គ្រីស្តបរិស័ទត្រូវផ្តល់សក្ខីភាពពីជំនឿគ្រប់កាលៈទេសៈ

បេក្ខជនចំនួន១៩នាក់បាន​សុំ​ចូល​ព្រះសហគមន៍​ (ជំហានទី១) នៅ​ព្រះវិហារ​សន្តីម៉ារី​ញញឹម​ចំការទៀង​ក្នុងមណ្ឌល​សកម្មភាព​តាកែវ កាលពីថ្ងៃទី​៣ ខែ​កញ្ញា​កន្លង​ទៅ​ក្រោម​អធីបតីភាព​របស់​លោក​អភិបាល​ អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ រួម​ជាមួយ​គ្រីស្តបរិស័ទចូលរួមប្រមាណ​​​ជា៥០នាក់។

តាម​កម្មវិធី​អប់រំ​ជំនឿ​របស់​ព្រះសហគមន៍កាតូលិក​កម្ពុជា ពិធី​ជំហានទី​១​គឺ​ជា​ជំហាន​ដំបូង​ ដើម្បី​ឲ្យ​អ្នក​ឈ្វេងយល់​ជំនឿ​ប្រកាស​អំពី​គោល​បំណង​របស់​ខ្លួន​ និង​សុំ​ចូលរួម​ជាមួយព្រះសហគមន៍កាតូលិក​ ដោយ​ប្រកាសដោយ​ផ្ទាល់​ខ្លួន​ថា «ខ្ញុំ​សូម​យក​​ព្រះគ្រីស្តជាទីពឹង ខ្ញុំ​យក​ព្រះបន្ទូលជាទីពឹង ខ្ញុំយកព្រះសហគមន៍ជាទីពឹង»។

លោកអភិបាល អូលីវីយ៉េ មានប្រសាសន៍ក្នុងធម្មទេសនាថា កាយវិកា​របស់​បេក្ខជន​ម្នាក់ៗ ដែល​បាន​​លុត​ជង្គង់នៅមុខឈើឆ្កាងនិង​ប្រកាស​ពាក្យ​សន្យារបស់​ខ្លួន ណែនាំឱ្យយើងនឹក​ឃើញអំពីជីវិតរបស់យើងជាគ្រីស្តបរិស័ទ ដែល​ត្រូវផ្ដល់សក្ខីភាពគ្រប់ពេល​​វេលា នៅក្នុងការងារ នៅក្នុង​ជីវិត​គ្រួសារ ជីវិតនយោបាយ ជីវិតដែលយើងរស់នៅសព្វថ្ងៃ។

លោកបាន​ណែនាំ​ឲ្យគ្រីស្ត​បរិស័ទ​ដែលមានជំនឿ​យូរ​ហើយ ជួយ​ណែនាំ​បន្តជំនឿ​ ឲ្យ​បេក្ខជន​ទាំងអស់​នៅថ្ងៃនេះយកចិត្តទុកដាក់​អធិដ្ឋាននៅ​ស្ងៀមស្ងាត់ជាមួយព្រះជាម្ចាស់ យកពេលវេលានៅក្បែរព្រះកាយព្រះគ្រីស្ត និងយកពេលវេលានៅក្បែរព្រះនាងម៉ារី។

លោកអភិបាលបន្តទៀតថា ពីមួយឆ្នាំទៅ​មួយ​ឆ្នាំ​មាន​អ្នក​សុំ​ចូល​ព្រះសហគមន៍​កាតូលិក ចំនួន​៥០-៦០នាក់។ ហើយក្នុង​សប្តាហ៍​នេះ មាន​បេក្ខជន​ចំនួន​៩០​នាក់​ដែល​សុំ​ចូល​ព្រះសហគមន៍​ក្នុង​មណ្ឌល​សកម្ម​ភាព​តាកែវ។

លោក​អភិបាល​សង្កត់ធ្ងន់ថា គឺត្រូវ​ឲ្យ​​ប្អូនៗយល់ថា «ពិតមែនខ្ញុំមានទីពឹងថ្មី នៅក្នុងជីវិតធម្មតា ដោយដឹងថាឥឡូវនេះ យើងជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ យើងទាំងអស់ជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ យើងទាំងអស់ជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់ដែលជាព្រះបិតា»។

