កុមារចូលរួមបោះជំរំដើម្បីស្គាល់ខ្លួនឯង ព្រះជាម្ចាស់ និងអ្នកជុំវិញ

កុមារ​គ្រីស្តបរិស័ទជិត​១០០នាក់ ​ដែល​មាន​អាយុ​ចន្លោះ​ពី​១១ដល់​១៧ឆ្នាំមកពី​​​​ព្រះសហគមន៍​ចំនួន​៨ ក្នុង​​មណ្ឌល​សកម្មភាព​​ភ្នំពេញ​ខាង​ជើង​ ចូល​រួមបោះ​​ជំរំ​ក្រោម​ប្រធានបទ «ជាអ្នក ជាខ្ញុំ ជាយើង» ដើម្បី​ស្គាល់​ខ្លួន​ឯង ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ព្រះជាម្ចាស់​ក៏​ដូច​ជាមនុស្ស​ជុំវិញ​ និង​មាន​អំណរ​សប្បាយ​​រួមគ្នា​ក្នុង​ឱកាស​វិស្សមកាល​។​

កម្ម​វិធី​នេះ​ប្រព្រឹត្តទៅ​​នៅ​ព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច​នារាជធានីភ្នំពេញ ណែនាំ​​ដោយ​ក្រុម​យុវជន​កាតូលិក​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង នា​ថ្ងៃ​ទៅ​៣១​ ខែ​សីហា ដល់​ថ្ងៃ​ទី​៣ ខែកញ្ញា។

​ដូចគ្នា​ផងដែរ លោក​ប៉ូល រ៉ាវី សុភារ៉ុង ជាសមាជិកគណៈកម្មការ​សម្របសម្រួល​និង​ជា​ប្រធាន​ក្រុម​ពិធីករក្នុងកម្មវិធី​បោះជំរំកុមារនេះ​ និយាយ​ថា កម្មវិធីនេះ គឺឲ្យ​កុមារ​ស្គាល់​ពី​អត្ថន័យ​និង​ទំនាក់​ទំនង​រវាង​«អ្នក» គឺ​រវាង​ព្រះជាម្ចាស់​និង​កុមារផ្ទាល់​​ និង​ «ខ្ញុំ និង​យើង» ដើម្បី​ឱ្យ​កុមារ​យល់​ពី​ខ្លួនឯងជានរណា និង​មាន​តួនាទី​អ្វី​និងគួរ​​ប្រព្រឹត្ត​ខ្លួន​បែប​ណា​ខ្លះ។

លោកឧបដ្ឋាក​ ថៃ រតនៈ (ប៊ុនលី) អ្នក​រៀបចំ​កម្មវិធី​និង​ជា​វាគ្មិន​បាន​ឲ្យដឹងថា ការ​ស្គាល់​ខ្លួនឯង​សំខាន់​ មិន​ថា​នៅ​ក្នុង​ផ្ទះ ក្នុង​ព្រះសហគមន៍ និង​នៅក្នុង​សង្គម​ គឺ​ឲ្យ​កុមារ​​យល់ពី​តួនាទី​របស់​ខ្លួន​តាម​កន្លែង​នីមួយៗ។​

លោក​បញ្ជាក់ថា «ប្រសិន​បើ​យើង​មិន​ស្គាល់​ខ្លួនឯង​នាំ​ឱ្យ​វង្វេង មិនមាន​ជីវិត​ប្រសើរ​ទេ ព្រោះ​ពិភពលោក​ផ្លាស់​ប្ដូររហូត មាន​អ្នក​លេង​ហ្គេម​ច្រើន គាត់​អាច​នឹង​តាមគេ​»។

កុមារ​ទាំង​អស់នោះ​មក​ពី​ព្រះសហគមន៍​ ផ្សារតូច អរិយក្សត្រ ពោធិ៍ធំ ក្ដីកណ្ដាល ព្រែកតាទែន កំពង់ហ្លួង សែនសុខ និងស្វាយប៉ាក។

