ពាក្យ​លំនាំ

លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូនលោក​ទីតុស

លោក​ទីតុសៈ ជា​ជន​ជាតិ​ក្រិក​ម្នាក់(កាឡា‌ទី ២.៣) ហើយ​ជា​សហ‌ការី​របស់​លោក​ប៉ូល​ដែរ។ គាត់​បាន​ជួយ​គ្រីស្ត‌បរិស័ទ ដែល​ទាស់‌ទែង​ខ្វែង​គំនិត​គ្នា​នៅ​ក្រុង​កូរិន‌ថូស ឲ្យ​បាន​ស្រុះ‌ស្រួល​ជា​នា​នឹង​គ្នា​វិញ (២​កូរិន‌ថូស ៧.៧-១៥)។ ពេល​លោក​ប៉ូល​សរសេរ​លិខិត​នេះផ្ញើ​មក​គាត់ គាត់​ស្ថិត​នៅ​កោះ​ក្រែត ព្រោះ​លោក​ប៉ូល​បាន​ប្រគល់​ភារ‌កិច្ចឲ្យ​គាត់​រៀបចំ​ចាត់​ចែង​ព្រះ‌សហគមន៍ នៅ​លើ​កោះ​នោះ។

គោល​សំខាន់ៗ:

ក្នុង​លិខិត​នេះ លោក​ប៉ូល​ទូន្មាន​អំពី​របៀប​ចាត់​ចែង​ក្នុង​ព្រះ‌សហគមន៍ អំពី​មុខ‌ងារ​របស់​អ្នក​ដឹក​នាំ និង​អំពី​ឥរិយា‌បថ​របស់​ព្រឹទ្ធា‌ចារ្យ យុវជន ស្ត្រី​មេ‌ម៉ាយ​ជា​ដើម។ ល។
គ្រីស្ត‌បរិស័ទ​ត្រូវ​កាន់​តាម​ជំនឿ​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន ហើយ​គោល​នៃ​ជំនឿ​នេះ គឺ​ព្រះ‌ជាម្ចាស់​ស្រឡាញ់ និង​សង្គ្រោះ​យើង​តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ត។

គម្រោង​គម្ពីរ​ទីតុសៈ
  • សេចក្ដី​ផ្ដើម ១.១-៤
  • អ្នក​ដឹក​នាំ​ព្រះ‌សហគមន៍ ១.៥-១៦
  • ភារ‌កិច្ច​ផ្សេងៗ​របស់​គ្រីស្ត‌បរិស័ទ ២.១-១៥
  • ការ​ទូន្មាន​ផ្សេងៗ ៣.១-១១
  • អវសាន​កថា ៣.១២-១៥