ជំពូក ៦
អំពីការប្ដឹងផ្ដល់គ្នាក្នុងចំណោមពួកបងប្អូន
1 ក្នុងចំណោមបងប្អូន កាលណាម្នាក់ទាស់នឹងម្នាក់ទៀត ម្ដេចក៏ហ៊ានទៅរកចៅក្រមដែលមិនស្គាល់ព្រះជាម្ចាស់ឲ្យកាត់ក្តី មិនទុកឲ្យប្រជាជនដ៏វិសុទ្ធកាត់ក្តីវិញ! 2 បងប្អូនមិនជ្រាបទេឬថា ប្រជាជនដ៏វិសុទ្ធ*នឹងវិនិច្ឆ័យទោសពិភពលោកនេះ! ប្រសិនបើបងប្អូនវិនិច្ឆ័យទោសពិភពលោកដូច្នេះ ហេតុដូចម្ដេចបានជាបងប្អូនថា ខ្លួនមិនសមនឹងអារកាត់រឿងរ៉ាវដ៏តូចបំផុតនេះ? 3 បងប្អូនមិនជ្រាបទេឬ សូម្បីតែពួកទេវទូត* ក៏យើងវិនិច្ឆ័យទោសទៅហើយ ចុះទម្រាំបើរឿងរ៉ាវក្នុងជីវិតនេះវិញ ម្ដេចក៏យើងអារកាត់មិនកើត! 4 ពេលបងប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បងប្អូនទៅរកពួកអ្នកដែលព្រះសហគមន៍មិនរាប់រក ឲ្យមកកាត់ក្តីដូច្នេះ។ 5 ខ្ញុំនិយាយនេះ ដើម្បីឲ្យបងប្អូនអៀនខ្លួន។ ក្នុងចំណោមបងប្អូន តើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ? 6 បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿថែមទៀតផង! 7 គ្រាន់តែបងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ ខុសទាំងស្រុងទៅហើយ។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រាំនឹងអំពើអយុត្ដិធម៌? ហេតុអ្វីបានជាមិនព្រមឲ្យគេរឹបយកទ្រព្យរបស់បងប្អូន? 8 ផ្ទុយទៅវិញ គឺបងប្អូនទេតើដែលជាអ្នកប្រព្រឹត្តអំពើអយុត្ដិធម៌ ហើយរឹបយកទ្រព្យពីគេ ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួនថែមទៀត។ 9 បងប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្តអំពើទុច្ចរិត ពុំអាចទទួលព្រះរាជ្យ*ព្រះជាម្ចាស់ទុកជាមត៌កឡើយ! សូមបងប្អូនកុំយល់ច្រឡំឲ្យសោះ អស់អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសហាយស្មន់ ពួកជនពាល ពួកអ្នករួមសង្វាសនឹងភេទដូចគ្នា 10 ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថ ពួកប្លន់យកទ្រព្យគេ ពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កឡើយ។ 11 កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្តែ ព្រះជាម្ចាស់លាងសំអាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនវិសុទ្ធ ព្រមទាំងឲ្យបងប្អូនសុចរិត* ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ត* តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចហើយ។
សិទ្ធិសេរីភាពរបស់គ្រីស្តបរិស័ទ
12 ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ក៏ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍ដល់ខ្ញុំទេ។ ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន តែខ្ញុំមិនបណ្ដោយឲ្យអ្វីមួយធ្វើជាចៅហ្វាយលើខ្ញុំឡើយ។ 13 អ្នកខ្លះពោលថា «ចំណីអាហារសម្រាប់ចម្អែតក្រពះ ហើយក្រពះសម្រាប់ទទួលចំណីអាហារ»។ ប៉ុន្តែ ព្រះជាម្ចាស់នឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសម្រាប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ទេ គឺសម្រាប់ថ្វាយទៅព្រះអម្ចាស់ ហើយព្រះអង្គក៏ជាម្ចាស់លើរូបកាយដែរ។ 14 ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូជាអម្ចាស់ ឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រោសយើងឲ្យមានជីវិតរស់ឡើងវិញ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែរ។ 15 បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃព្រះកាយព្រះគ្រីស្ត? ដូច្នេះ តើគប្បីឲ្យខ្ញុំយកសរីរាង្គព្រះគ្រីស្ត ទៅធ្វើជាសរីរាង្គរបស់ស្ត្រីពេស្យាឬ? 16 ទេ មិនបានជាដាច់ខាត! តើបងប្អូនមិនជ្រាបទេឬថា អ្នកណារួមរ័កជាមួយស្ត្រីពេស្យា អ្នកនោះក៏រួមជារូបកាយតែមួយរបស់នាងដែរ ដ្បិតមានសេចក្ដីថ្លែងទុកក្នុងគម្ពីរថា «អ្នកទាំងពីរនឹងទៅជារូបកាយតែមួយ»។ 17 រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ ក៏មានវិញ្ញាណតែមួយរួមជាមួយព្រះអង្គដែរ។ 18 ចូរគេចឲ្យផុតពីអំពើប្រាសចាកសីលធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ត ជាអំពើបាបមិនធ្វើឲ្យរូបកាយសៅហ្មងទេ។ ប៉ុន្តែ អ្នកណាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ អ្នកនោះប្រព្រឹត្តអំពើបាប ដែលនាំឲ្យសៅហ្មងដល់រូបកាយរបស់ខ្លួន។ 19 បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូន ជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងបងប្អូន ជាព្រះវិញ្ញាណដែលបងប្អូនបានទទួលពីព្រះជាម្ចាស់។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ 20 ដ្បិតព្រះអង្គបានបង់ថ្លៃយ៉ាងច្រើនលើសលប់ ដើម្បីលោះបងប្អូន។ ហេតុនេះ ចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។