ជំពូក ២

1(១.១៥) មើល​ហ្ន៎! អ្នក​នាំ​ដំណឹង‌ល្អ
ស្តី​អំពី​សន្តិ‌ភាព កំពុង​តែ​រត់​នៅ​លើ​ភ្នំ!
អ្នក​ស្រុក​យូដា​អើយ
ចូរ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​លា​បំណន់​ទៅ!
ដ្បិត​ជន‌ពាល​មិន​ឈ្លាន‌ពាន​អ្នក​ទៀត​ទេ
គេ​វិនាស​សូន្យ​ទាំង​ស្រុង​ហើយ!
2(១) កង‌ទ័ព​ខ្មាំង​ឡើង​មក​វាយ​សម្រុក​អ្នក​ហើយ!
ចូរ​ការ‌ពារ​កំពែង​ក្រុង​របស់​អ្នក
ចូរ​យាម​ផ្លូវ! ចូរ​ត្រៀម​ខ្លួន​ច្បាំង
និង​មាន​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង។
3(២) អ៊ីស្រា‌អែល​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយជូរ
ដែល​ពួក​ចោរ​ប្លន់​កម្ទេច​មែក​ធាង​អស់។
ព្រះ‌អម្ចាស់​នឹង​យាង​មក​លើក​កិត្តិយស
របស់​កូន​ចៅ​លោក​យ៉ាកុប
ហើយ​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​បាន​រុង‌រឿង
ដូច​ដើម​ឡើង​វិញ។
4(៣) ទាហាន​ដ៏​ខ្លាំង​ពូកែ​ប្រដាប់​ខ្លួន​ដោយ
ខែល​ពណ៌​ក្រហម
អ្នក​ចម្បាំង​ស្លៀក​ពាក់​ពណ៌​ក្រហម​ទុំ។
នៅ​ថ្ងៃ​ពួក​គេ​រៀបចំ​ខ្លួន​ចេញ​ទៅ​ច្បាំង
នៅ​ថ្ងៃ​ចេញ​ទៅ​ប្រយុទ្ធ រទេះ​ចម្បាំង
របស់​ពួក​គេ​ប្រៀប​បាន​នឹង​ភ្លើង​ក្រហម​ឆ្អិន‌ឆ្អៅ
លំពែង​របស់​ពួក​គេ​លើក​ឡើង​ច្រូង‌ច្រាង។
5(៤) រទេះ​ចម្បាំង​បោះ‌ពួយ​ទៅ​មុខ​ឆ្លង​កាត់​ផ្លូវ
ឆ្លង​កាត់​ទី​លាន​ក្រុង
មើល​ទៅ​ប្រៀប​ដូច​ជា​ភ្លើង​ចន្លុះ
ហើយ​បរ​ទៅ​មុខ​យ៉ាង​លឿន​ដូច​ផ្លេក​បន្ទោរ។
6(៥) ស្តេច​ក្រុង​នីនីវេ​កោះ​ហៅ​មេ‌ទ័ព​របស់​ខ្លួន
ប៉ុន្តែ អ្នក​ទាំង​នោះ​ដើរ​ទាំង​ញ័រ​ក្បាល​ជង្គង់។
សត្រូវ​សម្រុក​ចូល​ទៅ​រក​កំពែង​ក្រុង
ហើយ​ដំឡើង​គ្រឿង​ការ‌ពារ​ខ្លួន។
7(៦) ទ្វារ​ក្រុង​ដែល​បែរ​មុខ​ទៅ​រក​ទន្លេ ត្រូវ​របើក
វាំង​ស្តេច​ត្រូវ​ខ្មាំង​ដណ្ដើម​យក​បាន។
8(៧) ខ្មាំង​យក​បាន​រូប​ទេព‌ធីតា​របស់​ពួក​គេ
ហើយ​នាំ​យក​ទៅ។
ស្រីៗ​ដែល​នៅ​ថែ​ទាំ​រូប​នោះ​នាំ​គ្នា​ស្រែក​ថ្ងូរ
ដូច​ព្រាប ទាំង​គក់​ទ្រូង​ទៀត​ផង។
9(៨) ប្រជាជន​នៅ​ក្រុង​នីនីវេ​នាំ​គ្នា​រត់​ចេញ
ពី​ទីក្រុង ប្រៀប​ដូច​ជា​អាង​ទឹក​ដែល​ធ្លាយ
ទោះ​បី​មាន​គេ​ហៅ​ឲ្យ​ឈប់
ក៏​គ្មាន​នរណា​បែរ​ក្រោយ​ដែរ។
10(៩) ចូរ​រឹប​អូស​យក​ប្រាក់! ចូរ​រឹប​អូស​យក​មាស!
ដ្បិត​ទ្រព្យ‌សម្បត្តិ​របស់​ក្រុង​នេះ
មាន​ច្រើន​ឥត​គណនា
គឺ​គ្រឿង​បរិក្ខារ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង។
11(១០) ចូរ​សម្លាប់​រង្គាល ចូរ​កម្ទេច
ចូរ​បំផ្លាញ​ឲ្យ​អស់​ទៅ!
អ្នក​ក្រុង​នោះ​អស់​កម្លាំង​ចិត្ត ទន់​ជង្គង់
ញ័រ​ខ្លួន និង​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។
12(១១) តើ​ទីក្រុង​ដែល​ជា​លំ‌នៅ​របស់​រាជ‌សីហ៍
ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ?
ក្រុង​នីនីវេ​ប្រៀប​បាន​នឹង​កន្លែង​ដែល
សិង្ហ​ស្ទាវ​រស់​នៅ។
ពេល​សិង្ហ​ឈ្មោល និង​សិង្ហ​ញី​ដើរ​រក​ស៊ី
គ្មាន​នរណា​ហ៊ាន​មក​រំខាន​កូន​របស់​វា​ទេ។
13(១២) សិង្ហ​ឈ្មោល​ចាប់​រំពា និង​ហែក​សាច់
យក​មក​ឲ្យ​សិង្ហ​ញី និង​កូន​សិង្ហ​ស៊ី
វា​ពាំ​សាក‌សព​សត្វ​មក​ដាក់​ពេញ​រូង​របស់​វា។
14(១៣) នីនីវេ​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ!
យើង​នឹង​ដុត​កម្ទេច​រទេះ​ចម្បាំង​របស់​អ្នក
ឲ្យ​ទៅ​ជា​ផេះ។
ពួក​យុវជន​របស់​អ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវ។
យើង​នឹង​បញ្ឈប់​អ្នក លែង​ឲ្យ​រឹប​អូស​យក
ទ្រព្យ‌សម្បត្តិ​ពី​អ្នក​ដទៃ
ហើយ​គេ​នឹង​លែង​ឮ​សូរ​សំឡេង​ពួក​ប្រតិភូ
របស់​អ្នក​ទៀត​ដែរ
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។