ធម្មទេសនារបស់លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម ក្នុងអភិបូជា ប្រសិទ្ធពរលើតុសក្ការៈថ្មីនៅព្រះសហគមន៍កាតូលិក ចំឡាក់

បងប្អូនជាទីស្រឡាញ់!

 

នៅថ្ងៃនេះ យើងពិតជាមានអំណរសប្បាយ ដោយសារជាថ្ងៃពិសេសសម្រាប់ ព្រះសហគមន៍របស់យើងហើយម្យ៉ាងទៀតមានបងប្អូនគ្រីស្តបរិស័ទ ដែលមកពីព្រះសហគមន៍ផ្សេងៗដែរ។ ខ្ញុំឃើញបងប្អូនខ្លះមកពីកោះរកា ខ្លះមកពីអូររាំងឪ ជាមួយគ្រីស្តបរិស័ទដែលមកពីព្រះសហគមន៍ចំឡាក់នេះ យើងអរព្រះគុណព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ ដែលយើងធ្វើពិធីប្រទានពរតុសក្ការៈថ្មី។

នៅក្រុងអត្ថបទគម្ពីរដំណឹងល្អថ្ងៃនេះ ព្រះយេស៊ូបានសួរបណ្ដាជន​និងក្រុមសាវ័កថា តើគេថាព្រះអង្គជានរណា? ហើយលោកសិលាបានប្រកាសថា៖  ព្រះយេស៊ូជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។​ នេះជាជំនឿរបស់លោកសិលា ជាជំនឿមួយដ៏អស្ចារ្យ គឺព្រះយេស៊ូជាព្រះគ្រីស្ត ​ព្រះមហាក្សត្រ ដែលជនជាតិអ៊ីស្រាអែលរង់ចាំជាយូរមកហើយ ដើម្បីមករំដោះគេ ដើម្បីមកប្រទានឲ្យជនជាតិអ៊ីស្រាអែលបានសេចក្ដីសុខ ឲ្យជនជាតិអ៊ីស្រាអែលរួចពីអាណានិគមរបស់រ៉ូម៉ាំង។ ទោះបីព្រះយេស៊ូមកបង្ហាញព្រះអង្គជាព្រះគ្រីស្ត ក៏ប៉ុន្តែ មិនស្របតាមអ្វីដែលគេទន្ទឹងរង់ចាំមួយរយភាគរយទេ គេរង់ចាំព្រះគ្រីស្តតាមបែបនយោបាយ ប៉ុន្តែ ព្រះយេស៊ូយាងមកដើម្បីសង្គ្រោះគេតាមរបៀបផ្លូវវិញ្ញាណ។ នេះជាមូលហេតុ ដែលព្រះយេស៊ូបានហាម មិនឲ្យគេប្រាប់នរណាថា ព្រះអង្គជាព្រះគ្រីស្ត ព្រោះខ្លាចគេយល់ច្រឡំ អំពីឋានៈរបស់ព្រះអង្គ។

ក្រោយមក នៅក្នុងអត្ថបទនេះ ព្រះយេស៊ូបានប្តូរឈ្មោះ ស៊ីម៉ូន ទៅជាសិលា (ពាក្យដើមគឺពេត្រូស) មានន័យថា «ថ្ម»  ហើយព្រះអង្គនឹងសង់ព្រះសហគមន៍របស់ព្រះអង្គ នៅលើផ្ទាំងសិលានេះ។ ព្រះសហគមន៍នេះមិនអាចវិនាសបានទេ។ មានន័យថា ម្យ៉ាងបើយើងមើលតាមរបៀបនេះ ដូចជាជីវិតរបស់លោកសិលា ដូចជាអស្ចារ្យ ក៏ប៉ុន្តែយើងត្រូវទទួលស្គាល់ដែរ លោកស៊ីម៉ូនដែលព្រះយេស៊ូបានដាក់ឈ្មោះថាសិលា គឺ ជាអ្នកនេសាទត្រី ព្រះយេស៊ូត្រាស់ហៅគាត់ នៅពេលដែលគាត់កំពុងនេសាទត្រីនៅក្នុងទូក។ តាមពិតលោកស៊ីម៉ូនគឺជាមនុស្សសាមញ្ញធម្មតា ជាអ្នកដែលអត់បានរៀនខ្ពង់ខ្ពស់ទេ ក៏ប៉ុន្តែ នៅពេលនោះព្រះយេស៊ូបានត្រាស់ហៅគាត់ ឲ្យគាត់ធ្វើជាសាវ័ក ហើយតែងតាំងគាត់ឲ្យទៅជាគ្រីស្តទូត។

