អភិបូជានិងប្រសិទ្ធីពរលើអាគារថ្មី
នៅព្រះសហគមន៍សន្តសិលា ពោធិ៍ធំ
ភ្នំពេញខាងជើង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣
អត្ថបទទី១៖ អេសាយ ២២,១៩-២៣
យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម។ អស ២២, អត្ថបទទី២៖ រ៉ូម ១១,៣៣-៣៦ តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? រម ១១,៣៤ ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-២០ នៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍*របស់ខ្ញុំ។ មថ ១៦,១៨ |
បងប្អូនជាទីស្រឡាញ់!
ពិតមែន សំណួរដែលយើងបានស្ដាប់ថ្ងៃនេះ ជាសំណួរសំខាន់បំផុតដែលយើងត្រូវតែស្ដាប់សម្រាប់យើងដែរ។ ព្រះយេស៊ូសួរដល់ក្រុមគ្រីស្តទូតថា “តើខ្ញុំជានរណា?” នេះជាសំណួរដែលព្រះយេស៊ូសួរដល់យើងដែរ។
ថ្ងៃនេះ ខ្ញុំចង់ឲ្យយើងមើលអំពីលោកសិលា ឲ្យយើងមើលអំពីរបៀបដែលព្រះសហគមន៍រស់នៅសព្វថ្ងៃ និងចែកតួនាទីតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលលោកសិលាបានឆ្លើយដោយនាមក្រុមគ្រីស្តទូតទាំងអស់ថា “លោកជាព្រះគ្រីស្ត លោកជាព្រះសង្គ្រោះ លោកដែលយាងមកដើម្បីនៅជាមួយយើង ដែលមានព្រះជន្មគង់នៅ”។ មានតែលោកសិលាដែលមានចម្លើយយ៉ាងត្រឹមត្រូវ អ្នកផ្សេងគេថាជាលោកអេលី ជាព្យាការីណាម្នាក់…។ ប៉ុន្តែ លោកសិលាបានឆ្លើយយ៉ាងច្បាស់ថា “លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ”។ ចម្លើយនេះ ណែនាំឲ្យលោកសិលាទទួលតួនាទីថ្មីមួយភ្លាម “ខ្ញុំសូមប្រាប់អ្នកថា អ្នកឈ្មោះសិលាហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ”។ នៅពេលលោកសិលា បានឆ្លើយយ៉ាងច្បាស់លាស់អស់ពីជំនឿរបស់គាត់ថា ពិតមែនព្រះយេស៊ូជាព្រះគ្រីស្ត។ ប៉ុន្តែ គាត់មិនគិតថាគាត់នឹងត្រូវទៅជាអ្នកដឹកនាំក្រុមគ្រីស្តទូត និងទទួលតួនាទីជាសម្ដេចប៉ាបដំបូងនោះទេ។ លោកសិលា គាត់ខិតខំឆ្លើយអ្វីដែលព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណដ៏វិសុទ្ធបានជួយបំភ្លឺគាត់។ នៅពេលនោះ គាត់ទទួលតួនាទីមួយយ៉ាងពិសេសបំផុត គឺដឹកនាំនៅក្នុងរបៀបមួយដែលគាត់មានអំណាច ដើម្បីណែនាំឲ្យមនុស្សឡើងស្ថានបរមសុខ ដើម្បីណែនាំឲ្យមនុស្សមានសេចក្ដីសុខ និងជីវិតអស់កល្បជានិច្ច។ រហូតដល់ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះអង្គមានព្រះបន្ទូលម្ដងទៀត ឲ្យគាត់ទទួលព្រះសហគមន៍ ឲ្យគាត់ទៅជាគ្រីស្តទូតទីមួយ ដើម្បីដឹកនាំក្រុមគ្រីស្តទូត និងដើម្បីរៀបចំព្រះសហគមន៍។ ជីវិតជាសម្ដេចប៉ាបរបស់គាត់ជាជីវិតខ្លីណាស់ នៅពេលគាត់ចេញពីទីក្រុងយេរូសាឡឹមទៅដល់ទីក្រុមរ៉ូម ភ្លាមៗមានគេមកចាប់គាត់នឹងសម្លាប់គាត់ ដោយឆ្កាងដូចព្រះយេស៊ូតែដាក់ក្បាលចុះក្រោម។
បងប្អូនជាទីស្រឡាញ់ នេះជាព្រះសហគមន៍របស់យើង និងសព្វថ្ងៃពីសម័យលោកសិលាជាង២០០០ឆ្នាំមុនរហូតមកដល់ពេលនេះ យើងមានសម្ដេចប៉ាបដែលទទួលខុសត្រូវ។ ព្រះសហគមន៍បានរៀបចំរចនាសម្ពន្ធ ប៉ុន្តែរបៀបដែលព្រះសហគមន៍បានរៀបចំ មិនមែនដូចរបៀបដែលគេរៀបចំតាមប្រទេសនីមួយៗ។ នៅក្នុងព្រះសហគមន៍ មានការបោះឆ្នោតតែមួយគត់គឺជ្រើសរើសសម្ដេចប៉ាប ដោយទីប្រឹក្សាជាលោកកាឌីណាល់ ដែលមានសរុបជាង១២០នាក់។ សម្រាប់លោកកាឌីណាល់ដែលមានអាយុក្រោម៨០ឆ្នាំ មានសិទ្ធិឈ្មោះជាបេក្ខជនសម្តេចប៉ាប ដើម្បីឱ្យក្រុមលោកកាឌីណាល់បោះឆ្នោតជ្រើសរើស នៅពេលសម្ដេចប៉ាបចាស់សោយទិវង្គត។ នៅពេលនោះលោកកាឌីណាស់ជួបជុំគ្នា ដោយអធិដ្ឋានដើម្បីជ្រើសរើសសម្តេចប៉ាបថ្មីនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយទទួលពន្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ នេះជាកាឌីណាល់ម្នាក់ដែលអាចទទួលតួនាទីដំណែងជាសម្ដេចប៉ាប ដើម្បីដឹកនាំព្រះសហគមន៍។ ក្រោយមក សម្ដេចប៉ាបបានជ្រើសរើសលោកអភិបាល ដោយគ្មានការបោះឆ្នោតគ្រីស្តបរិស័ទឬពីក្រុមបូជាចារ្យទេ។ តាមរយៈតំណាងរបស់សម្តេចប៉ាប ជាអ្នកមើលថាបូជាចារ្យជាបេក្ខជនអាចធ្វើជាលោកអភិបាល ដើម្បីបន្តតួនាទីពីក្រុមគ្រីស្តទូតនៅតាមភូមិភាគនីមួយៗ។ លោកអភិបាល ចាត់តាំងឱ្យបូជាចារ្យទទួលខុសត្រូវតាមព្រះសហគមន៍នីមួយៗ នៅក្នុងភូមិភាគដែលលោកគ្រប់គ្រង។
