ជំពូក ១៦
ពែងមាសទាំងប្រាំពីរ
1 ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារ បន្លឺទៅកាន់ទេវទូតទាំងប្រាំពីរថា៖ «ចូរនាំគ្នាទៅ ហើយយកពែងទាំងប្រាំពីរនៃព្រះពិរោធរបស់ព្រះជាម្ចាស់ចាក់លើផែនដីទៅ!»។
2 ទេវទូតទីមួយចេញទៅ យកពែងរបស់ខ្លួនចាក់លើផែនដី ស្រាប់តែអស់អ្នកដែលមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន ហើយដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា កើតដំបៅរលួយ ឈឺចុកចាប់យ៉ាងខ្លាំង។
3 ទេវទូតទីពីរយកពែងរបស់ខ្លួនចាក់លើសមុទ្រ ស្រាប់តែសមុទ្រក្លាយទៅជាឈាម ដូចឈាមហូរចេញពីសាកសព ហើយអ្វីៗទាំងប៉ុន្មានដែលមានជីវិតក្នុងសមុទ្រក៏ស្លាប់អស់ទៅ។
4 ទេវទូតទីបីយកពែងរបស់ខ្លួនចាក់លើទន្លេ និងប្រភពទឹកនានា ស្រាប់តែទន្លេ និងប្រភពទឹកក្លាយទៅជាឈាមទាំងអស់។ 5 ខ្ញុំឮទេវតាម្ចាស់ទឹកពោលថា៖ «បពិត្រព្រះអង្គដ៏មានព្រះជន្មគង់នៅសព្វថ្ងៃ និងមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ព្រះអង្គពិតជាវិសុទ្ធ ហើយព្រះអង្គវិនិច្ឆ័យទោសដោយយុត្តិធម៌មែន! 6 ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏វិសុទ្ធ* និងបង្ហូរឈាមពួកព្យាការី* ព្រះអង្គឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។ 7 ខ្ញុំឮសំឡេងមួយចេញពីអាសនៈមកថា៖ «ប្រាកដមែន! បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌ពិតមែនហើយ!»។
8 ទេវទូតទីបួនយកពែងរបស់ខ្លួនចាក់ទៅលើព្រះអាទិត្យ ស្រាប់តែព្រះអាទិត្យទទួលអំណាចធ្វើឲ្យមនុស្សក្ដៅក្រហល់ក្រហាយ។ 9 មនុស្សម្នាត្រូវរលាកដោយកម្ដៅថ្ងៃយ៉ាងខ្លាំង គេនាំគ្នាជេរប្រមាថព្រះនាមព្រះជាម្ចាស់ ដែលមានអំណាចលើគ្រោះកាចទាំងនេះ តែគេពុំបានកែប្រែចិត្តគំនិត ហើយពុំព្រមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឡើយ។
10 ទេវទូតទីប្រាំយកពែងរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វតិរច្ឆាន ស្រាប់តែអាណាចក្ររបស់វាប្រែទៅជាងងឹតសូន្យ មនុស្សម្នានាំគ្នាខាំអណ្ដាតរបស់ខ្លួន ព្រោះវេទនាខ្លាំងពេក។ 11 គេនាំគ្នាជេរប្រមាថព្រះជាម្ចាស់នៃស្ថានបរមសុខ* ព្រោះតែឈឺចុកចាប់ និងកើតដំបៅពេញខ្លួន។ ប៉ុណ្ណឹងហើយ ពួកគេនៅតែមិនកែប្រែចិត្តគំនិត លះបង់អំពើដែលខ្លួនធ្លាប់ប្រព្រឹត្តនោះឡើយ។
12 ទេវទូតទីប្រាំមួយយកពែងរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអឺប្រាត ស្រាប់តែទឹករីងអស់ ដើម្បីឲ្យទន្លេទៅជាផ្លូវមួយចាំទទួលស្ដេចនានាមកពីបូព៌ាប្រទេស។ 13 ខ្ញុំឃើញខ្មោចបិសាចបី មួយចេញពីមាត់នាគ មួយចេញពីមាត់សត្វតិរច្ឆាន និងមួយទៀតចេញពីមាត់ព្យាការីក្លែងក្លាយ 14 គឺជាវិញ្ញាណរបស់ពួកអារក្ខ។ វាសម្ដែងទីសម្គាល់ផ្សេងៗ និងចេញទៅប្រមូលស្ដេចនៅលើផែនដីទាំងមូលឲ្យធ្វើសឹកសង្គ្រាម នៅថ្ងៃដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ 15 («មើល៍! យើងនឹងមកដូចចោរចូលលួច។ អ្នកណាប្រុងស្មារតី ហើយមានសម្លៀកបំពាក់បិទបាំងកាយ ឥតនៅអាក្រាតឲ្យគេឃើញកេរ្ដិ៍ខ្មាស អ្នកនោះពិតជាមានសុភមង្គល*ហើយ!»)។ 16 ពួកខ្មោចបិសាចនឹងប្រមូលស្ដេចទាំងនោះឲ្យមកជួបជុំគ្នានៅកន្លែងមួយ ដែលមានឈ្មោះជាភាសាហេប្រឺថា «ហារម៉ាគេដូន»។
17 ទេវទូតទីប្រាំពីរយកពែងរបស់ខ្លួនចាក់ទៅលើអាកាស ស្រាប់តែមានសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបល្ល័ង្កក្នុងព្រះវិហារ*ថា៖ «រួចរាល់ស្រេចអស់ហើយ!»។ 18 ពេលនោះ មានផ្លេកបន្ទោរ មានឮសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីយ៉ាងខ្លាំង ចាប់តាំងពីមានមនុស្សរស់នៅលើផែនដីមក មិនដែលមានរញ្ជួយផែនដីខ្លាំងយ៉ាងនេះទេ។ 19 មហានគរនោះបានបែកជាបី រីឯក្រុងនានារបស់ជាតិសាសន៍ទាំងប៉ុន្មានបានរលំអស់ ពេលនោះ ព្រះជាម្ចាស់បាននឹកដល់មហានគរបាប៊ីឡូន ព្រះអង្គបានឲ្យក្រុងនេះផឹកស្រាពីពែងនៃព្រះពិរោធដ៏ខ្លាំងបំផុតរបស់ព្រះអង្គ។ 20 កោះទាំងប៉ុន្មាននឹងរសាត់បាត់អស់ទៅ ហើយភ្នំទាំងឡាយក៏លែងមានទៀតដែរ។ 21 ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណជាងមួយចុង ធ្លាក់ចុះពីលើមេឃមកលើមនុស្សលោក។ គេក៏នាំគ្នាជេរប្រមាថព្រះជាម្ចាស់ ព្រោះតែគ្រោះកាចដែលកើតមានពីព្រឹលនោះ ជាគ្រោះកាចដ៏ខ្លាំងបំផុត។