លោកស៊ីម៉ូនជាមនុស្សសាមញ្ញធម្មតា ដែលរស់នៅក្នុងភូមិធម្មតា គ្រាន់តែព្រះយេស៊ូបានត្រាស់ហៅគាត់ហើយនៅក្នុងអត្ថបទថ្ងៃនេះ គឺគាត់បានប្រកាសជំនឿទៅលើព្រះយេស៊ូ ថាព្រះយេស៊ូជាព្រះគ្រីស្ត ហើយព្រះយេស៊ូក៏បានប្រគល់មុខងារសំខាន់ដល់គាត់ គឺគាត់ក្លាយទៅជាថ្ម ជាគ្រឹះរបស់ព្រះសហគមន៍ ដែលសព្វថ្ងៃយើងថា អ្នកបន្តមុខងាររបស់លោកសិលាគឺសម្តេចប៉ាប។  លោកសិលាជាមនុស្សសាមញ្ញ លោកធ្លាប់ក្បត់ព្រះយេស៊ូ នៅពេលដែលគេចាប់ព្រះអង្គ គឺគាត់បានរត់យករួចខ្លួន។ ពេលគេសួរគាត់ថា អ្នកឯងជាបក្ខពួករបស់លោកយេស៊ូម៉ែនទេ? គាត់បានបដិសេធ៣ដង រហូតដល់មាន់រងាវគាត់យំ ដោយសារព្រះយេស៊ូបានទតមើលទៅគាត់ នាំឲ្យគាត់នឹកឃើញព្រះយេស៊ូមានព្រះបន្ទូលថា៖ លោកនឹងបដិសេធ៣ដងថាមិនស្គាល់ខ្ញុំ មុនពេលមាន់រងាវ។ ពេលគាត់បដិសេធគ្រប់៣ដងមាន់រងាភ្លាម។ ក្រោយមក គាត់បានកែប្រែចិត្តគំនិត ហើយនៅពេលដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូបានទៅជួបលោកសិលា សួរលោកថា៖ តើអ្នកស្រឡាញ់ខ្ញុំឬទេ? ហើយបានប្រគល់មុខងារទៅគាត់ ដើម្បីឃ្វាលហ្វូងចៀមរបស់ព្រះអង្គ។

អត្ថបទនៅថ្ងៃនេះ នាំឲ្យចាប់អារម្មណ៍ទីមួយ៖ លោកសិលាជាមនុស្សសាមញ្ញធម្មតា ហើយគាត់មានជំនឿលើព្រះគ្រីស្ត គាត់ធ្លាប់ក្បត់ព្រះយេស៊ូ ប៉ុន្តែព្រះយេស៊ូស្រឡាញ់គាត់ព្រះយេស៊ូជ្រើសរើសគាត់ ព្រះយេស៊ូប្រទានមុខងារឲ្យគាត់ ហើយគាត់ទៅជាអ្នកណែនាំព្រះសហគមន៍ទោះបីគាត់ជាមនុស្សសាមញ្ញ អ្វីសំខាន់គឺព្រះយេស៊ូសូមឲ្យគាត់ស្រឡាញ់ព្រះអង្គ។ លោកសិលាទៅជាថ្ម ជាគ្រឹះមានមុខងារដ៏សំខាន់ រហូតដល់ទទួលកូនសោរព្រះរាជ្យនៃស្ថានបរមសុខ។

ទីពីរ ឲ្យយើងចាប់អារម្មណ៍ថា យើងក៏ជាមនុស្សសាមញ្ញដែរ ព្រះយេស៊ូក៏ត្រាស់ហៅយើង ឲ្យជឿលើព្រះអង្គ។ សូមឲ្យយើងធ្វើលំហាត់ គិតមើលអំពីជីវិតរបស់យើង ថាតើយើងជឿព្រះអង្គយ៉ាងដូចម្តេច? តើយើងជឿលើព្រះអង្គដូចលោកសិលាទេ?

