អភិបូជាជាមួយតំណាងយុវជនកាតូលិកកម្ពុជា ទៅចូលរួមទិវាយុវជនពិភពលោក
នៅព្រះវិហារសន្តយ៉ាកុប នៃទីក្រុងលីសស្បោន
ព័រទុយហ្គាល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣
អត្ថបទទី១៖ លេវីវិន័យ ២៣,១.៤-១១.១៥-១៦.២៧.៣៤-៣៧ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ លវ ២៣,៣៥ ដំណឹងល្អ៖ ម៉ាថាយ ១៣,៥៤-៥៨ ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ។ មថ ១៣,៥៧ |
បងប្អូនជាទីស្រឡាញ់!
នៅពេលយើងស្តាប់គម្ពីរដំណឹងល្អនេះ ឱ្យយើងគិតថាប្រសិនបើយើងចង់ប្រកាសដំណឹងល្អ យើងចង់ធ្វើជាសាវ័ករបស់ព្រះយេស៊ូ ឱ្យយើងចេញពីស្រុកកំណើតទៅស្រុកនានាដើម្បីប្រកាសដំណឹងល្អ។ ឱ្យយើងចេញពីប្រទេសកំណើតរបស់យើង ទៅប្រទេសនានាដើម្បីប្រកាសដំណឹងល្អ ដូចលោកអភិបាល គីគេ ដូចខ្ញុំ និងលោកឪពុកមួយចំនួនដែរ។ បងប្អូនជាទីស្រឡាញ់ កុំឱ្យយើងគិតថាយើងមិនទៅប្រទេសកម្ពុជាវិញ យើងត្រូវនៅទ្វីបអឺរ៉ុបឬទ្វីបអាហ្វ្រិកដើម្បីប្រកាសដំណឹងល្អ។ ដោយសារខ្លាចថា ពេលយើងត្រលប់ទៅស្រុកខ្មែរ គេមិនចេះទទួល គេមិនចេះស្ដាប់ គេមើលយើងជាអ្នកដែលវង្វេង។
បងប្អូនជាទីស្រឡាញ់ កុំឱ្យយើងភ័យ ឱ្យយើងធ្វើដំណើរទៅប្រទេសកម្ពុជាវិញ ដោយសប្បាយចិត្ត ដោយសុវត្ថភាពដើម្បី៖
ទី១ ចែករំលែកបទពិសោធន៍ ដោយពិចារណាថា ខ្ញុំបានទទួលបទពិសោធន៍យ៉ាងពិសេសអស្ចារ្យ រយៈពេល១០ថ្ងៃនៅក្នុងប្រទេសព័រទុយហ្គាល់នេះ ខ្ញុំបានចូលក្នុងព្រះសហគមន៍កាតូលិកដែលជាព្រះសហគមន៍សកលដ៏ពិតប្រាកដ។ ដូច្នេះ ជាពេលវេលាមួយដើម្បីយកពេលវេលាពិចារណា តើខ្ញុំធ្វើដូចម្ដេចដើម្បីចែករំលែកបទពិសោធន៍ នៅពេលខ្ញុំទៅដល់ភូមិភាគរបស់ខ្ញុំវិញ? ដោយសារ យើងមិនមែនជាយុវជនយុវនារីមួយរូប បងប្រុសបងស្រីមួយរូប លោកបូជាចារ្យមួយរូប ដែលធ្វើដំណើរមកព័រទុយហ្គាល់ដោយនាមយើងផ្ទាល់។ ប៉ុន្តែ យើងបានចូលរួមដោយនាមព្រះសហគមន៍របស់យើង យើងជាតំណាងព្រះសហគមន៍របស់យើង។ ដូច្នេះ មុនគេបង្អស់ព្រះសហគមន៍របស់យើង ភូមិភាគរបស់យើងគេចង់ស្គាល់ គេចង់ដឹងអ្វីដែលយើងបានទទួល។ សូមយកពេលវេលា ដើម្បីអង្គុយជាក្រុម ដើម្បីគិត នៅតាមកន្លែងនីមួយៗយើងធ្វើដូចម្ដេចដើម្បីចែកបទពិសោធន៍។
