អត្ថបទព្រះគម្ពីរ ប្រចាំ ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣

បុណ្យរម្លឹក
ទុក្ខលំបាករបស់សន្តយ៉ូហានបាទីស្ដ

លោកយ៉ូហានបានផ្តល់សក្ខីភាពថ្វាយព្រះគ្រីស្តអស់មួយជិវិត។ លោករៀបចំផ្លូវថ្វាយព្រះអង្គ ហើយសុខចិត្តដាក់ខ្លួនដើម្បីឱ្យគេស្គាល់ព្រះអង្គកាន់តែច្បាស់ឡើងៗ។ លោកជាព្យាការីមួយរូបដែលមិនចង់គាប់ចិត្តមនុស្សលោកទេ គឺមានបំណងឱ្យមនុស្សលោកប្រែចិត្តគំនិតវិញ ទាំងប្រកាសព្រះបន្ទូល ទាំងធ្វើអំពើល្អជាគំរូផង។ អ្នកដែលមិនព្រមទទួលសេចក្តីពិតនាំគ្នាស្អប់លោក ហើយរួមគ្នាប្រហារជិវិតលោក។ ឈាមរបស់លោកផ្តល់សក្ខីភាពខ្លាំងជាងសម្តីរបស់លោកទៅទៀត។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ២,១-៨

បងប្អូនជាទីស្រឡាញ់អើយ!
បងប្អូនជ្រាបស្រាប់ហើយថា យើងមករកបងប្អូនមិនមែនជាការឥតប្រយោជន៍ទេ គឺក្រោយពេលយើងបានរងទុក្ខលំបាក និងត្រូវគេ
ជេរប្រមាថនៅក្រុងភីលីពនោះ មកពីព្រះជាម្ចាស់បានប្រទានឱ្យយើងមានចិត្តអង់អាចប្រកាសដំណឹងល្អរបស់ព្រះអង្គដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លំាងយ៉ាងណាក៏ដោយ។ សេចក្ដីដែលយើងទូន្មាន មិនមែនមកពីយើងប្រែសេចក្ដីពិត ឬមានគោលបំណងមិនល្អ ឬមានកលល្បិចឡើយ។ ផ្ទុយទៅវិញ មុននឹងផ្ញើដំណឹងល្អមកយើងព្រះជាម្ចាស់បានបន្សុទ្ធចិត្តយើងយ៉ាងណា យើងក៏ប្រកាសយ៉ាងនោះដែរ យើងមិននិយាយដើម្បីផ្គាប់ចិត្តមនុស្សទេ។ គឺនិយាយដើម្បីឱ្យគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ដែលបន្សុទ្ធចិត្តយើងនោះវិញទេ ។ បងប្អូនជ្រាបហើយថា យើងមិនដែលពោលពាក្យបញ្ចើចបញ្ចើទាល់តែសោះ ហើយយើងក៏មិនដែលធើ្វអ្វីដោយមានគំនិតលាក់លៀម លោភលន់ចង់បានប្រាក់ដែរ ដូចមានព្រះជាម្ចាស់ជាសាក្សីស្រាប់។ យើងពុំបានស្វែងរកកិតិ្តយសដែលកើតមកពីមនុស្ស​ទេ ទោះបីពីសំណាក់បងប្អូន ឬពីសំណាក់អ្នកឯទៀតៗក៏ដោយ។ ក្នុងឋានៈជាទូតរបស់ព្រះគ្រីស្ដ ថ្វីដ្បិតតែយើងមានសិទិ្ធបង្គាប់បញ្ជាបងប្អូនយ៉ាងណាក្ដី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូត បីដូចជាមាតាដែលបីបាច់ថែរក្សាកូនខ្ចីដែរ។ ដោយយើងជាប់ចិត្តស្រឡាញ់បងប្អូនខ្លំាងយ៉ាងនេះ យើងមិនត្រឹមតែមានបំណងប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតទៅស៊ូប្ដូរជីវិតសម្រាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លំាងណាស់!។

ទំនុកតម្កើងលេខ ១៣៩ (១៣៨),១-២.៥ក,៣-៤ បទពាក្យ ៧

បពិត្រព្រះម្ចាស់ដ៏សប្បុរស ទ្រង់ឈ្វេងយល់អស់ជម្រៅចិត្ត
នៃទូលបង្គំដែលមានពិត ព្រះអង្គស្គាល់ឥតសល់ចន្លោះ
ទ្រង់ជ្រាបឥតបីមានសង្ស័យ ក្រោកឈរអង្គុយគ្រប់ទំាងអស់
ឈ្វេងយល់គំនិតខ្ញុំឥតខ្ចោះ ពីមុនទំាងអស់សម្រេចទៅហើយ
ព្រះអង្គនៅពាំងទំាងមុខក្រោយ ការពារមិនឱ្យមានកង្វល់
មិនឱ្យខ្ញុំជួបគ្រោះអំពល់ ព្រោះតែទ្រង់ផ្ដល់បារមីថ្លៃ
ទោះបីដើរដេកធើ្វកិច្ចការ តិចច្រើនម្ដេចម្ដាមិនបាត់ឡើយ
ព្រះអង្គទ្រង់ជ្រាប់អស់ទៅហើយ សម្រាកក៏ដោយមិនកំបាំង
ទោះជាពាក្យពេចន៍ប្រុងនឹងស្ដី ទ្រង់យល់អត្ថន័យអស់តែម្ដង
សព្វទំាងសេចក្តីដែលបម្រុង ទុកក្នុងចិត្តផងក៏មិនសល់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតក្នុងជម្រៅចិត្តរបស់យើង ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,២៣-២៦

ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ពួកធម្មាចារ្យ និងផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អមមួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្ដែ អ្នករាល់គ្នាលះបង់វិន័យសំខាន់ៗចោល មានសេចក្ដីយុត្តិធម៌ មេត្តាករុណាធម៌ មេត្តាធម៌ និងជំនឿស្មោះត្រង់ជាដើម ។ គឺវិន័យទំាងប៉ុន្មានប្រការនេះហើយដែលអ្នករាល់គ្នាត្រូវប្រតិបត្តិតាម ដោយឥតលះបង់​ចោលប្រការឯទៀតៗ។ អ្នកដឹកនំាកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញេពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទំាងមូលទៅ​វិញ!​។ ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់សម្អាតពែង និងចានតែខាងក្រៅប៉ុណ្ណោះ ប៉ុន្ដែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការគេងប្រវ័ព្ចាន៍ និងការលោភលន់។ ពួកផារីស៊ីដ៏កង្វាក់អើយ! ចូលសម្អាតផ្នែកខាងក្នុងពែងជាមិនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធដែរ » ។

Facebook
Twitter
LinkedIn