នៅថ្ងៃនេះ យើងធ្វើពិធីសូមព្រះជាម្ចាស់ប្រទានពរដល់តុសក្ការៈថ្មី។ តុសក្ការៈថ្មីនេះធ្វើអំពីថ្ម ព្រះវិហារយើងធ្វើអំពីថ្ម គឺដើម្បីសូមព្រះអង្គគង់នៅជាមួយ តាមរយៈព្រះវិហារ តាមរយៈតុសក្ការៈនេះ ដែលនាំឲ្យយើងទទួលព្រះពរពីព្រះអង្គ។ ក៏ប៉ុន្តែសំខាន់ជាងព្រះវិហារធ្វើអំពីថ្ម សំខាន់ជាងតុសក្ការៈធ្វើអំពីថ្ម គឺព្រះយេស៊ូផ្ទាល់ ជាថ្មដែលមានជីវិត គឺយើងទាំងអស់គ្នា ជាគ្រីស្តបរិស័ទ ជាថ្មដែលមានជីវិត ជាថ្មដែលយើងត្រូវសាងសង់ដើម្បីទទួលព្រះអង្គគង់នៅ ជាថ្មដែលយើងសាងសង់ទៅជាតិទឹកសក្ការៈដ៏ពិតប្រាក ដែលព្រះអង្គគង់នៅជាមួយ។  និងតាមរយៈយើង គឺណែនាំឲ្យមនុស្សឯទៀតៗ បានឃើញព្រះជាម្ចាស់ បានទទួលព្រះពរ និងការសង្គ្រោះពីព្រះអង្គ។ សូមបងប្អូនចាប់អារម្មណ៍លើសេចក្តីនេះ ព្រះអង្គបានត្រាស់ហៅលោកសិលាឲ្យធ្វើជាថ្ម ថ្ងៃនេះព្រះអង្គត្រាស់ហៅយើង ឲ្យទៅជាថ្មដែរ ដើម្បីឲ្យយើងសាងសង់ព្រះវិហារ ដែលមានប្រយោជន៍សម្រាប់ពិភពលោកបច្ចុប្បន្ន ដែលនាំឲ្យពិភពលោកបច្ចុប្បន្នទទួលការសង្គ្រោះបាន។

ដូច្នេះយើងទាំងអស់គ្នាជាព្រះសហគមន៍ យើងក៏ទទួលអំណាចពិសេស ដើម្បីនាំឲ្យមនុស្ស ទទួលការសង្គ្រោះពីព្រះអង្គ។ តាមរយៈសម្តេចប៉ាប តាមរយៈលោកអភិបាល លោកបូជាចារ្យ បងស្រី គ្រីស្តបរិស័ទ យើងរួមគ្នាទៅជាអ្នកដែលនាំការសង្គ្រោះរបស់ព្រះជាម្ចាស់ ទៅដល់មនុស្សឯទៀតៗ។  ថ្ងៃនេះសូមឲ្យយើងស្ដាប់ឮព្រះបន្ទូលរបស់ព្រះយេស៊ូ ដែលសួរយើងថា៖ តើព្រះអង្គជានរណា? សូមឲ្យយើងហ៊ានប្រកាសជំនឿដូចលោកសិលា គឺព្រះយេស៊ូជាព្រះគ្រីស្ត និងព្រះយេស៊ូបានតែងតាំងយើងនៅថ្ងៃនេះ ឲ្យទៅជាថ្មដែលមានជីវិត ដើម្បីសង់ព្រះសហគមន៍ សង់ព្រះដំណាក់របស់ព្រះអង្គ ដើម្បីឲ្យយើងទៅជាអ្នកដែលនាំការសង្គ្រោះ ទៅដល់មនុស្សឯទៀតៗ ជាពិសេសនៅក្នុងភូមិដែលយើងរស់នៅបច្ចុប្បន្ន។

យើងរួមគ្នាអរព្រះគុណព្រះអង្គ ដែលបានត្រាស់ហៅយើង សូមព្រះអង្គប្រទានឲ្យយើងមានជំនឿមាំមួន សូមឲ្យយើងជាគ្រីស្តបរិស័ទរស់នៅស័ក្តិសមនឹងជំនឿរបស់យើង សូមឲ្យយើងទៅជាថ្មដ៏មានជីវិតពិតប្រាកដ សូមឲ្យការសង្គ្រោះរបស់ព្រះអង្គហូរតាមរយៈយើងទៅដល់អ្នកដទៃ។ អាមែន៕

ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣

 

សិលា សួន ហង្សលី                

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម

 

Facebook
Twitter
LinkedIn