ជាក់ស្តែង នៅក្នុងភូមិភាគភ្នំពេញយើងមានមណ្ឌលសកម្មភាព៩ ខ្ញុំបានជ្រើសរើសលោកបូជាចារ្យដើម្បីដឹកនាំមណ្ឌលសកម្មភាពនីមួយៗ នៅក្នុងការអធិដ្ឋានជាមួយទីប្រឹក្សាដែលខ្ញុំមាន និងតាមចំនួនលោកបូជាចារ្យដែលយើងមានដែរ។ ភូមិភាគភ្នំពេញ យើងមានបូជាចារ្យក្នុងប្រទេសតិចបំផុតដែលសព្វថ្ងៃយើងមានលោក សុខណា លោក សុន លោកលី ដែលទៅជាអភិបាលនៅកំពង់ចាមមួយឆ្នាំហើយ។ យើងមានលោកឧបដ្ឋាក៣ ដែលត្រូវទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្រោយមក យើងមានសាសនាទូតចំនួន២០អង្គ មកពី៨ក្រុមបូជាចារ្យ ដូចជា PIME, MEP, TMS, KMS, LW…ជាដើម។ មានលោកបូជាចារ្យដែលស្ម័គ្រចិត្តមកជួយមួយរយៈពេល ដូចលោកឪពុកដាវីឌ ដែលជាលោកស្ម័គ្រចិត្តមកពីភូមិភាគមូយនៅប្រទេសបារាំង។ ក្រោយមក យើងមានលោកបូជាចារ្យមួយចំនួនត្រូវចេញពីភូមិភាគភ្នំពេញ ដើម្បីទៅបន្តការសិក្សា ឬទៅបំពេញបេសកកម្មផ្សេងៗ។ កន្លងមក យើងមានលោកឪពុក ហ្គូត្រាវ៉ូ ទៅរៀន៤ឆ្នាំ លោកឪពុក លី ទៅជាអភិបាលនៅកំពង់ចាម លោកឪពុក ដាមីយ៉ាំង គេជ្រើសរើសគាត់ជាទីប្រឹក្សាក្រុម MEP នៅ ទីក្រុង ប៉ារីស…។ យើងឃើញស្ថានភាពនិងយើងឃើញរបៀបដែលព្រះសហគមន៍រស់នៅ ឲ្យយើងយល់ថាព្រះសហគមន៍មិនមែនជាគម្រោងការតាមមនុស្សចង់បាន ព្រះសហគមន៍រស់នៅតាមព្រះវិញ្ញាណដ៏វិសុទ្ធដឹកនាំ។
នៅក្នុងអត្ថបទទី១ “យើងនឹងបណ្ដេញអ្នកចេញពីមុខតំណែង ហើយដកបុណ្យស័ក្តិរបស់អ្នកទៀតផង នៅថ្ងៃនេះយើងនឹងហៅអ្នកបម្រើរបស់យើងឲ្យមក គឺអេលីហ្សាគីមដែលត្រូវជាកូនរបស់លោក…”។ នេះជារបៀប ដែលព្រះសហគមន៍របស់យើងភ្ជាប់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលលោកសិលាបានឆ្លើយថា “លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់” ព្រះជាម្ចាស់បានជ្រើសរើសគាត់ឲ្យដឹកនាំព្រះសហគមន៍។ នៅពេលព្រះនាងម៉ារីបានឆ្លើយថា “ខ្ញុំជាអ្នកបម្រើរបស់ព្រះជាម្ចាស់ សូមធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គចុះ” ព្រះជាម្ចាស់បានជ្រើសរើសគាត់ធ្វើជាម្ដាយរបស់ព្រះជាម្ចាស់ផ្ទាល់។ នៅក្នុងសុបិនរបស់លោកយ៉ូសែប ព្រះជាម្ចាស់បានជ្រើសរើសលោកយូសែបធ្វើជាស្វាមីរបស់ព្រះនាងម៉ារី និងដើម្បីទៅជាបិតាថែរក្សាព្រះយេស៊ូដែរ។ នៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទយើងមានតួនាទី ព្រះសហគមន៍របស់យើងមិនរស់ដោយសារតែលោកឪពុកទេ។
