ជំពូក ៣

1 វេទនា​ហើយ
ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម
ហើយ​មាន​ការ​កុហក អំពើ​ឃោរ‌ឃៅ
និង​ការ​លួច​ប្លន់​គ្រប់​ទី​កន្លែង។
2 ស្ដាប់​ចុះ ស្នូរ​រំពាត់ សន្ធឹក​កង់​រទេះ​ចម្បាំង
ទ័ព‌សេះ​បោល​យ៉ាង​លឿន
រទេះ​ចម្បាំង​បោះ‌ពួយ​ទៅ​មុខ។
3 កង‌ទ័ព‌សេះ​វាយ​សម្រុក​ចូល​មក
មុខ​ដាវ​របស់​គេ​ភ្លឺ​ច្រាល លំពែង​របស់​គេ​ភ្លឺ​ផ្លេក
ប្រល័យ​ជីវិត​មនុស្ស​នៅ​គ្រប់​ទី​កន្លែង
សាក‌សព​គរ​លើ​គ្នា។
ចំនួន​មនុស្ស​ស្លាប់​មាន​ច្រើន​ឥត​គណនា
ដើរ​ទៅ​កន្លែង​ណា​ក៏​ប្រទះ​សាក‌សព​ដែរ។
4 ហេតុ‌ការណ៍​នេះ​កើត​មាន
ព្រោះ​តែ​អំពើ​ពេស្យា‌ចារ​របស់​ក្រុង​នីនីវេ
ដែល​ប្រៀប​ដូច​ជា​ស្រី​ពេស្យា​ដ៏​ស្អាត
ហើយ​ពូកែ​ដាក់​ស្នេហ៍។
នាង​បង្ក្រាប​ប្រជា‌ជាតិ និង​កុល‌សម្ព័ន្ធ​នានា
ដោយ​អំពើ​ពេស្យា‌ចារ និង​ស្នេហ៍​របស់​នាង។
5 នីនីវេ​អើយ យើង​ប្រឆាំង​នឹង​នាង​ហើយ!
យើង​នឹង​លាត់​សំពត់​នាង​ឡើង​រហូត​ដល់​ក្បាល
យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ
កេរ្ដិ៍‌ខ្មាស​របស់​នាង
និង​ឲ្យ​នគរ​ទាំង‌ឡាយ​ឃើញ
ភាព​អាម៉ាស់​របស់​នាង។
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
6 យើង​នឹង​បោះ​សំរាម​​លើ​នាង
យើង​នឹង​ឲ្យ​នាង​ធ្លាក់​ក្នុង​ភក់​ជ្រាំ
ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀតៗ។
7 ពេល​គេ​ឃើញ​នាង គេ​នឹង​រត់​ចេញ​ឆ្ងាយ
ទាំង​ពោល​ថា:
“នីនីវេ​វិនាស​ហើយ គ្មាន​នរណា​អាណិត​នាង
គ្មាន​នរណា​សម្រាល​ទុក្ខ​នាង​ទេ!”។
8 នីនីវេ​អើយ នាង​មិន​ប្រសើរ​ជាង​នរ-‌អាម៉ូន
ជា​ក្រុង​ស្ថិត​នៅ​តាម​ដៃ​ទន្លេ មាន​ទឹក​ព័ទ្ធ​ជុំ‌វិញ
ព្រម​ទាំង​មាន​សមុទ្រ​ធ្វើ​ជា​កំពែង​នោះ​ឡើយ។
9 ស្រុក​អេត្យូ‌ពី និង​ស្រុក​អេស៊ីប
ជា​កម្លាំង​ដែល​មិន​ចេះ​សាប‌សូន្យ​របស់​គេ
រីឯ​អ្នក​ស្រុក​ពូថ និង​អ្នក​ស្រុក​លីប៊ី
ក៏​ជា​បរិវារ​របស់​គេ​ដែរ។
10 ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​នរ-‌អាម៉ូន
ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ដែរ។
ទារក​របស់​គេ​ត្រូវ​ខ្មាំង​ជាន់​សម្លាប់​នៅ​តាម​ផ្លូវ
ពួក​អ្នក​ធំ​របស់​គេ​ត្រូវ​ខ្មាំង​ចាប់​ឆ្នោត​ចែក​គ្នា
