ្ញុំដែរ ដើម្បីឱ្យខ្ញុំបានបន្តបេសកកម្មរបស់ព្រះអង្គ តាមរយៈការប្រារព្ធអភិបូជាប្រចាំថ្ងៃ ជាប្រយោជន៍សម្រាប់បងប្អូនគ្រីស្តបរិស័ទទាំងអស់តាមរយៈខាងផ្លូវវិញ្ញាណ។»

ជាមួយគ្នានេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ស្នើ​សុំ​​គ្រីស្ត​បរិស័ទ​ក្នុង​​មណ្ឌលសកម្មភាពមេគង្គបន្តអធិដ្ឋានសម្រាប់លោកបូជាចារ្យថ្មី ដើម្បីបន្តនឹងបម្រើព្រះជាម្ចាស់ បម្រើព្រះសហគមន៍អស់មួយជីវិតដែលពោរពេញដោយកម្លាំង និងអធិដ្ឋាន​សម្រាប់យុវជន​ជំនាន់ក្រោយទៀត​ដើម្បី​ចូលរួម​ក្នុង​ក្រុម​អ្នក​បួស​។

លោកប៉ូល​ វិន កាន់ និង​លោក អន់តូនី ថៃ រតនៈ(ប៊ុនលី) ត្រូវ​បាន​តែ​ងតាំង​ជា​បូជាចារ្យ​កាលពីថ្ងៃទី​២៣ ខែ​កញ្ញា​កន្លងទៅ​។ លោក​អភិបាល​អូលិវីយ៉េ​ បាន​ចាត់​លោក​ទាំងពីរ​ឲ្យទៅ​បំពេញ​បេសកកម្ម គឺលោកអន់តូនី ថៃ រតនៈ​ ត្រូវទៅបំពេញបេសកម្មនៅមណ្ឌលសកម្មភាពកំពត និង លោក ប៉ូល វិនកាន់ ត្រូវទៅបំពេញបេសកម្មនៅមណ្ឌលសកម្មភាពតាកែវ៕

ដោយ​ចាន់ ម៉ានុត

Facebook
Twitter
LinkedIn