ជំពូក ៣
ភារកិច្ចរបស់អ្នកប្រកាសដំណឹងល្អ
1 បងប្អូនអើយ រីឯខ្ញុំវិញ ខ្ញុំពុំអាចនិយាយជាមួយបងប្អូន ដូចនិយាយទៅកាន់អ្នកដែលបានទទួលព្រះវិញ្ញាណនោះឡើយ គឺខ្ញុំនិយាយទៅកាន់បងប្អូន ដូចនិយាយទៅកាន់មនុស្សលោកីយ៍ ឬនិយាយទៅកាន់កូនខ្ចីខាងជំនឿ។ 2 ខ្ញុំបានឲ្យទឹកដោះបងប្អូនពិសា គឺពុំបានឲ្យចំណីអាហាររឹងៗទេ ព្រោះបងប្អូនពុំអាចទទួលបាន។ សូម្បីតែនៅពេលនេះក្តី ក៏បងប្អូននៅតែពុំអាចទទួលបានដែរ 3 មកពីបងប្អូននៅតែមានចិត្តគំនិតជាមនុស្សលោកីយ៍ដដែល។ ក្នុងចំណោមបងប្អូន បើនៅតែមានការច្រណែនទាស់ទែងគ្នាដូច្នេះ សឲ្យឃើញថាបងប្អូននៅតែមានចិត្តគំនិតជាមនុស្សលោកីយ៍ ហើយបងប្អូនរស់នៅតាមរបៀបមនុស្សធម្មតាដដែល។ 4 ពេលមានម្នាក់និយាយថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» នោះ សឲ្យឃើញថា បងប្អូននៅតែមានរបៀបរស់នៅ ដូចមនុស្សធម្មតា ពិតមែន! 5 តើលោកអប៉ូឡូសមានឋានៈអ្វី? រីឯប៉ូលមានឋានៈអ្វីដែរ? អ្នកទាំងពីរគ្រាន់តែជាអ្នកបម្រើ ដែលណែនាំបងប្អូនឲ្យមានជំនឿប៉ុណ្ណោះ គឺម្នាក់ៗបំពេញតែកិច្ចការដែលព្រះអម្ចាស់ប្រទានឲ្យធ្វើ។ 6 ខ្ញុំជាអ្នកដាំ ហើយលោកអប៉ូឡូសជាអ្នកស្រោចទឹក ប៉ុន្តែ ព្រះជាម្ចាស់ទេតើដែលធ្វើឲ្យដុះ។ 7 ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែលធ្វើឲ្យដុះឯណោះទើបសំខាន់។ 8 អ្នកដាំ និងអ្នកស្រោចទឹកមិនខុសគ្នាទេ ម្នាក់ៗនឹងទទួលរង្វាន់តាមទម្ងន់កិច្ចការដែលខ្លួនបានធ្វើ 9 ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយព្រះជាម្ចាស់ បងប្អូនជាស្រែរបស់ព្រះជាម្ចាស់ ហើយក៏ជាដំណាក់ដែលព្រះអង្គបានសង់ដែរ។
10 ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមព្រះអំណោយទានដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យខ្ញុំ ហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ 11 ដ្បិតគ្មាននរណាអាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺ ព្រះយេស៊ូគ្រីស្ត*។ 12 ប្រសិនបើអ្នកណាយក មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬស្បូវ មកសង់ពីលើគ្រឹះនេះ 13 នៅថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោស លទ្ធផលនៃស្នាដៃដែលម្នាក់ៗបានធ្វើ នឹងលេចចេញមក ព្រោះថ្ងៃនោះនឹងមកដល់ដូចភ្លើង ហើយភ្លើងនឹងល្បងលមើលស្នាដៃដែលម្នាក់ៗបានធ្វើ។ 14 បើស្នាដៃនរណាម្នាក់ដែលបានសង់លើគ្រឹះនៅស្ថិតស្ថេរ អ្នកនោះនឹងទទួលរង្វាន់។ 15 បើស្នាដៃនរណាម្នាក់ត្រូវឆេះ អ្នកនោះក៏នឹងបាត់រង្វាន់ដែរ ប៉ុន្តែ គេនឹងរួចជីវិតដូចជាឆ្លងកាត់ភ្លើង។
16 បងប្អូនមិនជ្រាបថាខ្លួនជាព្រះវិហារ*របស់ព្រះជាម្ចាស់ទេឬ! បងប្អូនមិនជ្រាបថាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូនទេឬ!។ 17 ប្រសិនបើនរណាម្នាក់កម្ទេចព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះអង្គនឹងកម្ទេចអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់ ជាព្រះវិហារដ៏វិសុទ្ធ* គឺបងប្អូនហ្នឹងហើយជាព្រះវិហារនោះ។
18 សូមកុំបញ្ឆោតខ្លួនឯងឲ្យសោះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះត្រូវតែធ្វើជាមនុស្សលីលាសិន ដើម្បីឲ្យបានទៅជាអ្នកប្រាជ្ញ។ 19 ព្រះជាម្ចាស់ចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកមកថា «ព្រះអង្គយកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់»។ 20 មានចែងទុកទៀតថា «ព្រះអម្ចាស់ជ្រាបថាគំនិតរបស់ពួកអ្នកប្រាជ្ញគ្មានខ្លឹមសារអ្វីទេ»។
21 ហេតុនេះមិនត្រូវឲ្យនរណាម្នាក់អួតអាងដោយយកមនុស្សជាបង្គោលឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសម្រាប់បម្រើ បងប្អូន 22 ទោះបីប៉ូលក្តី លោកអប៉ូឡូសក្តី លោកកេផាសក្តី ពិភពលោកនេះក្តី ជីវិតក្តី សេចក្ដីស្លាប់ក្តី អ្វីៗដែលមាននៅពេលនេះ ឬនៅពេលអនាគតក្តី សុទ្ធតែសម្រាប់បម្រើបងប្អូនទាំងអស់។ 23 រីឯបងប្អូនវិញ បងប្អូនបម្រើព្រះគ្រីស្ត* ហើយព្រះគ្រីស្តបម្រើព្រះជាម្ចាស់។