ជំពូក ២

ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ

1 ហេតុ​នេះ ចូរ​បង‌ប្អូន​លះ‌បង់​ការ​អាក្រក់​គ្រប់​យ៉ាង លះ‌បង់​ល្បិច​កិច្ច‌កល​ទាំង​ប៉ុន្មាន ការ​លាក់​ពុត ចិត្ត​ច្រណែន‌ឈ្នានីស និង​ការ​និយាយ​ដើម​គេ​គ្រប់​យ៉ាង​នោះ​ចោល​ទៅ! 2 ចូរ​ប្រាថ្នា​ចង់​បាន​ព្រះ‌បន្ទូល ដូច​ទារក​ដែល​ទើប​នឹង​កើត​ប្រាថ្នា​ចង់​បាន​ទឹក​ដោះ​សុទ្ធ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ចម្រើន​ឡើង​តាម‌រយៈ​ព្រះ‌បន្ទូល​នេះ និង​ទទួល​ការ​សង្គ្រោះ 3 បើ​បង‌ប្អូន​ពិត​ជា​បាន​ក្រេប​ជញ្ជក់​ដឹង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​មែន​នោះ!
4 សូម​បង‌ប្អូន​ចូល​មក​ជិត​ព្រះ‌គ្រីស្ត ជា​សិលា​ដ៏​មាន​ជីវិត ជា​សិលា​ដែល​មនុស្ស​លោក​បាន​បោះ​បង់​ចោល តែ​ព្រះ‌ជាម្ចាស់​បាន​រើស​យក ព្រោះ​ព្រះ‌អង្គ​ឈ្វេង​យល់​ថា​មាន​តម្លៃ​វិសេស។ 5 រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌វិញ្ញាណ ធ្វើ​ជា​ក្រុម​បូជា‌ចារ្យ​ដ៏‌វិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ខាង​វិញ្ញាណ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ត* 6 ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖
«យើង​បាន​រើស​យក​ថ្ម​គ្រឹះ​មួយ​ដ៏​សំខាន់
ហើយ​មាន​តម្លៃ
យើង​ដាក់​ថ្ម​នោះ​នៅ​ក្រុង​ស៊ីយ៉ូន។
អ្នក​ណា​ជឿ​លើ​ថ្ម​នោះ
អ្នក​នោះ​មុខ​ជា​មិន​ត្រូវ​ខក​ចិត្ត​ឡើយ»
7 ថ្ម​នេះ​មាន​តម្លៃ​វិសេស សម្រាប់​បង‌ប្អូន​ជា​អ្នក​ជឿ។ រីឯ​អ្នក​ដែល​មិន​ជឿ​វិញ
«ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល
បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត
8 ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល
ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត
បាត់​ជំនឿ»
អ្នក​ទាំង​នោះ​ជំពប់​ដួល ដូច​ព្រះ‌ជាម្ចាស់​បាន​គ្រោង​ទុក​មក​ស្រាប់ មក​ពី​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល 9 រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ជា​ពូជ​សាសន៍​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស ជា​ក្រុម​បូជា‌ចារ្យ​របស់​ព្រះ‌មហា​ក្សត្រ ជា​ជាតិ​សាសន៍​ដ៏‌វិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌ជាម្ចាស់​បាន​យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​បង‌ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​បាន​ហៅ​បង‌ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុង‌រឿង​របស់​ព្រះ‌អង្គ។ 10 ពី​ដើម បង‌ប្អូន​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់​ទេ តែ​ឥឡូវ​នេះ បង‌ប្អូន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ហើយ ពី​ដើម បង‌ប្អូន​ពុំ​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ បង‌ប្អូន​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ហើយ​។

