ពាក្យលំនាំ
លិខិតទីមួយរបស់លោកសិលា
លោកសិលាបានសរសេរលិខិតទីមួយនេះ ផ្ញើជូនគ្រីស្តបរិស័ទដែលបែកខ្ញែកគ្នា តាមតំបន់ទាំងប្រាំនៅមជ្ឈិមបូព៌ា។ ក្រុមគ្រីស្តបរិស័ទទាំងនោះកកើតឡើង ដោយលោកប៉ូលបានប្រកាសផ្សាយដំណឹងល្អ។ លោកសិលាប្រហែលជាតែងលិខិតនេះ កាលលោកនៅក្រុងរ៉ូម ដែលលោកឲ្យឈ្មោះថា «បាប៊ីឡូន» (៥.១៣) នៅគ.ស.៦៤។
គោលបំណងៈ
នៅគ្រានោះ គ្រីស្តបរិស័ទត្រូវគេប្រមាថមាក់ងាយ និងត្រូវគេធ្វើទុក្ខបៀតបៀនទៀតផង។ ហេតុនេះ គ្រីស្តទូតសិលាមានបំណងដាស់តឿនគ្រីស្តបរិស័ទ ដែលខ្ចាត់ខ្ចាយក្នុងពិភពលោក ឲ្យមានជំនឿកាន់តែមាំមួនលើព្រះយេស៊ូគ្រីស្ត ស្របតាមពិធីជ្រមុជទឹកដែលគេបានទទួល។ ជំនឿនេះនឹងផ្ដល់ឲ្យគេមានចិត្តសង្ឃឹមដ៏មោះមុត គ្រប់កាលៈទេសៈ និងមានជ័យជម្នះលើឧបសគ្គនានា។ រីឯទុក្ខលំបាកដែលគ្រីស្តបរិស័ទជួបប្រទះ ធ្វើឲ្យគេរួមជាមួយព្រះគ្រីស្តដែលបានរងទុក្ខលំបាកដែរ។