យុវ័ន អន់តូនី ប៊ុត សុខ ចំរើន ក្នុង​វ័យ១៦ឆ្នាំមកពីព្រះសហគមន៍​ផ្សារតូច បាន​ចូលរួម​កម្មវិធី​បោះ​ជំរំកុមារ​​នេះ ចំនួន​៩លើក​មក​ហើយ។ ចំរើនយល់ឃើញថា កម្មវិធីបោះជំរំនេះ បាន​ជួយ​ឲ្យ​គាត់​និង​មិត្ត​ភក្តិ​បាន​​​រៀននិង​ស្គាល់​ពី​ព្រះ​សហគមន៍និង​ស្គាល់​គ្នា​ទៅ​វិញ​ទៅមកនិង​​​​ចេះ​ស្រឡាញ់​គ្នា ទោះ​ទៅ​ដល់​ព្រះសហគមន៍​ណា ក៏​ពួកគាត់​មានទំនាក់​​​​ទំនងស្រួល​​ជា​មួយ​​គ្នា។

 

ក្នុង​កម្មវិធី​ប៉ុន្មាន​ថ្ងៃនេះ ចំរើន ចាប់​អារម្មណ៍​លើ​ ប្រធាន​បទ​ជា​ខ្ញុំ ដោយ​និយាយថា ​«នៅ​ផ្ទះ​ខ្ញុំ​ជា​ក្មេង​ដែល​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ហើយ​ជា​ក្មេង​ដែល​ជួយ​បម្រើ​ព្រះសហគមន៍​ដើម្បី​បាន​នៅជិត​ព្រះជាម្ចាស់​។ ចំពោះ​សង្គម​ខ្ញុំ​ត្រូវ​ចេះជួយ​អ្នក​ដទៃ​តាម​ដែល​អាចជួយបាន ដូចជា​បើ​ឃើញ​មិត្ត​ភក្ដិ​វាយ​គ្នា ខ្ញុំ​ជួយណែនាំ​ជាដើម»។​

កុមារីអាកាតា លីម សៀវយ៉ាន ក្នុងវ័យ​​១៤ឆ្នាំ បាន​ឲ្យដឹងដែរថា ការ​ប្រើប្រាស់​ពាក្យ​រាជ្យសព្ទ​​ ​ធ្វើ​ឲ្យ​គាត់​ហាក់ដូច​ជានៅ​ឆ្ងាយពី​ព្រះជាម្ចាស់​។ សៀវ​យ៉ាន បញ្ជាក់ថា «ពេល​ខ្ញុំហៅព្រះអង្គ​ថា​«អ្នក» ខ្ញុំមានអារម្មណ៍ថាជិតស្និទ្ធ​​នឹងព្រះជាម្ចាស់​ដូចជាមិត្តភក្កិ ដូចជាគ្រួសារ ដូច​ជា​ឪពុក ហើយងាយស្រួលក្នុងការនិយាយជាមួយព្រះជាម្ចាស់ ខុស​ពីមុន ​​ហាក់​ដូច​ជា​ខ្ពស់ពេកសម្រាប់ខ្ញុំ»។

នេះ​ជាលើក​ទីបី​ហើយដែល​កុមារី​រូប​នេះចូល​រួម ហើយ​នាង​ប្រាប់​ទៀតថា កម្មវិធីនេះ​មាន​ទាំង​​រៀន​ផងនិង​លេងល្បែងកំសាន្ត​ផង ហើយ​របៀប​រៀបចំ​គឺ​ខុស​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ។

សៀវយ៉ាន​បន្ថែម​ថា កម្មវិធីនេះ​ធ្វើ​ឲ្យ​នាង​ក្លាហាន​ជាង​មុន​ មានបទពិសោធ​ថ្មីៗអំពី​ល្បែងកំសាន្ត​ «ប្រសិនបើ​មានឱកាសដើម្បីដឹកនាំក្រុម ខ្ញុំនឹងយកបទពិសោធនេះ ដើម្បី​ឱ្យ​កូន​ក្រុម​អាចស្ដាប់ខ្ញុំបាន ចេះមើលថែក្រុមផងដែរ»។

ជារៀង​រាល់មួយ​​ឆ្នាំ​ម្តង​​ ព្រះសហគមន៍​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង ​តែង​តែ​រៀប​ចំ​កម្មវិធី​បោះជំរំ​កុមារដែល​មាន​​អាយុចាប់ពី​១១ឆ្នាំ​ដល់១៧ឆ្នាំ ដើម្បី​ជា​ឱកាស​អប់រំ​ជំនឿ​ និង​ឲ្យ​ពួកគាត់​បាន​ជុំ​គ្នា​លែង​កំសាន្ត​និង​ស្គាល់​គ្នាទៅវិញទៅមកក្នុងពេល​វិស្សមកាល​៕

 

ដោយសួន ស្រីហួច ​ដាលីស

Facebook
Twitter
LinkedIn