ព្រះសហគមន៍របស់យើង ជាព្រះសហគមន៍ដែលយើងជួបជុំគ្នាជាគ្រីស្តបរិស័ទដូចពីសម័យដើម។ នៅពេល ក្រុមគ្រីស្តទូតចាប់ផ្ដើមចែកតួនាទីនៅក្នុងព្រះសហគមន៍ក្នុងក្រុងយេរូសាឡឹម គេនៅគ្នាតែ១២នាក់តែប៉ុណ្ណឹង។ ជាមួយលោកប៉ូល គេបានចាប់ផ្ដើមទៅភូមិ ទៅទីក្រុងផ្សេងៗ នៅពេលនោះព្រះសហគមន៍រស់នៅយ៉ាងសកម្មដោយសារគ្រីស្តបរិស័ទដែលទទួលខុសត្រូវ។ គ្រីស្តបរិស័ទ ដែលយកចិត្តទុកដាក់ទាំងចូលរួម និងស្ដាប់ការអប់រំអំពីក្រុមគ្រីស្តទូត ទាំងអធិដ្ឋានជាមួយក្រុមគ្រីស្តទូត ទាំងបម្រើតុជាមួយក្រុមឧបដ្ឋាក។ មានន័យថា ពីសម័យដើមយើងមានគណៈកម្មការទាំងបីម្យ៉ាង គណៈកម្មការពិធីបុណ្យដើម្បីយកចិត្តទុកដាក់នៅក្នុងការអធិដ្ឋាន គណៈកម្មការអប់រំជំនឿដើម្បីបន្តជំនឿពីក្រុមគ្រីស្តទូតពីដើម និងគណៈកម្មការសង្គហៈដើម្បីយកចិត្តទុកដាក់ជាមួយអ្នកក្រីក្រ។
សព្វថ្ងៃ ព្រះសហគមន៍ដែលមានតែលោកឪពុកធ្វើទាំងអស់ ជាព្រះសហគមន៍ដែលត្រូវតែងាប់ ព្រះសហគមន៍រស់នៅដោយសារយើងមានគ្រីស្តបរិស័ទដែលយកចិត្តទុកដាក់។ យកចិត្តទុកដាក់ដើម្បីអប់រំជំនឿ យកចិត្តទុកដាក់ដើម្បីរៀបចំពិធីបុណ្យ រៀបចំអធិដ្ឋាន យកចិត្តទុកដាក់ដើម្បីទៅសួរសុខទុក្ខអ្នកជំងឺ សួរសុខទុក្ខអ្នកក្រីក្រ សួរសុខទុក្ខបងប្អូនដែលគ្មានទីពឹង នៅក្នុងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ នេះជាព្រះសហគមន៍ដ៏មានជីវិត ម្យ៉ាងទៀតព្រះសហគមន៍បានទទួលអំណោយទានពិសេសតាមរយៈបុព្វជិតបុព្វជីតា។ ព្រះសហគមន៍ដ៏មានជីវិត មានគ្រូគង្វាលដែលដឹកនាំដោយនាមលោកអភិបាល មានគ្រីស្តបរិស័ទដែលយកចិត្តទុកដាក់ទទួលខុសត្រូវ។ ដូចនៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់ ពេញមួយឆ្នាំទោះបីអត់មានបូជាចារ្យទទួលខុសត្រូវប្រចាំ ព្រះសហគមន៍នៅតែមានជីវិត។ ដោយសារ យើងមានគណៈកម្មការ យើងមានគ្រីស្តបរិស័ទដែលយល់ថា យើងចូលព្រះវិហារជាតួនាទីរបស់យើង ដើម្បីទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទទួលព្រះកាយព្រះគ្រីស្ត ដើម្បីទទួលជីវិតជាគ្រីស្តបរិស័ទ និងមានកម្លាំងដើម្បីរស់នៅក្នុងសង្គម។ ព្រះសហគមន៍ដ៏មានជីវិត ដោយសារយើងមានគ្រីស្តបរិស័ទដែលបានយកចិត្តទុកដាក់តាមតួនាទី ជាមួយកូនក្មេង ជាមួយយុវជន ជាមួយអ្នកអប់រំជំនឿ ជាមូយពិធីបុណ្យ…។
