ពាក្យលំនាំ
កណ្ឌគម្ពីរណាហ៊ូមប្រកាសអំពីការវិនាសរបស់ក្រុងនីនីវេ ជារាជធានីនៃចក្រភពអាស្ស៊ីរី ដែលបានយកស្រុកអ៊ីស្រាអែលធ្វើជាចំណុះ។ កណ្ឌគម្ពីរនេះត្រូវបានចងក្រងឡើងនៅចន្លោះឆ្នាំ ៦៦៣ មុនគ.ស. គឺឆ្នាំដែលកងទ័ពអាស្ស៊ីរីវាយយកបានក្រុងនរ-អាម៉ូន (ឬក្រុងថែប) នៅស្រុកអេស៊ីប និងឆ្នាំ ៦១២ មុនគ.ស.ជាឆ្នាំដែលកងទ័ពបាប៊ីឡូនវាយយកបានក្រុងនីនីវេ។
កណ្ឌគម្ពីរនេះចែកចេញជាបីផ្នែក:
ផ្នែកទីមួយ មានលក្ខណៈជាបុរេកថា ប្រកាសអំពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ ហើយព្រះអង្គជាចៅក្រមវិនិច្ឆ័យទោសមនុស្សទួទៅ (១.២‑៨)។
ផ្នែកទីពីរ បញ្ជាក់អំពីឫទ្ធានុភាពរបស់ព្រះអង្គ ដែលជាម្ចាស់លើស្ថានភាពនយោបាយនៅជំនាន់នោះ។ ព្រះជាម្ចាស់ធ្វើឲ្យក្រុងនីនីវេរលាយ ដើម្បីសង្គ្រោះប្រជាជននៅស្រុកយូដា (១.៩‑២.៣)។
ផ្នែកទីបី រៀបរាប់អំពីមហន្តរាយកើតមានដល់ក្រុងនីនីវេ ដែលជាមហាអំណាច (២.៤‑៣.១៩)។
នៅក្នុងកណ្ឌគម្ពីរនេះ ព្យាការីមិនត្រឹមតែប្រកាសអំពីការវិនាសរបស់ក្រុងនីនីវេប៉ុណ្ណោះទេ គឺលោកក៏បានបញ្ជាក់ថែមទៀតថា ការវិនាសនេះបណ្តាលមកពីព្រះជាម្ចាស់វិនិច្ឆ័យទោស។ អ្នកក្រុងនីនីវេមានចិត្តអួតអាង ប្រព្រឹត្តអំពើឃាតកម្ម និងអំពើប្រាសចាកសីលធម៌។ ក្រុងនីនីវេជានិមិត្តរូបនៃអំណាចគ្រប់គ្រងមួយដែលមនុស្សតែងតាំងឡើង ទាស់នឹងព្រះហឫទ័យព្រះជាម្ចាស់។ កណ្ឌគម្ពីរណាហ៊ូមណែនាំយើងឲ្យចងចាំថា របបគ្រប់គ្រងទាំងប៉ុន្មានដែលមានលក្ខណៈដូចរបបនៅក្រុងនីនីវេ មិនអាចស្ថិតស្ថេរគង់វង្សឡើយ។