របៀប​រស់​នៅ​នៃ​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់

11 បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បង‌ប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​​ក្នុង​លោក​នេះ​ថា កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​ ដែល​តែង‌តែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។ 12 ត្រូវ​កាន់​កិរិយា​មារយាទ​ឲ្យ​បាន​ថ្លៃ‌ថ្នូរ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។ ដូច្នេះ ត្រង់​ចំណុច​ណា​ដែល​គេ​ចោទ​ថា បង‌ប្អូន​ប្រព្រឹត្ត​អាក្រក់ គេ​បែរ​ជា​ឃើញ​អំពើ​ល្អ​របស់​បង‌ប្អូន​ទៅ​វិញ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​យាង​មក​ គេ​នឹង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ថែម​ទៀត​ផង។
13 សូម​គោរព​ចុះ​ចូល​អំណាច​នានានៅ​លើ​ផែន‌ដី​នេះ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ គឺ​ត្រូវ​គោរព​ចុះ​ចូល​ព្រះ‌រាជា ក្នុង​ឋានៈ​លោក​ជា​អ្នក​មាន​អំណាច​ធំ​ជាង​គេ 14 ត្រូវ​គោរព​ចុះ​ចូល​នឹង​លោក​ទេសា‌ភិបាល​ទាំង‌ឡាយ ក្នុង​ឋានៈ​លោក​ជា​តំណាង​របស់​ព្រះ‌រាជា ដែល​ព្រះ‌អង្គ​ចាត់​ឲ្យ​មក​ធ្វើ​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ និង​សរសើរ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ។ 15 ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បង‌ប្អូន​បំបិទ​មាត់​ពួក​មនុស្ស​ខ្លៅ ដោយ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​ល្អ 16 ឲ្យ​សម​នឹង​ឋានៈ​ជា​មនុស្ស​មាន​សេរី‌ភាព ក៏​ប៉ុន្តែ កុំ​ប្រើ​សេរី‌ភាព​នេះ ដើម្បី​គ្រប​បាំង​អំពើ​អាក្រក់​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ឋានៈ​បង‌ប្អូន ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់។ 17 ចូរ​គោរព​មនុស្ស​គ្រប់ៗ​រូប ចូរ​ស្រឡាញ់​បង‌ប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ និង​គោរព​ព្រះ‌រាជា​ផង។

គំរូ​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ត

18 បង‌ប្អូន​ដែល​ជា​អ្នក​បម្រើ​អើយ! ត្រូវ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​របស់​ខ្លួន ដោយ​គោរព​កោត​ខ្លាច​ទាំង​ស្រុង មិន​ត្រឹម​តែ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​ណា​ដែល​ល្អ និង​មាន​ចិត្ត​សប្បុរស​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​កាច​ផង​ដែរ។ 19 បើ​មាន​បង‌ប្អូន​ណា​ម្នាក់​រង‌ទុក្ខ​លំបាក​ដោយ​អយុត្ដិ‌ធម៌ ហើយ​ស៊ូ​ទ្រាំ ព្រោះ​យល់​ដល់​ព្រះ‌ជាម្ចាស់ តោង​ចាត់​ទុក​ថា ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន​នោះ​ហើយ។ 20 ប្រសិន​បើ​បង‌ប្អូន​ស៊ូ​ទ្រាំ​រង​ទារុណ‌កម្ម​មក​ពី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ បង‌ប្អូន​គ្មាន​កិត្តិយស​អ្វី​ទេ! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង‌ប្អូន​បាន​ប្រព្រឹត្ត​អំពើ​ល្អ តែ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​មក​ពី​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន​។
21 ព្រះ‌អង្គ​ត្រាស់​ហៅ​បង‌ប្អូន​មក
ឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះ
ព្រោះ​ព្រះ‌គ្រីស្ត*​ក៏​បាន​រង‌ទុក្ខ​លំបាក
សម្រាប់​បង‌ប្អូន ទុក​ជា​គំរូ​ឲ្យ
បង‌ប្អូន​ដើរ​តាម​គន្លង​របស់​ព្រះ‌អង្គ​ដែរ។
22 ព្រះ‌អង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ
ហើយ​ក៏​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​វៀច​វេរ​ណា
ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ឡើយ
23 ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះ‌អង្គ
ក៏​ព្រះ‌អង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរ
ព្រះ‌អង្គ​បាន​រង‌ទុក្ខ​លំបាក
តែ​ព្រះ‌អង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ
ព្រះ‌អង្គ​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះ‌ជាម្ចាស់
ដែល​ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។
24 ព្រះ‌គ្រីស្ត*​បាន​ផ្ទុក​បាប*​របស់​យើង
ក្នុង​ព្រះ‌កាយ​របស់​ព្រះ‌អង្គ
ដែល​ជាប់​លើ​ឈើ​ឆ្កាង
ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិន
នឹង​បាប​ត​ទៅ​មុខ​ទៀត​
ហើយ​ឲ្យ​យើង​មាន​ជីវិត
ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត*។
បង‌ប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ
ស្នាម​របួស​របស់​ព្រះ‌អង្គ
25 ដ្បិត​បង‌ប្អូន​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង
តែ​ឥឡូវ​នេះ បង‌ប្អូន​បាន​វិល​ត្រឡប់​មក​រក
គង្វាល និង​អ្នក​ថែ‌រក្សា​ព្រលឹង
របស់​បង‌ប្អូន​វិញ​ហើយ។