ពាក្យ​លំនាំ

វិវរណៈ

ក្រោយ​ព្រះ‌យេស៊ូ​សោយ​ទិវង្គត ចំនួន​គ្រីស្ដ‌បរិស័ទ​បាន​កើន​កាន់​តែ​ច្រើន​ឡើងៗ ហើយ​ខ្ចាត់‌ខ្ចាយ​ពាស‌ពេញ​ក្នុង​មជ្ឈិម‌បូព៌ា​ទាំង​មូល ព្រម​ទាំង​នៅ​ក្រុង​រ៉ូម ជា​រាជ​ធានី​របស់​ចក្រភព​រ៉ូម៉ាំង​ដែរ។ ដោយ​គ្រីស្ដ‌បរិស័ទ​មិន​ព្រម​គោរព​តាម​សាសនា​ពួក​គេ ជា​ពិសេស មិន​គោរព​ព្រះ‌ចៅ​អធិ‌រាជ​រ៉ូម៉ាំង​ជា​ព្រះ​របស់​ខ្លួន អាជ្ញា‌ធរ​រ៉ូម៉ាំង និង​អ្នក​ស្រុក នាំ​គ្នា​ស្អប់​គ្រីស្ដ‌បរិស័ទ​កាន់​តែ​ខ្លាំង​ឡើងៗ។

ហេតុ​នេះ​ហើយ​បាន​ជា​អាជ្ញា‌ធរ​រ៉ូម៉ាំង​ធ្វើ​បាប​គ្រីស្ដ‌បរិស័ទ​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ប្រហារ​ជីវិត​ពួក​គេ​មួយ​ចំនួន​ធំ​ទៀត​ផង។ នៅ គ.ស.៦៤ ព្រះ‌ចៅ​អធិ‌រាជ​ណេរ៉ុង​បាន​ចាប់​គ្រីស្ដ‌បរិស័ទ​ខ្លះ​ជ្រលក់​ក្នុង​ជ័រ ដុត​ដូច​ចន្លុះ ព្រះ‌អង្គ​ឲ្យ​គេ​ចាប់​គ្រីស្ដ‌បរិស័ទ​ខ្លះ​ទៀត​ឲ្យ​សត្វ​សាហាវ​ស៊ី​ទាំង​រស់​ក្នុង​កីឡា‌ដ្ឋាន ឲ្យ​គេ​ចាប់​គ្រីស្ដទូត​សិលា​យក​ទៅ​ឆ្កាង និង​យក​គ្រីស្ដទូត​ប៉ូល​ទៅ​កាត់​ក។ ល។ និង។ ល។

គ្រីស្ដ‌បរិស័ទ​ជា​ច្រើន​អស់​សង្ឃឹម ស្ទើរ​តែ​បាត់​ជំនឿ។ ឃើញ​ដូច្នេះ លោក​យ៉ូហាន​ក៏​តែង​កណ្ឌ​គម្ពីរ​វិវរណៈ​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។ លោក​ចង់​ដាស់‌តឿន​គ្រីស្ដ‌បរិស័ទ​កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ! ព្រឹត្តិ‌ការណ៍​ដ៏​សែន​វេទនា​ដែល​កើត​ឡើង បង្ហាញ​អំពី​អំណាច​របស់​មារ​ដែល​កំពុង​ច្បាំង​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់ ក៏​ប៉ុន្តែ ព្រះ‌គ្រីស្ដ​មាន​ជ័យ‌ជម្នះ​ហើយ! រីឯ​មារ​សាតាំង និង​បរិវារ​របស់​វា មុខ​ជា​ត្រូវ​បរា‌ជ័យ​ពុំ‌ខាន។ គ្រីស្ដ‌បរិស័ទ​ដែល​គេ​បាន​ប្រហារ​ជីវិត​យ៉ាង​សែន​វេទនា នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះ‌អង្គ។ ព្រឹត្តិ‌ការណ៍​ទាំង​អស់​ដែល​កើត​ឡើង​បង្ហាញ​ពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់ ដែល​ចង់​សង្គ្រោះ​មនុស្ស​លោក។

លោក​យ៉ូហាន​ពន្យល់​សេចក្ដី​ទាំង​នេះ ដោយ​ប្រើ​និមិត្ត‌រូប​ជា​ច្រើន តាម​របៀប​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ពិសេស​តាម​របៀប​ព្យាការី​អេសេ‌គីអែល និង​ដានីអែល។ ហេតុ​នេះ​ហើយ​បាន​ជា​គម្ពីរ​វិវរណៈ​ពិបាក​យល់។

អត្ថ‌ន័យ​សំខាន់ៗ​មាន​ដូច​ត​ទៅ គឺ​ប្រជាជន​របស់​ព្រះ‌ជាម្ចាស់​តែង​មាន​ទុក្ខ​លំបាក​តាំង​ពី​ដើម​រៀង​មក ដោយ​ត្រូវ​គេ​ធ្វើ​បាប តែ​ព្រះ‌យេស៊ូ​គ្រីស្ដ​មាន​ជ័យ‌ជម្នះ​ហើយ ហើយ​ព្រះ‌ជាម្ចាស់​នឹង​ប្រមូល​គ្រីស្ដ‌បរិស័ទ​ឲ្យ​មាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះ‌អង្គ​អស់​កល្ប‌ជានិច្ច។

រីឯ​និមិត្ត‌រូប​សំខាន់ៗ​មាន​អត្ថ‌ន័យ​ដូច​ត​ទៅ:

ពណ៌​ស : ជា​ពណ៌​របស់​ព្រះ‌ជាម្ចាស់។ អស់​អ្នក​មាន​សម្លៀក‌បំពាក់​ស​នៅ​ស្ថាន​បរម‌សុខ មាន​ន័យ​ថា គេ​បាន​ចូល​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់​ហើយ។
មកុដ : ជា​និមិត្ត‌រូប​នៃ​ជោគ‌ជ័យ និង​សិរី‌រុង​រឿង​របស់​គ្រីស្ដ‌បរិស័ទ។
លេខ​៣​កន្លះ : គឺ​មិន​គ្រប់​លក្ខណៈ មាន​ន័យ​ថា «ទុក្ខ​លំបាក» ឬ​«ការ​បៀត‌បៀន»។ ជា‌រយៈ​ពេល​មួយ​ដែល​ស្តេច​អង់ត្យូ‌គូសអេ‌ពីផាន​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​ជន​ជាតិ​អ៊ីស្រា‌អែល (ដានីអែល ៩.២)។
លេខ​៤ : ជា​លេខ​នៃ​ពិភព‌លោក ដែល​មាន​បួន​ទិស។
លេខ​៧ : ជា​លេខ​គ្រប់​លក្ខណៈ ឬ​ពេញ​លក្ខណៈ ជា​លេខ​តំណាង​ព្រះ‌ជាម្ចាស់។
លេខ​១២ : និមិត្ត‌រូប​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​កុល‌សម្ព័ន្ធ​១២។
លេខ​១.០០០ : មាន​ន័យ​ថា​ច្រើន​ឥត​គណនា។
លេខ​១៤៤.០០០ : ជា​លេខ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​១២ គុណ​នឹង​១២ គុណ​នឹង​១.០០០ គឺ​មាន​ន័យ​ថា​ច្រើន​ឥត​គណនា​ពុំ​អាច​រាប់​ឡើយ គឺ​ជា​ចំនួន​ប្រជាជន​ថ្មី​ទាំង​មូល​របស់​ព្រះ‌ជាម្ចាស់។
កូន​ចៀម : គឺ​ព្រះ‌យេស៊ូ​ដែល​ត្រូវ​ជន​ជាតិ​អ៊ីស្រា‌អែល​ធ្វើ​គុត ដូច​គេ​ធ្លាប់​សម្លាប់​កូន​ចៀមធ្វើ​យញ្ញ‌បូជា​ក្នុង​ឱកាស​បុណ្យ​ចម្លង។
ស្ត្រី : ជា​និមិត្ត‌រូប​នៃ​ប្រជាជន​របស់​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌សហគមន៍ ជា​មហេសី​របស់​ព្រះ‌គ្រីស្ដ។
នាគ ឬ​ពស់ : ជា​និមិត្ត‌រូប​របស់​មារ​សាតាំង។
សត្វ​តិរច្ឆាន​ដែល​ឡើង​ពី​សមុទ្រ : ជា​និមិត្ត‌រូប​រដ្ឋ​អំណាច​រ៉ូម៉ាំង និង​ជា​និមិត្ត‌រូប​នៃ​រដ្ឋ​អំណាច​ទាំង‌ឡាយ។
សត្វ​តិរច្ឆាន​ដែល​ផុស​ពី​ដី : ជា​និមិត្ត‌រូប​ស្តេច​ត្រាញ់​ដែល​បម្រើ​រដ្ឋ​អំណាច​រ៉ូម៉ាំង និង​មនោ‌គម‌វិជ្ជា​ផ្សេងៗ។
ក្រុង​បាប៊ីឡូន : ជា​និមិត្ត‌រូប​នៃ​ក្រុង​រ៉ូម។

គម្រោង​គម្ពីរ​វិវរណៈ
  • សេចក្ដី​ផ្ដើម ១.១-៨
  • និមិត្ត​ហេតុ​អស្ចារ្យ​អំពី​សំបុត្រ​ផ្ញើ​ទៅ​ក្រុម​គ្រីស្ដ‌បរិស័ទ​ទាំង​ប្រាំ​ពីរ ១.៩‑៣.២២
  • និមិត្ត​ហេតុ​អស្ចារ្យ​ក្រាំង​ដែល​មាន​ត្រា​ប្រាំ​ពីរ ៤.១‑៨.១
  • និមិត្ត​ហេតុ​អស្ចារ្យ​ត្រែ​ទាំង​ប្រាំ​ពីរ ៨.២‑១១.១៩
  • និមិត្ត​ហេតុ​អស្ចារ្យ​សត្វ​នាគ និង​សត្វ​តិរច្ឆាន​ទាំង​ពីរ ១២.១‑១៣.១៨
  • និមិត្ត​ហេតុ​អស្ចារ្យ​ផ្សេងៗ​ទៀត ១៤.១‑១៥.៨
  • និមិត្ត​ហេតុ​អស្ចារ្យ​អំពី​ពែង​នៃ​ព្រះ‌ពិរោធ​ប្រាំ​ពីរ ១៦.១-២១
  • ការ​រំលាយ​ក្រុង​បាប៊ីឡូន បរា‌ជ័យ​របស់​សត្វ​តិរច្ឆាន ព្រម​ទាំង​ព្យាការី​ក្លែង‌ក្លាយ និង​មារ​សាតាំង ១៧.១‑២០.១០
  • ការ​វិនិច្ឆ័យ​ទោស​នៅ​គ្រា​ចុង​ក្រោយ ២០.១១-១៥
  • ផ្ទៃ​មេឃ​ថ្មី ផែន‌ដី​ថ្មី និង​ក្រុង​យេរូ‌សាឡឹម​ថ្មី ២១.១‑២២.៥
  • អវសាន‌កថា ២២.៦-២១