មេ​ដឹក​នាំ​របស់​គេ​ជាប់​ច្រវាក់​ទាំង​អស់​គ្នា។
11 ចំណែក​ឯ​នាង​វិញ​ក៏​ដូច្នោះ​ដែរ
នាង​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំង នាង​នឹង​លិច​លង់
នាង​នឹង​ស្វែង​រក​កន្លែង​ពួន
ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ។
12 បន្ទាយ​ទាំង​ប៉ុន្មាន​របស់​នាង
ប្រៀប​បី​ដូច​ជា​ផ្លែ​ឧទុម្ពរ​ទុំ
ពេល​គេ​អង្រួន​ដើម​វា
ផ្លែ​នឹង​ជ្រុះ​ទៅ​ក្នុង​មាត់​របស់​អស់​អ្នក​ដែល
ចង់​បរិភោគ។
13 កង‌ទ័ព​របស់​នាង​នៅ​សល់​តែ​ស្រីៗ​ប៉ុណ្ណោះ
ទ្វារ​កំពែង​របស់​នាង​នឹង​បើក​ចំហ
ឲ្យ​ខ្មាំង​ចូល ព្រោះ​ភ្លើង​ឆេះ​រនុក​វា​អស់។
14 ក្រុង​នីនីវេ​អើយ ចូរ​ដង​ទឹក​បង្ការ​ទុក​ទៅ
ដ្បិត​សត្រូវ​ឡោម‌ព័ទ្ធ​អ្នក​ហើយ!
ចូរ​ជួស‌ជុល​កំពែង​ក្រុង
ចូរ​ចុះ​ទៅ​ក្នុង​ភក់ ចូរ​រៀបចំ​ដី​ឥដ្ឋ
និង​រៀបចំ​ឡ​ដុត​ឥដ្ឋ​ឡើង​វិញ។
15 ប៉ុន្តែ អ្នក​នឹង​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើង
អ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវ
ដូច​ស្លឹក​ឈើ​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន។
ចូរ​ប្រមូល​ផ្តុំ​គ្នា​ដូច​ដង្កូវ
ចូរ​ប្រមូល​ផ្តុំ​គ្នា​ដូច​ចង្រិត!
16 ពួក​ជំនួញ​របស់​អ្នក មាន​ចំនួន​ច្រើន
ជាង​ផ្កាយ​នៅ​លើ​មេឃ​ទៅ​ទៀត
ពួក​គេ​ប្រៀប​ដូច​ជា​ចង្រិត​ត្រដាង​ស្លាប
ហើរ​ចេញ​ទៅ។
17 នាម៉ឺន​របស់​អ្នក​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប
ពួក​រាជការ​របស់​អ្នក​មាន​ចំនួន​ច្រើន
ដូច​ឃ្មុំ​ដែល​ធ្វើ​សំបុក​តាម​របង​ផ្ទះ
នៅ​ពេល​រងា។
ពេល​ថ្ងៃ​រះ​វា​ហើរ​ទៅ​បាត់​អស់
គ្មាន​នរណា​ដឹង​ថា វា​ធ្លាប់​ទំ​នៅ​កន្លែង​ណា​ទេ។
18 ស្តេច​ស្រុក​អាស្ស៊ីរី​អើយ
មេ‌ទ័ព​របស់​អ្នក​ស្លាប់​បាត់​អស់​ហើយ
នាយ​ទាហាន​របស់​អ្នក​ក៏​លែង​កម្រើក​រហូត
កង‌ពល​របស់​អ្នក​ខ្ចាត់​ព្រាត់​ទៅ​នៅ​តាម​ភ្នំ
គ្មាន​នរណា​ប្រមូល​ផ្តុំ​ពួក​គេ​ឡើយ។
19 គ្មាន​អ្វី​ព្យាបាល​អ្នក​ឲ្យ​ជា​សះ‌ស្បើយ​ទេ
ព្រោះ​អ្នក​ត្រូវ​របួស​ធ្ងន់‌ធ្ងរ​ពេក។
អស់​អ្នក​ដែល​ឮ​ដំណឹង​អំពី​មហន្ត‌រាយ​របស់​អ្នក
នឹង​នាំ​គ្នា​ទះ​ដៃ​អរ
ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​រង​នូវ
អំពើ​ឃោរ‌ឃៅ​របស់​អ្នក។