អូលីវីយ៉េ ឆេង​ វិសាល ក្នុងវ័យ២៣ ឲ្យដឹងថា «ខ្ញុំបានឈ្វេងយល់ជំនឿរយៈពេល២ឆ្នាំមកហើយ ដោយសារមានចិត្តស្រឡាញ់លើព្រះគ្រីស្ត និងចង់ចូលរួមក្នុងព្រះសហគមន៍»។

វិសាល ជាបុគ្គលិក​នៃការិយាល័យសិល្បៈ​របស់​ព្រះសហគមន៍​​បាន​បន្តថា ដោយ​មើល​ឃើញ​អំពី​សកម្ម​ភាព​របស់​ព្រះសហគមន៍ ដូចជាការជួយសង្គ្រោះ ការជួយអ្នកក្រីក្រ អ្នកជំងឺ និងសកម្មភាពផ្សេងៗមានទាំងការងារសិល្បៈ ជាមួយយុវជន ជំទង់និងកុមារ ធ្វើ​ឲ្យគាត់​ចាប់​អារម្មណ៍​ចង់​ស្គាល់​ព្រះយេស៊ូ។

ជាមួយគ្នានេះ វេរ៉ូនីកា ណារី សព្វថ្ងៃរៀនថ្នាក់ទី៦ នៅសាលបឋមសិក្សាសន្តហ្រ្វង់ស័រ​ក្នុង​ភូមិ​ចំការទៀង​​និយាយថា បានជានាងសុំចូលព្រះសហគមន៍(ជំហានទី)​ដោយសារចង់ស្គាល់ព្រះគ្រីស្ត​ ចង់ដើរតាមព្រះយេស៊ូ និងចង់ក្លាយជាគ្រីស្តបរិស័ទ។

នាងបន្តថា ឪពុកម្តាយ​​មិនបានរារាំងឬស្ដីបន្ទោសឱ្យនាងឡើយ តែ​បែរ​ជា​ជំរុញ​និង​លើកទឹកចិត្តឱ្យនាងខិតខំថែរក្សាសេចក្ដីស្រលាញ់ចំពោះព្រះសហគមន៍ និង​ចូលរួមសកម្មភាពជាមួយព្រះសហគមន៍ឱ្យកាន់តែសកម្មជាងនេះទៀត។

កុមារី​រូប​នេះ បាន​បញ្ជាក់ថា​ នាង​នឹង​ខិតខំ​ថែរក្សាសេចក្ដីស្រលាញ់ ដោយយកព្រះគ្រីស្តជាទីពឹង យកព្រះបន្ទូលជាទីពឹង យកព្រះសហគមន៍ជាទីពឹង នឹងព្យាយាមសិក្សាឈ្វេងយល់បន្ថែមទៀតអំពីជំនឿ។

លោក កុល ជាង​ ជាគ្រូអប់រំជំនឿនិងជាប្រធានព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង មានប្រសាសន៍ថា ដោយមើលឃើញសកម្មភាពយ៉ាងសកម្មរបស់បេក្ខជនទាំង១៩នាក់ ជាមួយនឹងការចូលរួមថ្វាយអភិបូជា សកម្មភាពសង្គហៈ សកម្មភាពយុវជន ការអប់រំជំនឿប្រចាំសប្ដាហ៍ ព្រះសហគមន៍ បានសម្រេចឱ្យបេក្ខជនទាំងអស់ធ្វើពិធីសុំចូលព្រះសហគមន៍(ជំហានទី១)។

តាមការបញ្ជាក់របស់លោក កុល ជាង បានឱ្យដឹងថា បេក្ខជនទាំង១៩នាក់ មកពីព្រះសហគមន៍ចំនួន២ គឺ ព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង និងព្រះសហគមន៍ត្រពាំងក្រញូង។ មណ្ឌល​កម្មភាព​នេះ មាន​ព្រះសហគមន៍​ចំនួន​៨ គឺ​ចំការទៀង គីរីវង់ ព្រៃកប្បាស សន្តប៉ូល បាទី កំពង់អំពិល ត្រពាំង​គ្រញូង និង​ក្រុងតាកែវ៕

 

ដោយ​ចាន់ ម៉ានុត

Facebook
Twitter
LinkedIn