មណ្ឌលសកម្មភាពតាខ្មៅនៃភូមិភាគភ្នំពេញ បានរៀបចំសិក្ខាសាលា ស្តីអំពី«ការព្យាបាលផ្លូវចិត្ត និងការគ្រប់គ្រងបរិស្ថាន» ក្រោមអធិបតីភាពលោកបូជាចារ្យ អ៊ុន សុន បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពតាខ្មៅ និងមានតំណាងពីខាងអង្គម៉ារីណុលកម្ពុជា និងអង្គការការីតាសកម្ពុជាជាវាគ្មិនកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានគ្រីស្តបរិស័ទចូលរួមប្រមាណជិត៣០នាក់ នៅព្រះសហគមន៍តាខ្មៅក្នុងក្រុងតាខ្មៅ សង្កាត់ព្រែកហូរ ខេត្តកណ្តាល។
លោកបូជាចារ្យ ខេវិន ខុនរ៉យ វាគ្មិនពីអង្គការម៉ារីណុល បានពន្យល់អំពីបញ្ហាសុខភាពផ្លូវចិត្តថា មានសារៈសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ។
សិក្ខាសាលានេះ ក៏មានការចូលរួមពីលោកបូជាចារ្យ ខេវិន តំណាងអង្គម៉ារីណុលកម្ពុជា, លោកគ្រូចិត្រ នាយករងអង្គការការីតាស់កម្ពុជា, លោក ងិន វិសាល តំណាងសាលាឡាវ៉ាឡា និងតំណាងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងសិក្ខាសាលានោះដែរ បុគ្គលិកនៃអង្គការម៉ារីណុលកម្ពុជា ក៏បានលើកឡើងពីសុខភាពផ្លូវចិត្ត ដោយផ្តោតទៅលើការអប់រំទៅប្រជាពលរដ្ឋ ណែនាំឱ្យអ្នកជំងឺទៅមន្ទីរពេទ្យដើម្បីព្យាបាល និងការគាំទ្រដល់គ្រួសារអ្នកជំងឺដើម្បីឲ្យអ្នកជំងឺទទួលការព្យាបាល។
លោកបូជាចារ្យខេវិន បានបញ្ជាក់ថា «ទោះជាយ៉ាងណា ក៏មានការលាក់បាំងអំពីសុខភាពផ្លូវចិត្តរបស់ខ្លួនដល់អ្នកដែលចាំជួយព្យាបាលនៅឡើយដែរ។ ក្រោយពីការទទួលបានព្យាបាលអ្នកជំងឺ អង្គការក៏មានបង្កើតសហគ្រាសខ្នាតតូច ដើម្បីគាំទ្រឱ្យអ្នកជំងឺអាចរកចំណូលបានសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួនផងដែរ»។
លោក នូ ម៉ុន សារិទ្ធ មកពីអង្គការការីតាសកម្ពុជា ដែលជាស្ថាប័នមួយរបស់ព្រះសហគមន៍កាតូលិកមានប្រសាសន៍ថា អង្គការការីតាសកម្ពុជា ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧២ដោយលោកភិបាលអេមីល ដេតម្យ។
និយាយអំពីបរិស្ថាន លោកសារិទ្ធឲ្យដឹងថា «បរិស្ថានគឺជាប្រភពនៃជីវិត និងជាប្រភពដែលគ្មានជីវិត មានដូចជា ខ្យល់ ភ្លើង ទឹក មនុស្សជាដើម»។ ក្នុងនោះដែរលោកក៏បាននិយាយពីសំណល់រឹង និងការគ្រប់គ្រងសំរាមដល់អង្គសិក្ខាម និងអំពីរបៀបកាត់បន្ថយការបំពុលបរិស្ថានធម្មជាតិដែលយើងម្នាក់ៗត្រូវចូលរួម។
ក្រោយបញ្ចប់អង្គសិក្ខាសាលា ព្រះសហគន៍បីក្នុងមណ្ឌលសកម្មភាពតាខ្មៅ បានប្តេជ្ញាចិត្ត បែងចែកសំរាម ជាបីប្រភេទដែលក្នុងនោះមាន សំណល់គ្រោះថ្នាក់ សំណល់ប្លាស្ទីក និងសំណល់ផ្ទះបាយ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ហើយបង្រៀនកុមារនិងឪពុកម្តាយកុមារអំពីគុណសម្បត្តិ និងគុណវិបត្តិនៃសំរាម និងជួយផ្សព្វផ្សាយដល់សិស្សក្នុងថ្នាក់ភាសាអង់គ្លេសនិងសិស្សខាងក្រៅឱ្យយល់ដឹងអំពីបរិស្ថាន៕