គ្រីស្តបរិស័ទកាតូលិកនៅកម្ពុជា សាទរប្រាសាទកោះកេរជាបេតិកភណ្ឌពិភពលោក

តប​តាម​កា​រស្នើ​សុំ​របស់​ក្រសួង​ធម្មការ​និង​សាសនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះសហគមន៍​កាតូលិក​បាន​រៀបចំ​ពិធី​វាយ​ជួង និង​ឧបករណ៍​បញ្ចេញ​សំឡេង នៅ​តាម​ព្រះវិហារ​នីមួយៗ នា​ម៉ោង​៧ព្រឹក​កាលពីថ្ងៃ​ម្សិលមិញ​នេះ។

ថ្លែងតាមរយៈវីឌីអូឃ្លីប​ ពីព្រះវិហារសន្តសិលា​និងសន្តប៉ូល ភ្នំពេញថ្មី លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍ថា យើងជាសាសនាកាតូលិកថ្ងៃនេះយើងជួបជុំគ្នាតាមកន្លែងនីមួយៗ ដើម្បីអរព្រះគុណព្រះជាម្ចាស់ដែលប្រទានទ្រព្យសម្បិត្តពិភពលោក​​ថ្មីដល់ប្រទេស​កម្ពុជា គឺប្រាសាទកោះកេរដែលបានទទួលឋានៈជាទ្រព្យសម្បិត្តនៅក្នុងពិភពលោកដោយអង្គការយូណេស្កូពីថ្ងៃអាទិត្យទី១៧ខែកញ្ញាឆ្នាំ២០២៣។ ដូច្នេះព្រះសហគមន៍ចូលរួមដើម្បីអបអរសាទរ និងដើម្បីឱ្យយើងរួមគ្នាធ្វើដំណើរដោយកសាងសុខសន្តិភាពនិងសុខដុមរមនា។

កាល​ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀត​របស់​ជាតិនិង​ប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភព​លោក​នៃ​​អង្គ​ការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅ​ក្នុ​ង​​​​បញ្ជី​បេតិកភណ្ឌពិភពលោក។

ដើម្បីចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្ត្រនេះ​ លោក​ ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការនិងសាសនា បានចេញសេចក្ដីប្រកាស ​លេខ៧៥០/២៣ គ.ធ.ស សជណ ចុះថ្ងៃអាទិត្យ​៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ​ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយសូមឱ្យលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីខេត្ត សហការឱ្យបានជិតស្និទ្ធបំផុតជាមួយ ព្រះមេគុណ ព្រះអនុគុណ ព្រះចៅអធិការ និងថ្នាក់ដឹកនាំសាសនាទូទាំងព្រះរាជាណាចក្រកម្ពុជា​​ រៀបចំវាយគង ជួង រគាំង ទូងស្គរនិងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន។

ក្នុងនាមជាបូជាចារ្យខ្មែរមួយរូប លោក ប្រាក់ ប៊ុនហុង បូជាចារ្យ​ជំនួយ​នៅព្រះសហគមន៍ស្ទឹងត្រែងនៃភូមិភាគកំពង់ចាម មានប្រសាសន៍ថា លោកពិតជាមានអំណរស​ប្បាយជាខ្លាំង ត្រេកអរយ៉ាងខ្លាំងនឹងសូមចូលរួមអបអរសាទរដល់ប្រទេសកម្ពុជាទាំងមូល និងអរព្រះគុណព្រះជាម្ចាស់ដែលយកប្រាសាទកោះកេរទៅជាបេតិកភណ្ឌពិភពលោក។

លោកបន្តថា លោក​សូមអរព្រះគុណព្រះជាម្ចាស់សម្រាប់ប្រទេសកម្ពុជាដែលមានអរិយធម៌ដ៏ខ្ពង់ខ្ពស់និងមានប្រាសាទជាច្រើន។ «ខ្ញុំបាទមានសេចក្ដីត្រេកអរយ៉ាងខ្លាំងនឹងសូមជូនពរឱ្យប្រទេសកម្ពុជា ប្រជាជនកម្ពុជានៅតែបន្តថែរក្សាប្រាសាទនានា ប្រពៃណីវប្បធម៌ និងអរិយធម៌របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនហើយខ្ញុំសូមជូនពរឱ្យបងប្អូនជួបតែសេចក្ដីសុខ សុភមង្គល សេចក្ដីសុខសាន្តទាំងផ្លូវកាយនិងផ្លូវចិត្ត»។

«ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតជាសប្បាយចិត្តដែលបានកើតមកជាកូនខ្មែររស់នៅលើទឹកដីដ៏អស្ចារ្យ ដែលមានប្រាង្គប្រាសាទជាច្រើន ដែលធ្វើឱ្យខ្ញុំបានមើលឃើញពីភាព​​អសា្ចរ្យនៃស្នាដៃបុព្វបុរសជំនាន់មុនបន្សល់ទុកឱ្យ ជាពិសេសក្នុងថ្ងៃនេះ សូមអរគុណដល់អង្គការយូណេស្កូដែលបានដាក់ប្រាសាទកោះកេរចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក»​នេះជាសម្ដីរបស់លោក ប៊ុន សុបិន្ត ជាអ្នកគ្រប់គ្រងមណ្ឌលនិស្សិតកាតូលិកភូមិភាគភ្នំពេញ។

លោកសុបិន្តសង្ឃឹមថា ក្រោយពីបានដាក់ប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោករួចហើយនោះ នៅឆ្នាំបន្ដបន្ទាប់និងមានប្រាសាទផ្សេងៗទៀតអាចដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកបន្ដទៀត ពីព្រោះយើងនៅមានប្រាសាទជាច្រើន ដែលកំពុងរង់ចាំចូលខ្លួនទៅឱ្យមនុស្សជុំវិញពិភពលោកបានស្គាល់ពី ប្រទេសកម្ពុជាដែល​សំបូរទៅដោយប្រាង្គប្រាសាទដ៏ល្អវិចិត្រ និងមានភាពអសា្ចរ្យពីទឹកដៃនៃការ​​​​​        កសាងរបស់បុព្វបុរសខ្មែរជំនាន់មុនៗ។

ជាមួយគ្នានេះ យុវជន គេង​ សុភុន អាយុ២៣ឆ្នាំ​ ជា​និស្សិតឆ្នាំទី៣ ផ្នែកសង្គមកិច្ចនៃវិទ្យាស្ថាន​សន្តប៉ូល និយាយថា នេះជាប្រវត្តិសាស្រ្តមួយសម្រាប់ឱ្យកូនខ្មែរទាំងអស់ចងចាំទុកនូវព្រឹត្តិការណ៍មួយនេះថា ប្រទេសកម្ពុជាជាទឹកដីអច្ឆរិយៈ​ ដែលសម្បូរទៅដោយវប្បធម៌ អរិយធម៌ដ៏ល្អប្រណិតនិងសម្បូរបែប មានតែមួយគត់លើពិភពលោក។

ទន្ទឹមនឹងនេះ យុវជន ឡាំ វិបុល អាយុ២៥ឆ្នាំ​ មកពីព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពុន បាននិយាយថា ដំបូងឡើយរូបលោកមិនសូវស្គាល់និងចាប់អារម្មណ៍ពីប្រាសាទកោះកេរ​ប៉ុន្មានទេ ប៉ុន្តែនៅពេលបានលឺថា​ប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក​​ធ្វើឱ្យលោកចង់សិក្សាឈ្វេងយល់អំពី ប្រវត្តិសាស្ត្ររបស់ប្រា​សា​​ទ​​​​នេះ។

លោកបន្តថា ការដាក់បញ្ចូលប្រាសាទកោះកេរជាបេតិកភណ្ឌពិភពលោកគឺពិតជាធ្វើឱ្យពិភពលោក ជាពិសេសប្រទេសជិតខាងដែលមានវប្បធម៌ស្រដៀងនឹងប្រទេសកម្ពុជារបស់យើង​ គេបានស្គាល់ថានេះជារបស់ខ្មែរ ថាខ្មែរអាចកសាងប្រាសាទមួយដែលរឹងមាំដែលមានអាយុកាលយូរឆ្នាំមកហើយ។

គួរបញ្ជាក់ថា តំបន់ប្រាសាទកោះកេរ ជា​រាជធានីបុរាណ​មួយ​របស់​អាណាចក្រ​ខ្មែរ​ ត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២) ក្នុងរជ្ជកាលព្រះ​​បាទជ័យវ័រ្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា ដែលមានរូបរាងជាពីរ៉ាមីត មាន៧ជា​ន់ និ​ងមានកម្ពស់៣៥ម៉ែត្រ ដែលមានផ្ទៃដីទំហំជាង ៨,៧០០ ហិកតា ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយង់ខាងជើងនៃខេត្តព្រះវិហារ៕

ដោយ​ចាន់ ម៉ានុត

Facebook
Twitter
LinkedIn