ជំពូក ៣
របៀបរស់នៅរបស់គ្រីស្តបរិស័ទ
1 ចូររំឭកដាស់តឿនបងប្អូន ឲ្យគោរពចុះចូលនឹងអាជ្ញាធរ ចុះចូលនឹងរដ្ឋអំណាច ឲ្យគេចេះស្ដាប់បង្គាប់ និងប្រុងប្រៀបប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។ 2 កុំឲ្យគេនិយាយអាក្រក់ពីនរណា កុំឲ្យគេបង្ករឿង តែឲ្យគេមានចិត្តសប្បុរស និងបង្ហាញចិត្តស្លូតបូត គ្រប់យ៉ាង ចំពោះមនុស្សទាំងអស់វិញ។ 3 ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹង វង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្តកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ 4 ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើងសម្ដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក 5 ព្រះអង្គក៏បានសង្គ្រោះយើង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើង ដោយលាងជម្រះយើងឲ្យបានកើតជាថ្មី និងប្រទានឲ្យយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ 6 ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈព្រះយេស៊ូគ្រីស្ត ជាព្រះសង្គ្រោះរបស់យើង 7 ដើម្បីឲ្យយើងបានសុចរិត*ដោយសារព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ និងឲ្យយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។ 8 ពាក្យនេះគួរឲ្យជឿ ខ្ញុំចង់ឲ្យអ្នកនិយាយហើយនិយាយទៀត បញ្ជាក់អំពីសេចក្ដីទាំងនេះ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះជាម្ចាស់ ខិតខំយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អ។ ការនេះហើយដែលល្អប្រសើរ និងមានប្រយោជន៍ដល់មនុស្សលោក! 9 ចូរចៀសវាងការជជែកវែកញែកដ៏លេលា ជជែកអំពីបញ្ជីវង្សត្រកូល ចៀសវាងទាស់ទែងគ្នា និងឈ្លោះប្រកែកគ្នាអំពីគម្ពីរវិន័យ* ដ្បិតការទាំងនេះឥតមានផលប្រយោជន៍ ឥតបានការអ្វីទាំងអស់។ 10 ចំពោះអ្នកដែលបង្កឲ្យមានការបាក់បែកគ្នា ត្រូវព្រមានគេមួយលើកជាពីរលើក ហើយបណ្ដេញគេឲ្យចេញទៅ 11 ដោយដឹងថា ជនប្រភេទនេះជាមនុស្សខូច គេប្រព្រឹត្តអំពើបាប និងដាក់ទោសខ្លួនឯង។
ពាក្យដាស់តឿនចុងក្រោយ
12 ខ្ញុំចាត់លោកអ័រតេម៉ាស ឬលោកទីឃីគូសឲ្យមករកអ្នក។ កាលណាគាត់មកដល់ ចូរលៃលកទៅរកខ្ញុំនៅក្រុងនីកូប៉ូលីសកុំបីខាន ដ្បិតខ្ញុំបានសម្រេចចិត្តថា នឹងស្នាក់នៅទីនោះក្នុងរដូវត្រជាក់។ 13 ចូរលៃលក ផ្គត់ផ្គង់លោកមេធាវីសេណាស និងលោកអប៉ូឡូស ឲ្យបន្ដដំណើរទៅផង កុំឲ្យលោកទាំងពីរខ្វះខាតអ្វីឡើយ។ 14 ត្រូវឲ្យបងប្អូនយើងរៀនធ្វើអំពើល្អ ឲ្យបានប្រសើរលើសគេ ដើម្បីជួយផ្គត់ផ្គង់សេចក្ដីត្រូវការដ៏ចាំបាច់ផ្សេងៗ កុំឲ្យគេទៅជាមនុស្សមិនបង្កើតផល។
15 ពួកបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកអ្នក។ សូមជម្រាបសួរបងប្អូនរួមជំនឿដ៏ជាទីស្រឡាញ់របស់យើងផង។
សូមព្រះជាម្ចាស់ប្រណីសន្ដោសបងប្អូនទាំងអស់គ្នា។