ជំពូក ៤

ការ​រស់​នៅ​ដោយ​មិន​ប្រព្រឹត្ត​អំពើ​បាប

1 ហេតុ​នេះ បើ​ព្រះ‌គ្រីស្ត​បាន​រង‌ទុក្ខ​លំបាក កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស បង‌ប្អូន​ត្រូវ​ប្រកាន់​ចិត្ត​គំនិត​ដូច​ព្រះ‌អង្គ​ដែរ ដ្បិត​អ្នក​ណា​ស៊ូ​ទ្រាំ​រង‌ទុក្ខ​លំបាក​ខាង​រូប​កាយ អ្នក​នោះ​លែង​ទាក់‌ទាម​អ្វី​នឹង​បាប*​ទៀត​ហើយ 2 ដើម្បី​ឲ្យ​បាន​រស់ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ក្នុង​កំឡុង​ពេល​នៃ​អាយុ​ជីវិត​ដែល​នៅ​សល់​ក្នុង​លោក​នេះ គឺ​មិន​រស់​នៅ​តាម​ចំណង់​តណ្ហា​របស់​មនុស្ស​ទៀត​ទេ។ 3 ពី​ដើម បង‌ប្អូន​រស់​នៅ​តាម​របៀប​ដែល​អស់​អ្នក​មិន​ស្គាល់​ព្រះ‌ជាម្ចាស់​​ចូល​ចិត្ត​នោះ យូរ​ពេក​ហើយ គឺ​បាន​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ លោភ‌លន់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នានា គួរ​ឲ្យ​ខ្ពើម។ 4 ពួក​គេ​ងឿង‌ឆ្ងល់ ដោយ​ឃើញ​បង‌ប្អូន​ពុំ​ចូល​រួម​ជា​មួយ​គេ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ហួស​ហេតុ​ទាំង​នោះ​ទៀត ហើយ​គេ​ក៏​និយាយ​ប្រមាថ​បង‌ប្អូន។ 5 អ្នក​ទាំង​នោះ​នឹង​ត្រូវ​ឆ្លើយ​រៀប​រាប់ពី​អំពើ ដែល​ខ្លួន​ប្រព្រឹត្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដែល​ប្រុង​ប្រៀប​នឹង​វិនិច្ឆ័យ​ទោស ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់។ 6 ហេតុ​នេះ សូម្បី​តែ​មនុស្ស​ស្លាប់ក៏​ព្រះ‌អង្គ​បាន​នាំ​ដំណឹង‌ល្អ​ទៅ​ឲ្យ​គេ​ឮ​ដែរ។ ដូច្នេះ ទោះ​បី​ពួក​គេ​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ​ទោស​តាម​របៀប​មនុស្ស​លោក ក្នុង​ពេល​គេ​រស់​នៅ​ក្នុង​លោកីយ៍​នេះ​ក៏​ដោយ ក៏​គេ​អាច​មាន​ជីវិត​រស់​ស្រប​តាម​ព្រះ‌ជាម្ចាស់​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែរ​។

របៀប​រស់​នៅ​ក្នុង​ក្រុម​គ្រីស្ត‌បរិស័ទ

7 អ្វីៗ​ទាំង​អស់​ជិត​រលាយ​សូន្យ​ហើយ ហេតុ​នេះ ត្រូវ​គិត​ឲ្យ​វែង​ឆ្ងាយ និង​ភ្ញាក់​ស្មារតី​ឡើង ដើម្បី​ឲ្យ​អធិស្ឋាន*​កើត។ 8 ជា​បឋម ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ដ្បិត​សេចក្ដី​ស្រឡាញ់​រមែង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លប់។ 9 ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់‌ទាក់​ឥត​រអ៊ូ‌រទាំ​ឡើយ។
10 បង‌ប្អូន​ម្នាក់ៗ​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា​ហើយ ដូច្នេះ ចូរ​យក​ព្រះ‌អំណោយ​ទាន​ទាំង​នេះ​ទៅ​បម្រើ​អ្នក​ឯ​ទៀតៗ ឲ្យ​សម​នឹង​នាទី​របស់​បង‌ប្អូន ជា​អ្នក​ចាត់​ចែង​ដ៏​ល្អ ដែល​ចែក​ព្រះ‌អំណោយ​ទាន​គ្រប់​បែប​យ៉ាង​របស់​ព្រះ‌ជាម្ចាស់។ 11 បើ​អ្នក​ណា​និយាយ ត្រូវ​និយាយ​ឲ្យ​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ បើ​អ្នក​ណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ត។ សូម​លើក​តម្កើង​សិរី‌រុង​រឿង និង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