បងប្អូនជាទីស្រឡាញ់ យើងត្រូវការយល់ថាព្រះវិញ្ញាណដ៏វិសុទ្ធប្រទាន និងជួនកាលព្រះវិញ្ញាណដ៏វិសុទ្ធដកចេញ នេះជាសេចក្ដីពិតនៃព្រះសហគមន៍។ លោកអភិបាលមានសេរីភាពនៅក្នុងព្រំដែននៃព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅក្នុងព្រំដែននៃព្រះវិញ្ញាណដ៏វិសុទ្ធដែរ។ ព្រះសហគមន៍កម្ពុជាយើងបានឆ្លងកាលៈទេសៈយ៉ាប់ណាស់ អភិបូជាបុណ្យចម្លងចុងក្រោយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៥ នៅពោធិ៍ធំនេះជាមួយលោក ឆ្មារ សាឡឹម។ នៅពេលនោះ មានគ្រីស្តបរិស័ទចាស់ៗមួយចំនួនហាមគាត់កុំឱ្យថ្វាយអភិបូជា ដើម្បីសុវត្ថភាព។ ប៉ុន្តែ លោកបានឆ្លើយថា មានអ្វីក៏ដោយព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ដូច្នេះខ្ញុំនៅស្ងៀមស្ងាត់មិនបានទេ ខ្ញុំត្រូវការថ្វាយអភិបូជានៅទីនេះ។ លោក ឆ្មារសាឡាស់ បានថ្វាយអភិបូជាចុងក្រោយនៅពោធិ៍ធំនេះ នៅពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ២សប្តាហ៍ក្រោយមកខ្មែរក្រហមបណ្ដេញគេទៅតាំងគោក។
យើងយកចិត្តទុកដាក់ដើម្បីអធិដ្ឋាន យើងយកចិត្តទុកដាក់ដើម្បីបម្រើព្រះសហគមន៍របស់យើង យើងយកចិត្តទុកដាក់ដើម្បីអប់រំជំនឿ។ យើងអធិដ្ឋាន ដើម្បីឲ្យព្រះសហគមន៍របស់យើងពោរពេញដោយការទទួលខុសត្រូវជាន់ខ្ពស់ គ្រីស្តបរិស័ទមិនមែនតែអង្គុយក្រោមដើមស្វាយដែលចាំម៉ោងចូលអភិបូជាតែប៉ុណ្ណឹង។ គ្រីស្តបរិស័ទជាគ្រីស្តបរិស័ទដែលអធិដ្ឋាន ជាគ្រីស្តបរិស័ទសកម្ម ព្រះសហគមន៍ពោធិ៍ធំជាព្រះសហគមន៍ដែលបានបង្កើតមរណសាក្សីពីរ ជាព្រះសហគមន៍ដែលបានបង្កើតលោកអភិបាលមួយនៅកំពង់ចាម គឺលោកលី។ ព្រះសហគមន៍យើង ជាព្រះសហគមន៍ដែលភ្ជាប់នឹងផ្លូវនៃការបូជាជីវិត យើងនឹកឃើញដល់ព្រះនាងម៉ារីនៅអរិយក្សត្រ នឹកឃើញដល់មរណសាក្សីរបស់យើងនៅពោធិ៍ធំ យើងនឹកឃើញលោក យៀប នៅផ្លូវត្រី។
ខ្ញុំសង្ឃឹមថា យើងជាព្រះសហគមន៍ដែលយកចិត្តទុកដាក់ ដើម្បីបង្ហាញពិតមែនយើងចេះស្រឡាញ់ព្រះជាម្ចាស់ ពិតមែនយើងធ្វើតាមព្រះហឫទ័យនៃព្រះវិញ្ញាណដ៏វិសុទ្ធ ពិតមែនយើងស្រឡាញ់ព្រះសហគមន៍។ យើងចង់ធ្វើជាគំរូ ដោយសំលឹងមើលព្រះនាងម៉ារីជានិច្ច ដោយសំលឹងមើលមរណសាក្សី ដោយសំលឹងមើលសន្តសន្តីដែលជាគំរូដ៏ពិសេសសម្រាប់ជីវិតរបស់យើង។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ
https://youtu.be/Z6DQSRcP6BQ?si=uN3yGHO2h1VyyvuQ