ទី២ ធ្វើឱ្យបទពិសោធន៍ដែលយើងទទួលមានឥទ្ធិពលលើជីវិតយើង នេះជាអ្វីដែលប៉ះពាល់ដល់ជីវិតយើងទាំងស្រុង មិនមែនតែចែកបទពិសោធន៍មួយភ្លេត ដោយរៀបចំប្រជុំមួយ រៀបចំវីដេអូមួយ យើងនិយាយអំពីអ្វីដែលបានឃើញ។ ប៉ុន្តែ បទពិសោធន៍ដែលយើងបានទទួលនៅក្នុងរយៈពេល១០ថ្ងៃនេះ មានឥទ្ធិពលនៅក្នុងជីវិតលើគ្រប់វិស័យ នៅក្នុងជំនឿរបស់យើង នៅក្នុងធម៌មេត្តាករុណារបស់យើង នៅក្នុងសេចក្ដីសង្ឃឹមរបស់យើង។ ដូច្នេះ ពេលយើងទៅវិញជាពេលវេលាដើម្បីដើរតាមព្រះនាងម៉ារី ដូចព្រះនាងម៉ារីបាននៅស្ងៀមស្ងាត់ សូមយើងនៅស្ងៀមស្ងាត់សិនដើម្បីពិចារណា តើអ្វីដែលខ្ញុំបានឃើញ? តើអ្វីដែលខ្ញុំបានទទួល? បទពិសោធន៍ដែលខ្ញុំមានដួងចិត្តរបស់ខ្ញុំ (ដើរផ្លូវឈើឆ្កាង អធិដ្ឋានរួមគ្នា អភិបូជាជាមួយបងប្អូននៅក្នុងពិភពលោកទាំងមូលនិងសម្ដេចប៉ាប) តើខ្ញុំមានបទពិសោធន៍អ្វីខ្លះដើម្បីជំរុញខ្ញុំ ឱ្យខ្ញុំទៅជាគ្រីស្តបរិស័ទរស់នៅយ៉ាងសកម្មក្នុងព្រះសហគមន៍ និងនៅក្នុងសង្គម?
យើងជាគ្រីស្តបរិស័ទ ដូច្នេះយើងត្រូវការសួរសំណួរថា តើខ្ញុំមានជំនឿទៅលើព្រះយេស៊ូឬទេ? តើជំនឿនេះ ណែនាំឱ្យខ្ញុំខុសពីគេនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំរបៀបណា? តើខ្ញុំផ្ដល់ត្រូវសក្ខីភាពរបៀបណាទៅបងប្អូនឯទៀតៗ? តើខ្ញុំរស់នៅដោយថែរក្សាអត្តសញ្ញាណខ្ញុំជាគ្រីស្តបរិស័ទខ្មែរមួយរូបរបៀបណា? តើខ្ញុំធ្វើដូចម្ដេច ដើម្បីឱ្យខ្ញុំអនុវត្តព្រះបន្ទូលដែលខ្ញុំបានស្ដាប់ប្រចាំថ្ងៃ នៅក្នុងជីវិតខ្ញុំរាល់ថ្ងៃ? នេះជាអ្វីដែលសំខាន់ សម្រាប់ជីវិតរបស់យើង។
បងប្អូនជាទីស្រឡាញ់ សូមនឹកឃើញសោរទាំងបីដែលយើងបានទទួល មើលឃើញតាមរបៀបព្រះជាម្ចាស់ បង្កើតទំនាក់ទំនងដើម្បីយល់ចិត្តគ្នា និងតស៊ូដើម្បីទៅដល់គោលដៅនៃជីវិតរបស់យើងគឺធ្វើជាសន្តសន្តី។ យើងអធិដ្ឋាន ដើម្បីឱ្យបទពិសោធន៍ទាំងអស់ដែលយើងបានទទួល ឱ្យទៅជាសក្ខីភាពដល់បងប្អូនឯទៀតៗ។ ដោយដឹងថា ជួនកាលយើងពិបាកផ្តល់សក្ខីភាពមែន ប៉ុន្តែយើងមានព្រះយេស៊ូគង់នៅជាមួយយើង យើងមានព្រះវិញ្ញាណដ៏វិសុទ្ធដែលបំភ្លឺយើង។ យើងជាបុត្រធីតារបស់ព្រះបិតា ព្រះអង្គបានថែរក្សានិងស្រឡាញ់យើងគ្រប់ពេលវេលា។ ពិតមែន ព្រះវិញ្ញាណបានជ្រើសរើសយើង បានចាត់ឱ្យយើងទៅដើម្បីកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ
https://youtu.be/dPQK5f2ihMs?si=K1eQmlOYGOr8gAni