ទុក្ខ​លំបាក​របស់​គ្រីស្ត‌បរិស័ទ

12 បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង​ដែល​កើត​មាន ដើម្បី​លត់‌ដំ​បង‌ប្អូន​នោះ សូម​កុំ​ងឿង‌ឆ្ងល់ ដោយ​គិត​ថា​ជា​ព្រឹត្តិ‌ការណ៍​អ្វី​មួយ​ដ៏​ចម្លែក​ឡើយ។ 13 ផ្ទុយ​ទៅ​វិញ ចូរ​មាន​ចិត្ត​រីក‌រាយ​ឡើង ព្រោះ​បង‌ប្អូន​រង‌ទុក្ខ​លំបាក​ផ្សេងៗ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត*។ បង‌ប្អូន​មុខ​ជា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​ព្រះ‌អង្គ​បង្ហាញ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។
14 ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល​បង‌ប្អូន ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌គ្រីស្ត* នោះ​បង‌ប្អូន​មាន​សុភមង្គល*​ហើយ ដ្បិត​ព្រះ‌វិញ្ញាណ​ប្រកប​ដោយ​សិរី‌រុង​រឿង គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​លើ​បង‌ប្អូន។ 15 ក្នុង​ចំណោម​បង‌ប្អូន សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​រង‌ទុក្ខ​លំបាក ព្រោះ​បាន​សម្លាប់​គេ លួច​គេ ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​ឡូក‌ឡំ​ក្នុង​រឿង‌រ៉ាវ​របស់​អ្នក​ដទៃ​ឡើយ។ 16 ប៉ុន្តែ បើ​បង‌ប្អូន​ណា​រង‌ទុក្ខ​លំបាក ក្នុង​នាម​ជា​គ្រីស្ត‌បរិស័ទ កុំ​អៀន‌ខ្មាស​ឲ្យ​សោះ ផ្ទុយ​ទៅ​វិញ បង‌ប្អូន​នោះ​ត្រូវ​តែ​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌ជាម្ចាស់ ព្រោះ​តែ​នាម​នេះ។
17 ពេល​កំណត់ដែល​ព្រះ‌ជាម្ចាស់​ចាប់​ផ្តើម​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​មក​ដល់​ហើយ គឺ​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​មុន​គេ។ ប្រសិន​បើ​ព្រះ‌អង្គ​ចាប់​ផ្ដើម​វិនិច្ឆ័យ​ទោស​ពី​យើង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​អស់​អ្នក​ដែល​ពុំ​ព្រម​ជឿ​ដំណឹង‌ល្អ​របស់​ព្រះ‌ជាម្ចាស់​វិញ តើ​នឹង​ធ្លាក់​ទៅ​ដល់​កម្រិត​ណា!។ 18 បើ​មនុស្ស​សុចរិត*​រួច​ជីវិត​ទាំង​ពិបាក​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​មនុស្ស​ទុច្ចរិត និង​មនុស្ស​បាប​វិញ តើ​នឹង​ទៅ​ជា​យ៉ាង​ណា!។ 19 ហេតុ​នេះ អស់​អ្នក​ដែល​រង‌ទុក្ខ​លំបាក ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អាទិករ*​ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់។